អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “បច្ចេកវិទ្យារ៉ូបូត ក្នុងវិស័យគមនាគមន៍”
អត្ថបទដកស្រង់ដោយ : លួន ស្រីទូច
#MJQE #AmericanInterconSchool
បច្ចេកវិទ្យាកំពុងតែរីកចម្រើនលើគ្រប់វិស័យ រាប់បញ្ចូលទាំងវិស័យអប់រំ យោធា ពាណិជ្ជកម្ម កម្សាន្ត សុខាភិបាល និងវិស័យគមនាគមន៍ជាដើម។ ការវិវត្ត និងការលូតលាស់របស់បច្ចេកវិទ្យាបានឈានដល់ដាក់បញ្ចូលប្រព័ន្ធ និងឧបករណ៍វៃឆ្លាត រ៉ូបូត ក្នុងដំណើរការគ្រប់គ្រងវិស័យផ្សេងៗជាច្រើន។ ងាកមកមើលលើបច្ចេកវិទ្យាទំនើបនៅប្រទេសផ្សេងបានផលិតឧបករណ៍រ៉ូបូត ដែលអាចជួយការងារដល់មនុស្សបានយ៉ាងច្រើន ហើយងាយស្រួលក្នុងការធ្វើការរហ័ស ទាន់ពេលវេលាក្នុងការធ្វើអ្វីមួយ។
ឧបករណ៍រ៉ូបូតនេះមានច្រើនប្រភេទទៅតាមការផលិតរបស់អ្នកវិទ្យាសាស្រ្ត ដែលមើលឃើញការងារណាដែលលំបាកសម្រាប់មនុស្សក្នុងការធ្វើការងារ ដូចជាការចូលទៅពិនិត្យក្នុងប្រព័ន្ធលូ ធ្វើឱ្យមនុស្សពិបាកដកដង្ហើម ការធ្វើការងារនេះត្រូវចំណាយពេលវេលាយូរក្នុងការតាមដានការខូចខាត កកស្ទះក្នុងប្រព័ន្ធលូ ដែលជាហេតុធ្វើឱ្យមនុស្សមានការលំបាកខ្លាំងទៅលើការងារមួយនេះ។ ដូចនេះការប្រើប្រាស់រ៉ូបូតមានសារប្រយោជន៍ណាស់ក្នុងការជួយ និងជំរុញឱ្យការងារកាន់រលូន និងទាន់ពេលវេលា។
ជាក់ស្តែងនាពេលថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតជាលើកដំបូង ដើម្បីត្រួតពិនិត្យប្រព័ន្ធលូទឹកភ្លៀង និងទឹកកង្វក់ ដោយម៉ាស៊ីននេះមានមុខងារភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង និងការកកស្ទះកាកសំណល់ផ្សេងៗ។ ការដាក់ដំណើរការឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតនេះ ធ្វើឡើងនាឱកាសលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.postkhmer.com/tech-and-automobile/2022-09-14-1150-241007.html