កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ សុន ច័ន្ទធីរិទ្ធ គ្រូបង្រៀនមុខវិជ្ជា គីមីវិទ្យា និងលោកគ្រូជំនួយពិសោធ បានបង្រៀនមុខវិជ្ជាគីមីវិទ្យាលើមេរៀន “ប្រតិកម្មរវាយលោហៈជាមួយអាស៊ីត” ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) វេនព្រឹក និងរសៀល នៅបន្ទប់៦០២
នៅក្នុងសកម្មភាពបង្រៀននោះលោកគ្រូ បានលើកយកចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃមេរៀន ដំណើរការនានានៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើលោហៈប្រតិកម្មជាមួយអាស៊ីត។ លើសពីនេះ លោកគ្រូ បានបង្ហាញពីសម្ភារពិសោធនានា ដូចជា កែវជ័រ បន្ទះលោហៈ ទឹក ទឹកលាងបង្គន់ អាស៊ីត និងសាប៊ូជាដើម។ ការលើកបង្ហាញបែបនេះ គឺលោកគ្រូចង់បង្ហាញពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបានបង្ហាញឱ្យសិស្សស្គាល់ពីសម្ភារនានាសម្រាប់យកទៅពិសោធបានកាន់តែច្បាស់ ហើយក៏ដើម្បីឱ្យសិស្សបានសិក្សាស្វែងយល់អំពីរបៀបពិសោធទៅលើប្រតិកម្មលោហៈជាមួយអាស៊ីត។
មេរៀនដែលនិយាយអំពីប្រតិកម្មរវាងលោហៈជាមួយសូលុយស្យុងអាស៊ីតក្លរីឌ្រិច និងប្រតិកម្មជំនួសលោហៈក្នុងសូលុយស្យុងអំបិល។ លោកគ្រូបានបន្តថា មុខវិជ្ជាវិទ្យាសាស្រ្តមិនត្រឹមតែមានខ្លឹមសារផ្សារភ្ជាប់នឹងការអនុវត្តទៅតាមទ្រឹស្ដីមេរៀនប៉ុណ្ណោះទេ តែក៏ជាតម្រូវការនៃចំណេះដឹង ដែលសិស្សានុសិស្សកំពុងទាមទារក្នុងការរៀនសូត្រផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ ពិសោធន៍អាចជាផ្នែកដ៏សំខាន់មួយទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឱ្យចូលចិត្តរៀនសូត្រ។
ការពិសោធនេះជាចុងក្រោយ លោកគ្រូ សុន ច័ន្ទធីរិទ្ធ បានពន្យល់សិស្សានុសិស្សអំពីរបៀបពិសោធ ដំណើរការនៃការពិសោធ និងបង្ហាញអំពីលទ្ធផលនៃការពិសោធជូនដល់សិស្សានុសិស្សយ៉ាងក្បោះក្បាយ និងស៊ីជម្រៅបំផុត ហើយសិស្សានុសិស្សបានចូលរួមសហការគ្នាពិសោធជាលក្ខណៈក្រុមបានយ៉ាងល្អប្រសើរ។