អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនៅស្រុកវាលវែង ខេត្តពោធិ៍សាត់”
អត្ថបទដកស្រង់ដោយ : ជា ចាន់ស្រីរ័ត្ន
ស្រុកវាលវែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរសម្រុកធ្វើដំណើរមកកម្សាន្តកាន់តែច្រើនដោយសារតែសម្រស់ធម្មជាតិ ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាលអំណោយផល ជាពិសេសសម្រាប់ទេសចរណ៍បែបផ្សងព្រេង ។
ស្រុកវាលវែង បានជាប់ឈ្មោះជាស្រុកទេសចរណ៍ល្បី និងទាក់ទាញរបស់ខេត្តពោធិ៍សាត់។ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ ទឹកដីស្រុកវាលវែងកំពុងអភិវឌ្ឍខ្លួនលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋានតំបន់ទេសចរណ៍ ព្រៃ
ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត។ប្រសិនបើភ្ញៀវទេសចរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ នឹងបានទៅដល់រង្វង់មូលប្រមោយ ដែលជាទីរួមស្រុកវាលវែង។ ជម្រើសទីមួយ ប្រសិនបើធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើភ្នំផងដែរ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ ចេញពីរង្វង់មូលប្រមោយប្រមាណ៣០គីឡូម៉ែត្ររួចមក នឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ហើយនៅជើងភ្នំមានហាងកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់អមនឹងបរិយាកាសគួរជាទីគយគន់ បន្ទាប់មកមានផ្លូវបត់បែនឡើងទម្លុះដល់ឃុំថ្មដាដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។ បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតមាត់ផ្លូវធ្វើដំណើរមិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។
ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយគន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត។ ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់អ្នកទេសចរគ្រប់ៗគ្នា។
ចេញពីតំបន់ស្ទឹងមេទឹកនេះ ភ្ញៀវទេសចរអាចឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេងខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុទ្រ និងមានរបស់របរមួយចំនួនទៀត។ ក្រៅពីកន្លែងដែលបានរៀបរាប់ខាងលើ នៅមានរមណីយដ្ឋានស្អាតៗជាច្រើនទៀតនៅស្រុកវាលវែង ដែលតម្រូវចិត្តភ្ញៀវទេសចរចូលចិត្តថតរូបមិនជិនណាយ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.kampucheathmey.com/local-news