អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “
ប្រញាប់ប្រើវិធីនេះលើទូរសព្ទភ្លាម”

អត្ថបទដោយ : ហុកសេង ប៊ុនឈឿន
បើទោះបីជាមានកម្មវិធីមួយចំនួនដូចជា Spyware ដែលជាមេរោគលួចចូលយកទិន្នន័យសំខាន់ៗពីក្នុងទូរសព្ទបានក្ដី។ យ៉ាងណាមិញ ក្នុងនាមយើងជាម្ចាស់ទូរសព្ទ មិនថាជាប្រព័ន្ធ iOS ឬ Android យើងក៏អាចការពាររបស់ប្រើប្រាស់ផ្ទាល់ខ្លួននេះពីក្រុម Hacker បានដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តការពារ Hacker លួចយកទិន្នន័យពីទូរសព្ទរបស់លោកអ្នក៖
១. រក្សាទូរសព្ទឱ្យមានសុវត្ថិភាព : យើងអាចកាត់បន្ថយហានិភ័យពីមេរោគទាំងនោះបាន ដោយត្រូវប្រាកដថា ទូរសព្ទរបស់យើងប៉ះតែមនុស្សដែលយើងទុកចិត្ត និងស្គាល់គេច្បាស់ប៉ុណ្ណោះ។ បើមានមនុស្សណាម្នាក់មានបំណងចង់ធ្វើចារកម្មនៅលើទូរសព្ទដោយមិនប៉ះវា នោះជារឿងលំបាកណាស់ក្នុងការដំឡើង Spyware ដោយមិនបានប្រើទូរសព្ទយើងផ្ទាល់។
២. ត្រូវមានលេខកូដពេលចូលប្រើ : វិធីនេះងាយៗ មិនពិបាក គ្រាន់តែចាក់សោទូរសព្ទរបស់អ្នក ដោយប្រើពាក្យសម្ងាត់ កូដ PIN ឬស្នាមក្រយ៉ៅដៃ ដែលមានសុវត្ថិភាពបំផុត ហើយបើកការផ្ទៀងផ្ទាត់សម្រាប់ការដំឡើងកម្មវិធីផ្សេងៗ។
៣. ដំឡើងតែកម្មវិធីដែលទុកចិត្តប៉ុណ្ណោះ : នៅពេលជ្រើសរើសកម្មវិធីនៅក្នុង App Store រកមើលកម្មវិធីដែលអាចទុកចិត្តបានជាមួយនឹងមូលដ្ឋានអ្នកប្រើប្រាស់ដែលបានបង្កើតឡើងយ៉ាងល្អ និងមានការធានាច្បាស់លាស់។ សូមប្រុងប្រយ័ត្នជាពិសេស ជាមួយកម្មវិធីសាមញ្ញដូចជាម៉ាស៊ីនគិតលេខ ដែលអាចត្រូវបានដាក់បញ្ចូលគ្នាយ៉ាងរហ័សដើម្បីលាក់ spyware ។ ដូចដែលយើងបានឃើញជាមួយនឹងកម្មវិធី VPN ឥតគិតថ្លៃ ការទាញយកច្រើន និងការវាយតម្លៃរបស់អ្នកប្រើប្រាស់ល្អ មិនមែនជាសញ្ញានៃការជឿទុកចិត្តបំផុតនោះទេ។
៤. ត្រូវប្រយ័ត្នជាមួយតំណចូល : មធ្យោបាយងាយស្រួលបំផុតរបស់ក្រុម Hacker ក្នុងការដំឡើង Spyware ពីចម្ងាយ គឺបញ្ចុះបញ្ចូលម្ចាស់ទូរសព្ទឱ្យដំឡើងវា។ ក្នុងឧទាហរណ៍មួយ មនុស្សនៅក្នុងប្រទេសវៀតណាម ត្រូវបានផ្ញើតំណភ្ជាប់ទៅកាន់កម្មវិធីដែលត្រូវបានសម្របសម្រួលនៅក្នុង Google Play Store ហើយបានបញ្ចុះបញ្ចូលឱ្យទាញយកពួកវា។ ដោយសារតែកម្មវិធីមាននៅក្នុងហាងផ្លូវការ អ្នកប្រើប្រាស់ជាច្រើនបានជឿជាក់ខ្លាំង។ សូមប្រយ័ត្នជាមួយសារ SMS ដែលមិននឹកស្មានដល់មួយចំនួន ព្រោះពួកវាធ្លាប់បានប្រើដើម្បីធ្វើឱ្យគាំង iPhone និងជ្រៀតចូលទូរសព្ទ Android បានយ៉ាងរហ័ស។
៥. ធានាសុវត្ថិភាពទិន្នន័យ : ប្រើពាក្យសម្ងាត់ដ៏រឹងមាំ និងមិនងាយមានអ្នកណា Hack យកបានសម្រាប់គណនីអនឡាញរបស់យើងទាំងអស់។ ប្រសិនបើមានមនុស្សណាម្នាក់ស្គាល់ពាក្យសម្ងាត់ iCloud របស់អ្នក ពួកគេអាចចូលប្រើទិន្នន័យពីចម្ងាយក្នុងទូរសព្ទរបស់យើង ដោយប្រើដំណោះស្រាយដូចជា Cocospy ជាដើម។
៦. កុំ Jailbreak ឬ Root លើទូរសព្ទផ្ដេសផ្ដាស : វានឹងមានសុវត្ថិភាពជាង ប្រសិនបើឧបករណ៍របស់អ្នកដំណើរការទាំងស្រុងនៅក្នុងការការពារនៃប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Spyware អាចត្រូវបានដំឡើងយ៉ាងងាយស្រួលជាងមុននៅលើទូរស័ព្ទដែលបានចាក់ឬស និង jailbreak ហើយឧបករណ៍របស់អ្នក អាចងាយនឹងមានមេរោគ។ ដូច្នេះកុំចេះតែធ្វើអីលើទូរសព្ទផ្ដេសផ្ដាស ប្រសិនបើយើងមិនស្គាល់ ឬដឹងច្បាស់ពីប្រភពនោះច្បាស់ការនោះទេ។
៧. ទូរសព្ទត្រូវអាប់ដេតជានិច្ច : ការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទដៃ អាចធ្វើឱ្យសុវត្ថិភាពប្រសើរឡើងដោយលុបគុណវិបត្តិដែលត្រូវបានរកឃើញចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយ។ ការអាប់ដេត iOS បានទាន់ពេល នឹងត្រូវបានការពារពីក្រុមហ៊ុន Apple ប្រសិនបើវាត្រូវបាន Jailbreak ពីមុនមក។
៨. គ្រប់គ្រងការអនុញ្ញាត និងតឹងរ៉ឹងលើទូរសព្ទ : កុំផ្តល់ការអនុញ្ញាតឱ្យកម្មវិធីប្រើប្រាស់ទីតាំងរបស់យើង ឬចូលប្រើរូបថតដោយគ្មានហេតុផល។ សូមប្រយ័ត្នជាមួយកម្មវិធីផ្លូវការមួយចំនួន ក៏ជានុយទាក់អ្នកនិយមប្រើស្មាតហ្វូននាសម័យនេះដែរ។ កម្មវិធី Find My Friends នៅលើ iPhone អាចត្រូវបានប្រើដើម្បីកំណត់ទីតាំងមនុស្ស និងឧបករណ៍ ហើយកម្មវិធី Find My Device និង Family Link របស់ Google ធ្វើដូចគ្នានៅលើ Android៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.kampucheathmey.com/tech/251164/