កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ប្រធានរដ្ឋបាលសាលា និងចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានធ្វើបទបង្ហាញស្ដីពី “ការបំពេញពាក្យសុំជ្រើសរើសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២២-២០២៣ ដោយមិនបង់ថ្លៃសិក្សា១០០%” ដល់សិស្សានុសិស្សថ្នាក់ទី១២ ។ គណៈកម្មការបានប្រាប់ពីគន្លឹះបំពេញពាក្យអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រឱ្យបានត្រឹមត្រូវ ហើយសិស្សានុសិស្សមុននឹងសម្រេចសរសេរនៅក្នុងសំណុំពាក្យស្នើសុំអាហារូករណ៍ ប្អូនៗត្រូវគិតឱ្យបានច្បាស់លាស់ និងសិក្សាឱ្យបានគ្រប់ចំណុចក្នុងសៀវភៅកម្រងព័ត៌មាន។ បើសិនមិនច្បាស់ចំណុចណាមួយនោះ ប្អូនៗអាចសាកសួរលោកគ្រូ អ្នកគ្រូ ដែលពាក់ព័ន្ធ ឬមន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តជាដើម។ លើសពីនេះ ប្អូនៗត្រូវបំពេញសំណុំពាក្យរបស់ខ្លួនឱ្យបានគ្រប់ចំណុច ត្រឹមត្រូវ និងច្បាស់លាស់ ដោយផ្សារភ្ជាប់នឹងឯកសារឱ្យបានគ្រប់ចំនួន។ បើសិនបេក្ខជនបំពេញសំណុំពាក្យមិនបានត្រឹមត្រូវ និងគ្រប់ចំណុចទេ នោះសុំណុំពាក្យបេក្ខជននឹងចាត់ទុកជាឥតបានការ។ ចំពោះមុខជំនាញ បេក្ខជនអាចជ្រើសចេញពីគ្រឹះស្ថានឧត្តមសិក្សាតែមួយ ឬក៏គ្រឹះស្ថានឧត្តមសិក្សាផ្សេងៗគ្នាបាន។ បញ្ជាក់បន្ថែមថា ការបំពេញសំណុំពាក្យអាហារូបករណ៍នេះ មិនត្រូវសរសេរប៊ិកពណ៌ផ្សេងគ្នាឡើយ ហើយក៏មិនត្រូវកោសលុប ឬប្រើទឹកលុប និងមិនត្រូវសរសេរត្រួត ឬក៏លើគ្នាជាដើម។