អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រពៃណីទាក់ទងនឹងការកាន់ដាវសំពះការ និងពិធីរម្ងាប់កន្ទេលខ្នើយនៅពេលរៀបអាពាហ៍ពិពាហ៍”
អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ
#MJQE #AmericanInterconSchool
ការរៀបអាពាហ៍ពិពាហ៍ ឬរៀបការ គឺជាពិធីរៀបមង្គលការកូនប្រុសស្រីជាគូនឹងគ្នា។ ពេលហែកូនកំលោះទៅផ្ទះកូនស្រីហៅថា អាពាហ៍ និងពេលហែកូនក្រមុំចូលផ្ទះ ឬរោងកូនកំលោះហៅថា ពិពាហ៍។ ទាក់ទងនឹងពិធីមង្គលសិរីសួស្ដីបែបនេះចុះហេតុអ្វីបានជាគេយកដាវដែលជាវត្ថុមុតស្រួចងាយបង្កឱ្យមានរបួសចូលក្នុងពិធីធ្វើអ្វី មួយវិញទៀតហេតុអ្វីបានជាគេចាំបាច់សាកន្ទេលឡើងវិញនៅពេលសំពះផ្ទឹម?
ចម្ងល់ទាំងអស់នេះ លោកអ្នកប្រាកដជាងឿងឆ្ងល់មិនខាន។ ហេតុទាំងអស់នេះកើតឡើងដោយសារទាក់ទងនឹងរឿងព្រេងមួយដែលដំណាលថា កាលពីយូរលង់ណាស់មកហើយ មានមន្ត្រីធំម្នាក់ជាអ្នកបម្រើស្ដេចនៅនគរពារាណសី ស្ដេចទ្រង់ប្រើនាម៉ឺនឱ្យទៅត្រួតត្រាប្រជាជនតាមជនបទដែលចេះតែបះបោរ។ ពេលទៅដល់ភូមិមួយឃើញកូនក្រមុំអ្នកភូមិម្នាក់មានសម្រស់ស្រស់ស្អាតក៏មានចិត្តស្រឡាញ់ចង់បានជាប្រពន្ធ ក៏ចូលទៅសួរដោយបង្គាប់មាស៣តម្លឹងដើម្បីបញ្ចាំចិត្ត ហើយសន្យាថា៣ខែទៀតនឹងត្រឡប់មករៀបការតាមរបៀបស្រុកភូមិវិញ។ ដោយចេះតែមានធុរៈបន្តបន្ទាប់គ្នា នាម៉ឺននោះក៏ហួសដល់ទៅ៣ឆ្នាំនៅតែមិនបានទៅរៀបការតាមសន្យាឡើយ ទើបធ្វើឱ្យកំលោះម្នាក់ដែលស្រឡាញ់ស្ត្រីម្នាក់នោះដែរបានចូលដណ្ដឹង ។ ឪពុកម្ដាយខាងស្រីក៏ព្រមឱ្យដោយយល់ថាមន្ត្រីបានហួសសន្យា ណាមួយកូនស្រីកាន់តែចាស់ខែឆ្នាំ។ ពួកគេព្រមព្រៀមគ្នាថាឱ្យប្រញាប់រៀបការ រួចដូរឈ្មោះកូនទាំងពីរ និងចែកទ្រព្យឱ្យទៅរស់នៅឯស្រុកដទៃ ។ បើនាម៉ឺននោះមកដល់ឱ្យមូលមតិគ្នាកុហកថា កូនស្រីរត់តាមប្រុសបាត់ទៅហើយ។ តែមិនដូច្នេះឡើយ ហេតុទាំងអស់នេះធ្វើឱ្យមន្ត្រីរូបនោះអន្ទះអន្ទែងនឹកដល់រឿងមាសបញ្ចាំចិត្ត៣តម្លឹងក៏សុំព្រះមហាក្សត្រមកស្រុកនោះវិញ។ ដល់ថ្ងៃរៀបការ នាម៉ឺននោះក៏បានមកដល់ចំថ្ងៃដែលកំពុងសំពះការ នាម៉ឺននោះក៏ស្ទុះឡើងលើផ្ទះចាប់ទាញដៃនាងជាប្រពន្ធ ហើយហូតដាវសម្លាប់កំលោះនោះបាញ់ឈាមរាយរាចប្រឡាក់ពេញផ្ទះ ធ្វើឱ្យបណ្ដាជនមានការភ័យផ្អើលរត់ចូលព្រៃអស់ រួចនាម៉ឺននោះក៏នាំនាងត្រឡប់ចូលកន្លែងពិធីវិញ។ ចំណែកឪពុកម្ដាយនាងជាកូនក្រមុំភ័យណាស់ ក៏អញ្ជើញព្រាហ្មណ៍ព្រឹទ្ធាចារ្យមកសូធ្យបាចទឹករម្ងាប់ចង្រៃខ្មោចដែលស្លាប់ ហើយសាកន្ទេលចោលទៅ។
លុះតំណក្រោយៗមក ព្រាហ្មណ៍ព្រឹទ្ធាចារ្យនៅស្រុកពារាណសីក៏ជំនុំគ្នាឱ្យដាក់ដាវកាន់សំពះការ ព្រោះដាវជាគ្រឿងសហ័សឈ្នះមារសត្រូវ គឺដោយឫទ្ធិដាវនេះហើយ ទើបដណ្ដើមយកប្រពន្ធបានមកវិញ។ ហេតុនេះហើយ ទើបបានជាខ្មែរយើងនិយមឱ្យដាក់ដាវផ្ទឹមការ ហើយមានពិធីរាំសាកន្ទេល ជាប្រពៃណីរៀងដរាបមកដល់សព្វថ្ងៃនេះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://wikisource.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%86%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%84%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%97%E1%9E%B6%E1%9E%82%E1%9E%91%E1%9E%B8%E1%9F%A9/13