កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រារព្ធទិវាជាតិអំណានលើកទី២ប្រចាំឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់កញ្ញា ស៊ូ សុជាតា បណ្ណារក្សជាន់ខ្ពស់នៃបណ្ណាល័យ ម៉េងលី ជេ. គួច ស្ថិតនៅអគារ លីម គីមណយ និងគ្រប់អគារកុមារជាន់ទាល់ដី នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៣សាខា ដែលមានសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។
ទិវាជាតិអំណានលើកទី២ប្រចាំឆ្នាំ២០១៧នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកជំរុញលើកទឹកចិត្តសិស្សានុសិស្សរបស់ខ្លួនឱ្យមានទម្លាប់ឬវប្បធម៌អាន ហើយក៏ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងដល់សិស្សានុសិស្សឱ្យកាន់តែទូលំទូលាយ ជាពិសេសប្រារព្ធធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់វិស័យអំណានជាតិកម្ពុជាផងដែរ។
កម្មវិធីទិវាជាតិអំណានលើកទី២នេះ មានការបែងចែកជា២ប្រភេទរួមមាន កម្មវិធីសម្រាប់កុមារ និងកម្មវិធីសម្រាប់សិស្សថ្នាក់ធំ។ កម្មវិធីសម្រាប់កុមារ រួមមានកម្មវិធីអំណានសេរី, គំនូរលើផ្ទៃមុខ, គំនូរផាត់ពណ៌, កាត់និងបត់ក្រដាស, ការទទួលសៀវភៅឧបត្ថម្ភពីសប្បុរសជន, ការជ្រើសរើសសៀវភៅដែលទទួលបានប្រជាប្រិយភាពខ្ពស់ និងការជ្រើសរើសអ្នកអានវ័យក្មេង ឬអាចនិយាយបានថា តារាសៀវភៅ។ កម្មវិធីទី២ សម្រាប់សិស្សថ្នាក់ធំ គឺបណ្ណាល័យ ម៉េងលី ជេ. គួច បាននាំមកជូននូវកម្មវិធីជាច្រើនរួមមាន Book Share,
ការទទួលសៀវភៅឧបត្ថម្ភពីសប្បុរសជន, ការបរិច្ចាគសៀវភៅពីបណ្ណាល័យ ម៉េងលី ជេ. គួច, ការទទួលនូវការតាំងស្នាដៃតែងនិពន្ធរបស់សិស្សានុសិស្សពិព័រណ៍សៀវភៅនិងបណ្ណាល័យជាដើម។