កាលពីថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰកម្មវិធីប្រកួតចំណេះដឹងភូមិសាស្រ្តជាតិម៉េងលី ជេ. គួច លើកទី6 វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដែលមានការអញ្ជើញចូលរួមពីសំណាក់សិស្សានុសិស្សដែលប្រកួតជាប់ក្នុងវគ្គជម្រុះទី២ ទាំង៣សាខានៅសាលប្រជុំ ផល គួច សាលាររៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ចែកជាបីដំណាក់កាល ដែលដំណាក់កាលទី១ មានបេក្ខជនជាប់វគ្គជុំទី១ បានមកចូលរួមប្រកួតប្រជែងគ្នាយ៉ាងសកម្ម និងស្វិតស្វាញបំផុតដោយឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រឹតពីសំណាក់គណៈមេប្រយោគដែលជាលោកគ្រូ អ្នកគ្រូមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា។ ដំណាក់កាលទី២ មានបេក្ខជនជាប់ចំណាត់ថ្នាក់ដែលត្រូវឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ។ នៅចុងបញ្ចប់នៃការប្រកួត គណៈមេប្រយោគបានរកឃើញសិស្សដែលជាប់ជ័យលាភីក្នុងការប្រកួតចំនួន៣រូប ក្នុងចំណោមបេក្ខជន និងបេក្ខនារីថ្នាក់ទី៧ ដល់ទី១២ ក្នុងនោះជ័យលាភីលេខ១ បានទៅលើសិស្សឈ្មោះ លិ គឹមយីជាសិស្សថ្នាក់ទី១១ “ក” (ម៉ៅសេទុង) ជ័យលាភីលេខ២ បានទៅលើសិស្សឈ្មោះ យ៉ាង ស៊ុនម៉េងជាសិស្សថ្នាក់ទី១១ “ក” (ម៉ៅសេទុង) និងជ័យលាភីលេខ៣ បានទៅលើសិស្សឈ្មោះ ណុច រក្សាជាសិស្សថ្នាក់ទី១០ “ក” (ចាក់អង្រែ) ដែលពួកគេទាំង៣នាក់សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់លើចំណេះដឹងភូមិសាស្រ្តជាតិជាពិសេសមានភាពក្លាហាន និងមានទំនុកចិត្ដលើខ្លួនឯង។ ជាចុងក្រោយកម្មវិធីក៏ត្រូវបានបញ្ចប់ ហើយក៏បានរកឃើញនូវម្ចាស់ជ័យលាភីដែលមានសមត្ថភាពនៅក្នុងដឹងភូមិសាស្រ្តជាតិដែលពោរពេញទៅដោយសមត្ថភាព។ ដោយកម្មវិធីនេះមានប្រយោជន៍បែបនេះ សាលានឹងរៀបចំកម្មវិធីនេះនៅលើកក្រោយៗទៀត ដើម្បីជួយលើកស្ទួយការអាន ឱ្យមានភាពរីកចម្រើនតទៅ។