កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលាបានរៀបចំកម្មវិធីបំណិនជីវិតស្តីពីការធ្វើបាយឆា ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី៦ “ឃ” វេនព្រឹក និងវេនរសៀល ដែលដឹកនាំដោយ អ្នកគ្រូ ហន សុភឿង ដែលធ្វើឡើងនៅទីធ្លាអគារងិន ហួយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ អ្នកគ្រូបានបង្ហាញពីឈ្មោះអាហារដែលត្រូវធ្វើ សម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបធ្វើបាយឆាទៅតាមដំណាក់កាល។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារ និងភ្លក្សរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ ហើយអ្នកគ្រូបានទាំងចែករំលែកនូវវិធីសាស្រ្តដើម្បីធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។
បន្ទាប់ពីអាហារត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួសអាហារដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាអាហារដែលបានចម្អិនទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។ ជាលទ្ធផល សិស្សានុសិស្សបានយល់ដឹងពីការចម្អិនម្ហូបអាហារ ចេះធ្វើអាហារបាយឆា និងថែមទាំងជួយឱ្យសិស្សមានសាមគ្គីភាពជាមួយមិត្តរួមថ្នាក់កាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះទៅទៀតក៏អាចយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។