កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទ “ប្រតិកម្មរវាងអ៊ីយ៉ុងI-ជាមួយ H2O2” ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៅបន្ទប់៦០២ អគារគួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលដឹកនាំពិសោធដោយលោកគ្រូ សុន ច័ន្ទធីរិទ្ធ គ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា។
ក្នុងការពិសោធលើប្រធានបទនេះដែរ លោកគ្រូ សុន ច័ន្ទធីរិទ្ធ បានលើកយកចំណុចសំខាន់ៗ នៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងគ្រប់ៗគ្នា ពីគោលបំណងនៃដំណើរការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធមានដូចជា កែវជ័រថ្លា ទឹកលាងរបួស កែវបេស៊ែចំណុះ ១៥០មីលីលីត្រ ចំនួនបី ចង្កឹះ ក្រូណូម៉ែត និងឈើគូសជាដើម ដើម្បីឱ្យដំណើរការអនុវត្តពិសោធប្រតិកម្មរវាងលោហៈជាមួយ សូលុយស្យុងអាស៊ីត និងប្រតិកម្មជំនួសលោហៈក្នុងសូលុយស្យុងអំបិលទទួលបានជោគជ័យ។
បន្ទាប់ពីលោកគ្រូបានបង្ហាញជូនពីដំណើរការពិសោធ និងបានពន្យល់ណែនាំលម្អិតពីទ្រឹស្តីពិសោធរួចមក លោកគ្រូក៏បានធ្វើការបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ ទៅ០៥នាក់។ បន្ទាប់មក សិស្សានុសិស្សតាមក្រុមនីមួយៗក៏បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមានការណែនាំពីសំណាក់លោកគ្រូ រហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចវត្ថុបំណងដូចដែលបានរំពឹងទុក។