កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ លោកគ្រូ ញាណ សុវណ្ណតារាបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ “ក” វេនព្រឹក និងវេនរសៀលរៀនធ្វើភ្លៅមាន់បំពងនៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកគ្រូបានបង្ហាញពីរបៀបធ្វើភ្លៅមាន់បំពងដោយយកភ្លៅមាន់ដាក់ស្ងោរឱ្យឆ្អិនផុយបន្តិច ចោះពងមាន់លាយជាមួយទឹកដោះគោឱ្យសព្វល្អ ចាក់ម្ស៉ៅបំពង អំបិល ម្ស៉ៅស្រួយ និងម្ស៉ៅស៊ុបខ្នរលាយចូលគ្នាឱ្យសព្វ។ ដាក់ប្រេងឆាក្នុងខ្ទះកម្ដៅឱ្យពុះស្រួល រួចយកភ្លៅមាន់ច្របល់នឹងពងមាន់ដែលយើងលាយជាមួយទឹកដោះគោ ដើម្បីឱ្យមានសំណើម បន្ទាប់មកយកទៅប្រឡាក់ជាមួយម្ស៉ៅបំពងដែលយើងបានលាយទុក រួចហើយដាក់ចូលក្នុងខ្ទះខ្លាញ់។ ក្រោយពេលបង់ភ្លៅមាន់ចូលក្នុងខ្លាញ់រួច យើងរង់ចាំដល់ភ្លៅមាន់ឡើងពណ៌ក្រហមល្មម ស្រង់ចេញពីខ្ទះជាការស្រេច។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមធ្វើភ្លៅមាន់បំពងហើយព្រមទាំងបានភ្លក្សរសជាតិអាហារប្រកបដោយភាពសប្បាយរីករាយ។ លោកគ្រូបានចែករំលែកនូវវិធីសាស្រ្តក្នុងការធ្វើភ្លៅមាន់បំពង ដើម្បីធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីភ្លៅមាន់បំពងត្រូវបានធ្វើរួចរាល់ហើយ លោកគ្រូ និងអ្នកគ្រូបានបង្ហាញពីរបៀបរៀបចំអាហារដាក់ចានឱ្យបានត្រឹមត្រូវ មានបរិមាណសមរម្យ និងមានសោភ័ណភាព ព្រមទាំងញុំាអាហារដែលបានធ្វើនោះទាំងអស់គ្នាដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។ ប្រសិនបើចង់ឱ្យភ្លៅមាន់បំពងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ យើងអាចដាក់សាឡាដទ្រាប់ពីក្រោម ឬអាចបរិភោគជាមួយដំឡូងបារាំងបំពងជាដើម។ លើសពីនេះទៅទៀតក៏អាចយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ