អត្ថបទព័ត៌មានស្តីពីការកម្សាន្ត៖
ក្រោមប្រធានបទ “ទេសចរលើប្រាសាទភ្នំបាខែង”
អត្ថបទដោយ : សោម សំរឹទ្ធ

ថ្ងៃលិចនៅលើភ្នំបាខែង
នាពេលបច្ចុប្បន្ននេះ មានកន្លែងជាច្រើនដែលអាចមើលថ្ងៃលិចបានក៏ពិតមែន តែភ្នំបាខែង ដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ នៅតែជាកន្លែងដ៏ពេញនិយមរបស់ភ្ញៀវទេសចរ ដែលប្រាថ្នាចង់មើលថ្ងៃលិចដ៏ស្រស់ស្អាត ពិសេសនារដូវប្រាំង។ ទៅដល់បរិវេណផ្នែកកំពូលភ្នំ ភ្ញៀវទេសចរអាចប្រើប្រាស់ជណ្ដើរផ្នែកខាងកើតសម្រាប់ឡើងទៅលើប្រាសាទ ដើម្បីរង់ចាំមើលថ្ងៃលិច ដែលមានពណ៌មាស និងក្រហមឆ្អៅ និងប្រើជណ្ដើរផ្នែកខាងត្បូងសម្រាប់ចុះវិញ។ ថ្ងៃលិចបានចាំងឆ្លុះស្រមោលខ្មៅ លាយពណ៌មាសលើកំពូលភ្នំបាខែង ដែលមានភ្ញៀវទេសចររាប់សិបនាក់ អង្គុយ និងកាន់កាំមេរ៉ាស្ទើរគ្រប់ដៃចាំផ្តិតរូបភាពទាំងនោះដោយមិនជិនណាយ។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងក៏បាន និងដោយមធ្យោបាយជិះដំរីក៏បាន ដើម្បីទៅដល់កំពូលភ្នំបាខែង។ នៅកំពូលភ្នំនេះមានទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្រៅពីចំណុចមើលថ្ងៃលិចនៅកំពូលប្រាសាទ។ ជាទូទៅ ភ្ញៀវទេសចរសរុបពី៣ ទៅ៤ពាន់នាក់ ដែលបានតម្រង់ជួរចាំលើភ្នំបាខែង ដើម្បីបានមើលថ្ងៃរះ។ នៅភ្នំបាខែង ក្រៅពីគយគន់ថ្ងៃលិចហើយនោះ ភ្ញៀវទេសចរក៏អាចមើលឃើញទិដ្ឋភាពផ្សេងៗនៅជុំវិញនោះផងដែរ រួមមានក្រុងសៀមរាប បារាយណ៍ទឹកថ្លា ប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង និងព្រលានយន្តហោះខេត្តសៀមរាប ជាដើម។ ល។
ប្រវត្តិប្រាសាទ
ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស. ក្នុងរាជកាលព្រះបាទ យសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំ រហូតដល់កំពូលនៃប្រាសាទមានកម្ពស់៧៨ម៉ែត្រ។ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក។ ប្រាសាទភ្នំបាខែង ជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជាប្រាសាទភ្នំ មានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះ ស្ថិតនៅខាងឆ្វែងដៃផ្លូវពីប្រាសាទអង្គរវត្ត ទៅប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះ កសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែង មានកំពស់៦៥ម៉ែត្រ។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់៤៥ម៉ែត្រ។ ប្រាសាទនេះ តំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ព្រះឥន្ទ នៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នាមុនពេលដែលពួកគេត្រូវបញ្ចប់ដំណើរទេសចរណ៍នៅលើទឹកដីខេត្តសៀមរាប មុនពេលដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចររាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូល។