កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានសហការជាមួយនឹងវិទ្យាស្ថានខេមអេដ (CamEd) បានរៀបចំបទបង្ហាញស្តីអំពី “អាជីពគណេនេយ្យ និងសវនកម្ម” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក និងវេនរសៀល។ លោក ខេស៊ី បាណែត នាយកនៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បានលើកឡើងដោយសង្កត់ធ្ងន់ថា ធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្មគឺជាធនធានដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយជាធាតុមួយដ៏ចាំបាច់សម្រាប់ជួយពង្រឹងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មតាមរយៈតម្លាភាព គណនេយ្យភាព និងត្រឹមត្រូវនៃរបាយការណ៍។ ដោយឡែក ទីផ្សារមូលប័ត្របានបើកឱ្យដំណើរការដោយជោគជ័យតាមគោលនយោបាយរបស់រដ្ឋាភិបាលក៏ត្រូវការយ៉ាងចាំបាច់បំផុតនូវធនធានមនុស្សដែលមានចំណេះដឹងខាងផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់វិស័យថ្មីនេះ ក៏ដូចជាការចូលរួមដើម្បីកំណើនខឿនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
លោក ខេស៊ី បាណែត បានសំណូមពរដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀនសូត្រឱ្យកាន់តែបានលទ្ធផលល្អ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំផ្សេងៗទៀតទូទាំងសកលលោកសំដៅបំពេញឱ្យបាននូវផែនការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាទីបញ្ចប់ លោកខេស៊ី បាណែត ក៏បានជូនពរប្អូនៗឱ្យទទួលបានលទ្ធផលល្អចំពោះការសិក្សានាពេលឆាប់ៗខាងមុខនេះ ហើយសិស្សានុសិស្សទទួលបាននូវពន្លឺជាច្រើនក្នុងការជ្រើសរើសមុខជំនាញក្រោយការប្រឡងបាក់ឌុប។