កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ចាងហ្វាងរដ្ឋបាលអប់រំ និងប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានធ្វើបទបង្ហាញស្ដីពី “ការបំពេញពាក្យសុំជ្រើសរើសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០១៧-២០១៨” ដល់សិស្សានុសិស្សថ្នាក់ទី១២ ដោយលោកស្រី សាត សារឿន។ លោកស្រីបានប្រាប់ពីគន្លឹះបំពេញពាក្យអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រឱ្យបានត្រឹមត្រូវ ហើយសិស្សានុសិស្សមុននឹងសម្រេចសរសេរនៅក្នុងសំណុំពាក្យស្នើសុំអាហារូករណ៍ ប្អូនៗត្រូវគិតឱ្យបានច្បាស់លាស់ និងសិក្សាឱ្យបានគ្រប់ចំណុចក្នុងសៀវភៅកម្រងព័ត៌មាន។
បើសិនមិនច្បាស់ចំណុចណាមួយនោះ ប្អូនៗអាចសាកសួរលោកគ្រូ អ្នកគ្រូ ដែលពាក់ព័ន្ធ ឬមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តជាដើម។ លើសពីនេះ ប្អូនៗត្រូវបំពេញសំណុំពាក្យរបស់ខ្លួនឱ្យបានគ្រប់ចំណុច ត្រឹមត្រូវ និងច្បាស់លាស់ ដោយផ្សារភ្ជាប់នឹងឯកសារឱ្យបានគ្រប់ចំនួន។ បើសិនបេក្ខជនបំពេញសំណុំពាក្យមិនបានត្រឹមត្រូវ និងគ្រប់ចំណុចទេ នោះសុំណុំពាក្យបេក្ខជននឹងចាត់ទុកជាឥតបានការ។
ឆ្នាំនេះបេក្ខជនម្នាក់មានសិទ្ធិសុំអាហារូករណ៍បានពីរមុខជំនាញ ដោយបង់លេខអារ៉ាប់តាមលំដាប់លំដោយពីលេខ១ ដល់២៥១ ដូចនៅក្នុងសៀវភៅបញ្ជីព័ត៌មាន ហើយប្អូនៗអាចទទួលអាហារូបករណ៍បានតែមួយមុខជំនាញប៉ុណ្ណោះ។ ចំពោះមុខជំនាញទាំងពីរនេះ បេក្ខជនអាចជ្រើសចេញពីគ្រឹះស្ថានឧត្តមសិក្សាតែមួយ ឬក៏គ្រឹះស្ថានឧត្តមសិក្សាពីរផ្សេងគ្នាបាន។
បញ្ជាក់បន្ថែមថា ការបំពេញសំណុំពាក្យអាហារូបករណ៍នេះ មិនត្រូវសរសេរប៊ិកពណ៌ផ្សេងគ្នាឡើយ ហើយក៏មិនត្រូវកោសលុប ឬប្រើទឹកលុប និងមិនត្រូវសរសេរត្រួត ឬក៏លើគ្នាជាដើម។ ចំពោះសិស្សពូកែទូទាំងប្រទេសផ្នែកគណិវិទ្យា រូបវិទ្យា និងអក្សរសាស្ត្រដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ ខាងមុខនេះ គឺមានសិទ្ធិជាប់អាហារូបករណ៍ដោយស្វ័យប្រវត្តិចំនួនមួយកន្លែង ហើយចូលរៀនតាមផ្នែកដែលខ្លួនពូកែដូចបានកំណត់ក្នុងសៀវភៅកម្រងព័ត៌មាន។ ចំពោះសិទ្ធិនេះ គឺរក្សាទុកនៅពេលណាសិស្សពូកែទាំងនោះ មកដាក់ពាក្យអាហារូបករណ៍នៅតាមមន្ទីរអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៧។ ប៉ុន្តែក្នុងករណីសិស្សពូកែទាំងនោះ មិនចង់ទទួលអាហារូបករណ៍ដោយស្វ័យប្រវត្តិដូចនៅក្នុងសៀវភៅកម្រងព័ត៌មានកំណត់ទេ សិស្សពូកែទាំងនោះ ត្រូវដាក់ពាក្យសុំអាហារូបករណ៍នៅតាមវិទ្យាល័យ ឬមន្ទីរអប់រំ យុវជន និងកីឡា ដូចនឹងសិស្សដទៃដែរ៕