អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ : “ប្រភពកំណើតនៃរបាំអប្សរា”
អត្ថបទដកស្រង់ដោយ : ផែង ស្រីណាង
#MJQE #AmericanInterconSchool
និយមន័យនៃពាក្យ«អប្សរា» តាមវចនានុក្រមខ្មែររៀបរៀងដោយសម្តេចសង្ឃរាជជួន ណាត ដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានឱ្យដឹងថា «អប្សរា» ដូចគ្នានឹង«អច្ឆរា» «ស្រីអប្សរា»។ ពាក្យដើមគឺ «អប្សរ» មកពីពាក្យសំស្ក្រឹតអប្សរស៊ ឬអប្សរា ឯបាលីថា អច្ឆរា ដែលមានន័យថា៖ ស្រីមានសម្បុរថ្លាស្រស់ផូរផង់ ឬស្រីមានមុខថ្លាស្រស់បំព្រង។ ក្នុងការនិយមរបស់ខ្មែរ «អប្សរា» គឺស្រីសួគ៌ ស្រីអប្សរ ស្រីទេពអប្សរ នាងអប្សរ។ ជាមួយគ្នានេះដែរសម្តេចសង្ឃរាជ ជួន ណាត បានលើកឡើងថា តាមសេចក្តីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌មួយពួកដែលផុសឡើងអំពីទឹក ក្នុងកាលដែលកូរទឹកអម្រឹត។ ប៉ុន្តែការតំណាលក្នុងគម្ពីរព្រាហ្មណ៍នេះ ត្រូវបានសម្តេចសង្ឃជួន ណាត បដិសេធ។
នរណាជាអ្នកបង្កើតរបាំអប្សរានៅកម្ពុជា?
របាំអប្សរា ត្រូវបានបង្កើតឡើងតាមព្រះរាជតម្រិះរបស់ព្រះនាយិកាសាលាសុធារស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ព្រះនាម «សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ» ជាព្រះអនុជនៃព្រះបាទនរោត្តម សុរាម្រឹត។ ព្រះនាយិកាមានគំនិតបង្កើតរបាំនេះឡើង គឺដើម្បីប្រគល់រង្វាន់លើកទឹកចិត្តដល់អ្នកចូលរួមសម្តែងជាសិស្សពូកែក្នុងកម្មវិធីដែលតែងតែប្រព្រឹត្តទៅនៅរាល់ដំណាច់ឆ្នាំសិក្សា។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងអំឡុងឆ្នាំ១៩៥៨ ដោយមានព្រះអង្គម្ចាស់ក្សត្រី នរោត្តមវិជ្ជរា ព្រះរាជបុត្រី ព្រះបាទនរោត្តម សុរាម្រឹត រាំជាតួឯក។ ឆ្នាំបន្ទាប់សម្តែងដោយព្រះអង្គម្ចាស់ក្សត្រី នរោត្តមសុជាតិវត្តីយា ព្រះរាជបុត្រី ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាសិស្សអ្នកគ្រូ ជា សាមី ដែលជាគ្រូរបាំនៅព្រះបរមរាជវាំង និងនៅសាលាសុធារស ក្នុងសម័យនោះ។ ការរាំនៅសម័យនោះមានលំនាំប្រហាក់ប្រហែលរបាំ ភួងនារី ដោយ ម៉ម ឆាវរី បានដកពាក្យខ្លះនៅក្នុងរឿង អ៊ីណាវ បុស្បា ដោយអន្លើ សាកា និងរ៉ាត។ ការដាក់ក្បាច់ និងការរើសភ្លេងមកបំពេញ អ្នកគ្រូ ជា សាមី ជាអ្នករៀបចំ។ ច្រៀងកំដរដោយ អ្នកគ្រូ ជា ខាន់ និងអ្នកគ្រូឯម ធាយ ដែលយកតាមលំនាំបទ ដើមឈឹង ។
របាំអប្សរាបានឈានទៅដល់ចំណុចកំពូល ល្អឥតខ្ចោះ និងបានចេញរាំជាលើកដំបូងនៅខេត្តសៀមរាប (អង្គរ) ដើម្បីថតជាខ្សែភាពយន្តដោយលោក ម៉ាកសែល កាមីស៍ ក្នុងកំឡុងឆ្នាំ១៩៦១ ឬ ១៩៦២។ នៅឆ្នាំ១៩៦៣ ចេញទៅសម្ដែងនៅប្រទេសបារាំង ឆ្នាំ១៩៦៤ ចេញទៅសម្ដែងនៅ សិង្ហបុរី ក្នុងពិធីសម្ពោធមហោស្រពសិល្បៈទូទាំងសាកល ដែលបានទទួលជោគជ័យ និងមានការគាំទ្រ និងកោតសរសើរពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង។ ចំពោះនាដការីរបាំឯក នៃរបាំអប្សរាដែលបង្កើតកិត្យានុភាពរបាំនេះលើឆាកអន្តរជាតិ គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តមបុប្ផាទេវី ព្រះរាជបុត្រី ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទនរោត្តម សីហនុ។
អត្ថន័យរបាំអប្សរា បានបង្ហាញនូវស្ថានភាពសម្បូរសប្បាយ និងបង្ហាញពីភាពផ្អែមល្ហែម ចិត្តស្ងប់សុខខាងអារម្មណ៍ ភាពរួសរាយរាក់ទាក់បញ្ជាក់ពីភាពគ្មានកង្វល់៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
– ឯកសារ«អប្សរា»ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ រៀបរៀងដោយបណ្ឌិតសភាចារ្យសោម សុមុនី សមាជិកពេញសិទ្ធិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា
– WWW.km.ikipedia.org