កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការ និងលោកគ្រូ អ្នកគ្រូ សាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំអនុប្រធាននិងប្រធានសិស្សថ្នាក់ទី៨ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រមាណ១៩នាក់ បានទទួលចំណេះដឹង និងការពិសោធទាក់ទងនឹងមុខវិជ្ជាស្ទែម (STEM) ពីគ្រូឧទ្ទេសប្រចាំនៅមជ្ឈមណ្ឌល ឃីដ ស៊ីធី។ សិស្សានុសិស្សបានបញ្ចេញសកម្មភាពធ្វើពិសោធន៍បង្កើតពពក និងច្នៃឧបករណ៍ប្រើប្រាស់តាមទម្រង់ធ្វើពិសោធន៍ទាក់ទងទៅនឹងមុខវិជ្ជាវិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា និងគណិតវិទ្យា គឺឱកាសទទួលចំណេះដឹងថ្មីៗពីការពិសោធទាក់ទងនឹងមុខវិជ្ជាស្ទែម ព្រោះស្ទែមជាមុខវិជ្ជាដែលមានសារៈសំខាន់ និងមានអាទិភាពនៅកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ដោយគ្រូឧទ្ទេសប្រមាណជាង២ម៉ោងបានធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍ចំពោះការពិសោធនោះជាខ្លាំង។
បច្ចុប្បន្ន មុខវិជ្ជាស្ទែម (STEM) ដែលត្រូវបានកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ វាបានក្លាយទៅជាជំនាញដែលកំពុងពេញនិយម និងត្រូវការបំផុត។ អ្នកឆ្លងកាត់ការសិក្សារហូតទទួលបានជោគជ័យលើមុខវិជ្ជាស្ទែម ភាគច្រើនពួកគេបានក្លាយជាវិស្វករ វិទ្យាសាស្រ្តកុំព្យូទ័រ អាកាសយានិក និងជំនាញផ្សេងជាច្រើនទៀត។ ទន្ទឹមនឹងក្រសួងអប់រំកំពុងតែផ្តោតការយកចិត្តទុកដាក់យ៉ាងផុសផុល និងដោយយល់ច្បាស់ពីគុណតម្លៃនៃមុខវិជ្ជាស្ទែមនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានយកចិត្តទុកដាក់ ហើយបានបង្កើតឱ្យមានកម្មវិធីសិក្សាទាក់ទងនឹងមុខវិជ្ជាស្ទែមយ៉ាងច្រើនសម្បូរបែបដែរ។ លើសពីនេះ សាលារៀនក៏បាននិងកំពុងជំរុញលើកទឹកចិត្តសិស្សឱ្យសិក្សាស្រាវជ្រាវលើមុខវិជ្ជាស្ទែមផងដែរ ដោយរៀងរាល់ឆ្នាំ សាលាបានរៀបចំកម្មវិធីតាំងពិព័រណ៍វិទ្យាសាស្រ្ត ដែលជាស្នាដៃរបស់សិស្សជាដើម។