អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត/វិទ្យាសាស្ត្រ និងរបកគំហើញ៖ ក្រោមប្រធានបទតើបច្ចេកវិទ្យា 5G អាចធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពសារធារណៈឬ?
អត្ថបទដោយ៖ អ៊ុន ច័ន្ទនិមល
#MJQE #American Intercon School
បច្ចេកវិទ្យាអ៊ីនធើណែតល្បឿនលឿនបំផុត 5G កំពុងតែបង្ហាញវត្តមានរបស់ខ្លួនជាបន្តបន្ទាប់តាមតំបន់នៃប្រទេសអភិវឌ្ឍន៍ប្រមាណ៣៤ប្រទេស តួយ៉ាងដូចជា ចិន និងអឺរ៉ុប ហើយវត្តមាននេះត្រូវបានមតិសារធារណៈ និងអ្នកជំនាញសុខភាពសារធារណៈខ្លះអះអាងថា 5G អាចនឹងប៉ះពាល់ ឬមានគ្រោះថ្នាក់ដល់សុខភាពសារធារណៈ ហើយអ្នកជំនាញខ្លះទៀតថាវាគ្មានហេតុផលណាមួយអាចប៉ះពាល់នោះទេ។
តើ 5G ពិតជាមានគ្រោះថ្នាក់ដល់សុខភាពមែនឬ? តើអ្វីទៅជាបច្ចេកវិទ្យា 5G?
ជាបឋម យើងត្រូវដឹងថា 5G គឺជារបកគំហើញនៃបច្ចេកវិទ្យាសេវាអ៊ីនធើណែតជំនាន់ទី៥ ដែលអាចផ្តល់សេវាអ៊ីនធើណែតមានល្បឿនលឿន ទាញយកទិន្នន័យនិង មានតំណភ្ជាប់បានរហ័សបំផុត ហើយវាគឺជាបរិបទមួយយ៉ាងធំដែលដើរទៅរកនៃបដិវត្តន៍ឧស្សាហកម្ម4,0។ បដិវត្តន៍ព័ត៌មានវិទ្យាល្បឿនលឿននៃ 5G នេះ គឺជាការផ្លាស់ប្តូររបៀបរស់នៅដោយតភ្ជាប់អ្វីទៅនឹងមនុស្សយន្ត តួយ៉ាងដូចជារថយន្តដែលបើកបរបានដោយម៉ាស៊ីនមិនចាំបាច់បញ្ជា មនុស្សយន្តដែលអាចវះកាត់មនុស្សបានដូចពេទ្យជំនាញ និងមនុស្សយន្តដែលអាចយល់ពីអារម្មណ៍របស់មនុស្សបាន ហើយមានសមត្ថភាពចេះនិយាយបានរាប់រយភាសាក្នុងរយៈពេលមិនដល់៥នាទី។ ក៏ប៉ុន្តែ ការប្រើប្រាស់នូវកម្លាំងនៃល្បឿនលឿនរបស់ 5G នេះ គឺប្រើប្រាស់ជំហានរលកហ្វ្រេកង់កម្រិតខ្ពស់បំផុតមួយ ដើម្បីបញ្ជូនទិន្នន័យបានលឿនរហ័ស។ នៅសហរដ្ឋអាមេរិក ល្បឿនហ្វ្រេកង់ឡើងទៅដល់កម្រិត 28Ghz ក្នុងមួយនាទី គឺជាសមត្ថភាពចែកចាយល្បឿនខ្ពស់បំផុត។ តើវាអាចប៉ះពាល់ដល់សុខភាពមនុស្ស ឬអត់? អ្វីដែលគេព្រួយបារម្ភនោះ គឺកម្រិតហ្វេ្រកង់ និងវិទ្យុសកម្ម (Electromagnetic) ដែលគេប្រើប្រាស់សម្រាប់បង្កើនល្បឿនរបស់ 5G គឺស្ថិតនៅក្នុងចំណុចខ្ពស់មួយដែលគួរឱ្យបារម្ភ ខ្លាចក្រែងកម្រិតវិទ្យុសកម្មខ្ពស់ពេក ដែលបង្កឡើងដោយប្រភេទវិទ្យុសកម្មអ៊ីយ៉ូនិក ដែលមានថាមពលគ្រប់គ្រាន់អាចបំផ្លាញកោសិការបស់មនុស្ស។ នេះបើតាមការរៀបរាប់របស់ លោក វេជ្ជបណ្ឌិត Lennart hardell ជំនាញផ្នែកមហារីកពីទីក្រុង Örebro នៃប្រទេសស៊ុយអ៊ែត។ ជារួមមិនទាន់មានការសិក្សាណាមួយអាចបញ្ជាក់បាននៅឡើយ អំពីផលប៉ះពាល់នៃបច្ចេកវិទ្យា 5G នេះ។
លោក ម៉ៅ ពិសិដ្ឋ អ្នកមានចំណេះដឹងផ្នែកព័ត៌មានវិទ្យាបានពន្យល់ថា ប្រធានបទនេះគឺកំពុងស្ថិតក្នុងដំណាក់កាលជជែកដេញដោលនៅឡើយ លោកថាបច្ចេកវិទ្យា 5G ជាបច្ចេកវិទ្យាថ្មី ដែលពិបាកនឹងវាយតម្លៃពីផលប៉ះពាល់របស់វាចំពោះសុខភាពមនុស្ស ហើយមកទល់នឹងពេលនេះក៏គ្មានការពិសោធន៍ជាក់លាក់ណាមួយដែលអាចបញ្ជាក់ឱ្យប្រាកដពីផលប៉ះពាល់នេះដែរ សូម្បីតែជំនាន់ 2G 3G និង 4G ក៏ដោយ៕