អត្ថបទព័ត៌មានស្តីពីសហគមន៍ វប្បធម៌ និងប្រពៃណី៖
ក្រោមប្រធានបទគ្រឿងកុលាលភាជន៍ខ្មែរ
#MJQE #American Intercon School
គ្រឿងស្មូនឆ្នាំងក្អម ដែលភាសាបាលីហៅថា គ្រឿងកុលាលភាជន៍ គឺជាសិប្បកម្មប្រពៃណី ដែលបានបន្សល់ទុកពីបរមបុរាណរហូតមកដល់សព្វថ្ងៃ នៅតាមគ្រួសារក្នុងប្រទេសខ្មែរនៅខេត្តមួយចំនួនដូចជា តាកែវ ព្រៃវែង ជាពិសេសគឺខេត្តកំពង់ឆ្នាំង ដែលមានការរីកចម្រើន និងមានគុណភាពល្អជាងគេ ព្រោះវាមានវត្ថុធាតុដើមពីធម្មជាតិច្រើនដូចជា ដី ថ្ម អូស ជាដើម។
ផលិតផលកុលាលភាជន៍ខ្មែរត្រូវបានបង្កើតឡើងទៅតាមវប្បធម៌ អរិយធម៌ តាំងពីសម័យបូរាណកាលមក ក្នុងនោះមានការរីកចម្រើនដល់កំពូលនៅក្នុងសម័យអង្គរ។ ទោះបីជារបស់របរទាំងអស់នោះមិនអាចរក្សាបានទាំងស្រុងក្តី ក៏នៅសេសសល់មួយចំនួនតាមរយៈការស្រាវជ្រាវរបស់បុរាណវិទូដោយការធ្វើកំណាយ ដើម្បីយកភស្តុតាងទាំងអស់នោះទៅវិភាគពីការយល់ដឹង គំនិតច្នៃប្រឌិត សិល្បៈ និងអាយុកាលរបស់ទាំងអស់នោះ។
ងាកមកមើលបច្ចុប្បន្នភាពវិញ ទន្ទឹមនឹងការរីកចម្រើនដ៏សម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យា ការកែច្នៃ សម្ភារៈទំនើប ការរស់នៅទំនើបនិយម និយាយជារួមគឺទំនើបភាវូប្បនីយកម្មនៃសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ បានធ្វើឱ្យវិស័យសិប្បកម្មគ្រឿងស្មូនឆ្នាំងក្អមស្ទើរត្រូវបាត់មុខពីទីផ្សារក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែផលិតផលកុលាលភាជន៍នេះនៅតែមិនបាត់បង់ទៅតាមពេលវេលាកន្លងហួសទៅនោះដែរ គឺនៅតែរក្សានូវកេរតំណែលដូនតាជាប់រហូតមកដល់សព្វថ្ងៃនេះ។ ថ្វីត្បិតតែរបរស្មូនឆ្នាំងក្អម មិនអាចរកប្រាក់ចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរក៏ពិតមែន តែវាក៏អាចជំនួយបន្ថែម បន្ទាប់បន្សំពីមុខរបរធ្វើស្រែចម្ការ។ វាគឺជាមុខរបរមួយមានបង្កប់នូវលក្ខណៈសិល្បៈវប្បធម៌ដែលមិនមែននរណាក៏អាចធ្វើបាននោះឡើយ គឺទាមទារនូវសិល្បៈ ភាពអត់ធ្មត់ ការតាំងចិត្តខ្ពស់។ ភាពគង់វង្សនៃសិប្បកម្មស្មូនឆ្នាំងក្អមក្នុងខេត្តទាំងនោះកើតចេញពីទឹកចិត្តស្រឡាញ់ ការពារ រក្សាប្រពៃណី វប្បធម៌ ដែលជាកេរដំណែលពីដូនតា។
ទន្ទឹមនូវអ្វីដែលធ្លាប់តែមាន និងការបន្តនិរន្តរភាពនោះគឺមានតែប្រជានិយមរបស់ពលរដ្ឋខ្មែរក្នុងការស្វែងយល់ ចូលរួមផ្សព្វផ្សាយ ថែរក្សា បន្តការអប់រំបណ្តុះបណ្តាល បង្កើនគំនិតច្នៃប្រឌិត តែរក្សានូវគោលចរិតដើម។ ការស្វែងរកទីផ្សារដើម្បីផ្តល់ជាការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការលើកស្ទួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមប្រើប្រាស់សម្ភារៈទាំងអស់នោះ។ ក្នុងនាមជាពលរដ្ឋខ្មែរគួរតែពួតដៃគ្នារក្សាកេរដំណែលពីបុព្វបុរសកុំឱ្យបាត់បង់វប្បធម៌នៅតាមតំបន់របស់ខ្លួន។
«វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន ប្រទេសរស់នៅសុខក្សេមក្សាន្ត គួរកុំខកខានរក្សាវប្បធម៌»
ដកស្រង់ចេញពី៖
http://freshnewsasia.com/index.php/en/localnews/111000-2019-01-21-11-51-47.html
https://www.clicknews.com.kh/articles/6674
https://www.postkhmer.com/