លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី

ស្ថាបនិក និងប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​-អាមេរិក​ គឺជា​អ្នកឯកទេស​ខាង​អប់រំ​ ជា​ជន​ស្នេហាជាតិ​ និង​ជា​សហគ្រិន​មួយ​រូប​។ បច្ចុប្បន្ន​នេះ​ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យួ​ខេ​សិន​ ដែល​ជា​ស្ថាប័ន​ផ្តល់​សេវា​អប់រំ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ លើស​ពីនេះ​ទៀត​ លោក​គឺជា​ ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ប្រធាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រសិទ្ធ​ភាព​ហ្វា​យនែន​ ភី​អិ​លស៊ី​។ ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ឆ្នាំ២០១៣​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រសិទ្ធ​ភាព​ហ្វា​យនែន​ ភី​អិ​លស៊ី​ បាន​ពង្រីក​ខ្លួន​បាន​បួន​សាខា​ នៅ​តាម​បណ្តា​ខេត្ត​/ក្រុង​ផ្សេង​ៗគ្នា​។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Berkeley​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​ ដែល​ជា​កន្លែង​លោក​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ Pre​-Med​ Studies​ នៅ​ឆ្នាំ១៩៩១​។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ពី​ សាកល​វិទ្យាល័យ​ Spartan​ Health​ Sciences​ នៃ​រដ្ឋ​ New​ Mexico​ សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ១៩៩៨​ ដោយ​ទទួល​បាន​សញ្ញាបត្រ​ផ្នែក​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​ផង​ដែរ​។ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ បាន​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ​ ក្នុង​ឆ្នាំ​ ២០០៧​ ពីសា​កល​វិទ្យាល័យ​ Massachusetts​ Amherst​ ក្នុង​ក្រុង​ Amherst​ រដ្ឋ​ Massachusetts​ សហរដ្ឋអាមេរិក​ ។

លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ​បាន​ធ្វើការ​ជា​គ្រូ​វិទ្យាសាស្រ្ត​ បង្រៀន​ នៅ​ដេ​ប៉ាតឺ​ម៉ង់​ វិទ្យាសាស្ត្រ​ស្តី​ពី​រូបរាងកាយ​ និង​ជីវិត​ នៃ​មហាវិទ្យាល័យ​ Cleveland​ Chiropractic​ ក្នុង​ទីក្រុង​ Los​ Angeles​ រដ្ឋ​ California​ អស់​មួយរយៈពេល​ មុន​ពេល​ដែល​លោក​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ២០០២​ ក្នុងនាម​ជា​អ្នក​ប្រឹក្សា​យោបល់​នៃ​គម្រោង​ “Integrated​ Management​ of​ Childhood​ Illness​” (IMCI​) និង​សុខភាព​សាធារណៈ​របស់​អង្គការ​ “ដៃ​គូរ​ដើម្បី​អភិវឌ្ឍ​” ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Maryland​ សហរដ្ឋអាមេរិក​។ ក្រោយមក​ លោក​បាន​កាន់​តំណែង​ជា​សាស្ត្រា​ចារ្យ​រង​ ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ នៃ​មហាវិទ្យាល័យ​ គណិត​សាស្រ្ត​ វិទ្យាសាស្រ្ត​ និង​វិស្វកម្ម​ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​ ហើយ​លោក​ក៏បាន​កាន់​តំណែង​ជា​ស្ថាបនិក​ ព្រឹទ្ធបុរស​ និង​ជា​សាស្រ្តា​ចារ្យ​រង​ ផ្នែក​សុខភាព​សាធារណៈ​ នៃ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​ នៅ​សាកល​វិទ្យាល័យ​កម្ពុជា​ មុន​ពេល​លោក​បង្កើត​ ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ នា​ឆ្នាំ​ ២០០៥​។