ដោយឈរលើបាវចនា “គុណភាព វិន័យ និងសេវាកម្ម” វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេមួយនៅកម្ពុជាដែរផងនោះ មិនត្រឹមតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍគុណភាព អប់រំ និងសមត្ថភាពសិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណវុឌ្ឍិ ស្របតាមស្ដង់ដារអន្តរជាតិ និងបទដ្ឋាននៃគោលការណ៍អប់រំជាតិប៉ុណ្ណោះទេ ប៉ុន្ដែសូម្បីតែការអភិវឌ្ឍបុគ្គលិកលក្ខណៈសមត្ថភាព និងចំណេះជំនាញប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកខ្លួន ក៏វិទ្យាស្ថាន និងសាលារៀន កូនកាត់មួយនេះមិនបានមើលរំលងឡើយ។
មិនបានមើលរំលងដោយហេតុថា ជារឿយៗគណៈគ្រប់គ្រង ពិសេសស្ថាបនិកនៃវិទ្យាស្ថាន និងសាលារៀន នេះតែម្ដង នោះគឺលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តែងផ្ដល់ឱកាសដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ទូទៅទាំងអស់ដើម្បីទទួលបានឱកាសចូលរួមទស្សនកិច្ចសិក្សា ស្រាវជ្រាវ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាលបំណិនជីវិតខ្លីៗ មិនថាក្នុងស្ថាប័ន ឬក្នុងនិងក្រៅប្រទេសឡើយ។
ជាក់ស្ដែងកាលពីថ្ងៃទី៣១ ខែមីនា ២០១៧ បុគ្គលិក៤រូប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានធ្វើដំណើរទស្សនកិច្ចសិក្សារយៈពេល៨ថ្ងៃ ពោលចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ទៅប្រទេស New Zealand ដើម្បីឈ្វេងយល់ពីប្រព័ន្ធ បច្ចេកទេស ក៏ដូចជាគុណភាពវិស័យអប់រំនៃប្រទេសនោះផងដែរ។
សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចសិក្សានោះ សិក្ខាកាមទាំងអស់បានទៅធ្វើទស្សនកិច្ចសិក្សានៅស្ថាប័នអប់រំល្បីៗចំនួន៧ នៃប្រទេស New Zealand ។ ស្ថាប័នអប់រំទាំងនោះរួមមាន Auckland University of Technology, Taylor Collect of Auckland, ACG Pathway Auckland, ACG Parnell College, Asia New Zealand Foundation, Study Wellington និង New Lands College Wellington ព្រមទាំងទីក្រុងពីរទៀតនៃប្រទេស New Zealand នោះគឺទីក្រុង Auckland និងទីក្រុង Wellington។ នេះបើតាមអះអាងពីលោក ហែម សុធារី មន្ត្រីប្រតិបត្តិការជាន់ខ្ពស់នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ថ្លែងប្រាប់ក្រុមការងារ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ពីប្រទេស New Zealand ខណៈលោកកំពុងធ្វើទស្សនកិច្ចសិក្សានៅទីនោះ។
គួររម្លឹកជូនថា ដំណើរទស្សនកិច្ចសិក្សាលើកនេះ គឺផ្ដោតជាសំខាន់ទៅហេដ្ឋារចនាសម្ពន្ធ័ និងប្រព័ន្ធអប់រំជាសំខាន់ ដែលក្នុងនោះរួមមានរដ្ឋបាលគ្រប់គ្រងប្រព័ន្ធអប់រំ, គោលការណ៍អប់រំប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាពខ្ពស់, បំណែងចែកគោលនយោបាយអប់រំតាមកម្រិតសិស្ស, វិធីសាស្ត្រកំណត់ទិសដៅអប់រំ និងផែនការអប់រំនៃស្ថាប័ននីមួយៗជាដើម៕
រូបភាព និងអត្ថបទយកពីសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ