អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ប្រពៃណីលែងដើមទ្រូងទទេរបស់ស្ត្រីខ្មែរ”
អត្ថបទដកស្រង់ដោយ ៖ ម៉ាក់ ផល្លីម
#MJQE #AmericanInterconSchool
នៅតាមជញ្ជាំងប្រាសាទខ្មែរបុរាណនាសម័យបុរេអង្គរ និងអង្គរ គេឃើញមានចម្លាក់បុរាណជាច្រើនដូចជា ព្រះទេពីស្រីរាំ ឬទេពអប្សរ ព្រមទាំងប្រជានុរាស្ត្រដែលមានឋានៈខ្ពង់ខ្ពស់ជាទីបំផុត ឬក៏ឋានៈទាប ស្ថិតនៅក្នុងឥរិយាបថលែងទ្រូងទទេដូចៗគ្នាដែរ។ ឧទាហរណ៍ដ៏ជាក់ស្តែងមួយគឺថា បើយើងក្រឡេកមើលចម្លាក់ ព្រះនាងម្ចាស់ក្សត្រី ឥន្ទ្រទេវី ដែលជាព្រះជាយារបស់ព្រះមហាក្សត្រខ្មែរ ដ៏ខ្លាំងពូកែកប់កំពូល គឺព្រះបាទ ជ័យវ័រ្មនទី៧ យើងនឹងសម្គាល់ឃើញថា ព្រះនាងក៏ស្ថិតក្នុងឥរិយាបថខ្លួនទទេដែរ។ ដោយឡែកតាមការ វិភាគរូបសំណាកនាសម័យនគរភ្នំពីស.វ. ទី១ ដល់ទី៧ និងសម័យចេនឡាពីស.វ ទី៧ ដល់ទី៩ នៃគ.ស. ក៏បានបញ្ជាក់នូវប្រពៃណីលែងខ្លួននេះដែរ។ យោងតាមប្រភពឯកសារបុរាណវិទ្យា យើងអាចសន្និដ្ឋានបានថាប្រពៃណីដោះអាវនេះមានតាំងពីសម័យ បុរេប្រវត្តិសាស្ត្រមកម្ល៉េះ ។
ដូច្នេះ ទំនៀមទម្លាប់លែងខ្លួនរបស់ស្ត្រីខ្មែរ គឺជាប្រពៃណីទូទៅដែលមានតាំងតែពីបុរាណកាលមក គ្មានលក្ខណៈអាវាសែទេ។ ម្យ៉ាងទៀតតាមរយៈឯកសារបានបញ្ជាក់ឱ្យដឹងថា កាលដែលគេឆ្លាក់រូបទេវតា ឬរូបមនុស្សនាសម័យបុរាណ គឺពុំមែនជារឿងប្រតិដ្ឋនោះទេ គឺជាប្រពៃណីពិតៗដែលទាក់ទងទៅនឹងប្រពៃណីដូនតាខ្លួន។ អ្វីមួយដែលខុសនឹងចម្លាក់ ឬគំនូរនាសម័យទំនើបប្រកបដោយភាពស្រើបស្រាល។
សូមបញ្ជាក់ថា ការដែលស្ត្រីខ្មែរដោះអាវ ឬអត់អាវ ចំហដើមទ្រូងឱ្យលេចសុដន់ទាំងគូនៅទទេបែបនេះ គឺ មិនមែនមានន័យថា ស្ត្រីខ្មែរមិនចេះពាក់អាវនោះទេ នោះជាការនិយមឱ្យតម្លៃជាទូទៅក្នុងព្រះរាជនគរខ្មែរ បុរាណ រហូតដល់សម័យបារាំងចូលស្រុកទើបប្រពៃណីនោះក៏ត្រូវរអាក់រអួលទៅវិញ។ រហូតមកដល់ស.វ.ទី១៩ ស្ត្រីខ្មែរនៅតែនិយមប្រពៃណីដោះអាវនេះរហូត ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រោះ វាបានក្លាយទៅជាទម្លាប់ធម្មជាតិនៅគ្រប់ទីច្រកល្ហកទៅហើយ ប៉ុន្តែតាមលទ្ធផលនៃការស្រាវជ្រាវក្រោយមកទៀតទើបគេដឹងថា ប្រពៃណីនេះបានប្រែប្រួលបន្តិចម្តងៗរហូតដល់បាត់អស់នៅពេលដែលឥទ្ធិពល អឺរ៉ុប បានជះមកលើសង្គមខ្មែរនាជំនាន់នោះ។ ប៉ុន្តែជនជាតិខ្មែរដែលរស់នៅតាមតំបន់ព្រៃភ្នំនៅតែរក្សាប្រពៃណីនេះបានគង់វង្សស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ ។
គួរបញ្ជាក់ផងដែរថា បងប្អូនខ្មែរលើទាំងនោះក៏ដូចជាបុព្វបុរសនាសម័យអង្គរ និងមុនអង្គរផងដែរ។ កាយវិកាស្រាតននលដងខ្លួន ពុំមែនមានន័យថាឆ្អេះឆ្អាបនោះទេ ក៏ប៉ុន្តែប្រកបដោយលក្ខណៈស្អាតស្អំ បរិសុទ្ធ ។
សូមជម្រាបថាថ្មីៗនេះ អ្នកស្រាវជ្រាវថៃបានរកឃើញនូវរូបចម្លាក់បុរាណនាស.វ. ទី១២ តំណាងអ្នករបាំខ្មែរនាសម័យអង្គរ ពាក់អាវយ៉ាងស្តើងខុសពីស្ត្រីទេពអប្សរមួយភាគធំដែលមាននៅលើប្រាសាទសិលអង្គរ ឬវត្តបាពួន (ម.ត្រា ណេ)។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://km.wikipedia.org/wiki/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%96%E1%9F%83%E1%9E%8E%E1%9E%B8%E2%80%8B%E1%9E%9B%E1%9F%82%E1%9E%84%E2%80%8B%E1%9E%8A%E1%9E%BE%E1%9E%98%E2%80%8B%E1%9E%91%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%84%E2%80%8B%E1%9E%91%E1%9E%91%E1%9F%81%E2%80%8B%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E2%80%8B%E1%9E%9F%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E2%80%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A