កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទស្តីពីថ្មពិលដាញ៉េលនិងថ្មពិលផ្លែឈើ ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ នៅបន្ទប់ពិសោធ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដែលដឹកនាំការពិសោធដោយអ្នកគ្រូ អាន វិជ្ជរ៉ា គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា។
ក្នុងការពិសោធលើប្រធានបទនេះដែរ អ្នកគ្រូ បានលើកយកចំណុចសំខាន់ៗ នៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណង នៃខ្លឹមសារ មេរៀនដែលទាក់ទងនឹងការពិសោធថ្មពិលដាញ៉េលនិងថ្មពិលផ្លែឈើ។ លើសពីនេះ អ្នកគ្រូបានបង្ហាញពីសម្ភារពិសោធមានដូចជា កែវប៊ែស៊ែ ស៊ីឡាំងក្រិតចំណុះ១០០០ml ក្រដាសជូតមាត់ សន្លឹក សង្ក័សី ទង់ដែង អ៊ីយ៉ុងទង់ដែង អ៊ីយ៉ុងសង្ក័សីជាដើម។ ក្រោយពីអ្នកគ្រូបានបង្ហាញអំពីសម្ភារៈសម្រាប់ពិសោធរួចមក អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធ ដោយបែងចែកសិស្សជាក្រុមដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ ទៅ០៥នាក់ ហើយក៏បានដឹកនាំសិស្សតាមក្រុមនីមួយៗអនុវត្តជាក់ស្តែង ដោយមានការជួយណែនាំបន្ថែមដល់ក្រុម នីមួយៗ។ បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតពីរបៀបពិសោធ និងដឹកនាំអនុវត្តការពិសោធរួចមក សិស្សានុសិស្សបានយល់ច្បាស់ពីមេរៀន ហើយសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់អ្នកគ្រូយ៉ាងយកចិត្តទុកដាក់រហូតទទួលបានលទ្ធផលល្អប្រសើរ និងសម្រេចវត្ថុបំណងតាមការរំពឹងទុក។