កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីទិវាវប្បធម៌លើកទី១២ នៅសាខាចាក់អង្រែ នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង។
ពិធីនេះមានការអញ្ជើញចូលជាអធិបតីពីសំណាក់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក និងប្រធាន នៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង និងក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងសិស្សានុសិស្ស នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៣សាខា រួមទាំងសាធារណជនទូទៅយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនេះ ក៏មានការបង្ហាញទេពកោសល្យដ៏ល្អៗរបស់ប្អូនៗសិស្សានុសិស្សនៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដូចជាការសម្តែងរបាំជូនពរ ចម្រៀងបុរាណនិងសម័យ របាំគោះអង្រែ របាំផ្លយសួយ របាំបេះកាហ្វេ និងរបាំគោះត្រឡោកជាដើម។ ក្នុងកម្មវិធីនោះក៏មានដែរការសម្ដែងគុនល្បុក្កតោខ្មែរ ការសម្តែងរឿងខ្លីអប់រំ ការលេងល្បែងប្រជាប្រិយខ្មែរ ការលេងហ្គីតា និងការជួបជុំគ្នារាំលេងនូវចង្វាក់ប្រពៃណីយ៉ាងជក់ចិត្តបំផុតពីអ្នកចូលរួមកម្សាន្តជាច្រើន ពិសេសនោះក៏មានដែរពិធីស្រង់ព្រះ។ ជាងនេះទៅទៀត ក៏មានបណ្ដាក្រុមហ៊ុនចំនួន៦ ចូលរួមតាំងពិព័រណ៍ផងដែរ ក្នុងនោះរួមមាន Raffles International College, Annam Cambodia, Smart Mart, Mindbooks, Wing និង Kiddy Choice។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីក៏មានសិស្សានុសិស្សវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ម័គ្រចិត្តចំនួន៣១ក្រុម ធ្វើសកម្មភាពលក់ចំណីអាហារ និងភេសជ្ជៈ ក្រោមរូបភាពមូលនិធិ ម៉េងលី ជេ. គួច ដើម្បីកៀរគរថវិកាគាំពារកម្មវិធី “កង់១ ជីវិត១ ដើម្បីលើកស្ទួយវិស័យអប់រំកម្ពុជា”។
ហើយជាលទ្ធផលកម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ហើយបានបញ្ចប់ទៅវិញ ដោយភាពជោគជ័យ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងមានការរាំលេងកម្សាន្តជុំគ្នាពោរពេញដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាភាតរភាព។