នៅចុងសតវត្សរ៍ទី១៩ បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការ នៅក្នុងរោងចក្រសហគ្រាសឯកជននានា។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួន ដែលមានគំនិតលោភលន់កេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករ ជាពិសេសកម្មការិនី និងកុមារត្រូវបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ចាប់ពី១២ម៉ោង ទៅ១៦ម៉ោងក្នុងមួយថ្ងៃៗ ហើយផ្ដល់ប្រាក់បៀវត្សរ៍យ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅយ៉ាងវេទនាក្នុងជីវភាពក្រីក្រដុនដាប។
ដោយការឈឺចាប់យ៉ាងពុះពោរជាប់ជានិច្ចចំពោះអំពើគាបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញូយ៉ក នៃសហរដ្ឋអាមេរិកបានសាមគ្គីគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យបន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្សរ៍។ ប៉ុន្ដែជាលទ្ធផលកម្មការិនីទាំងនោះត្រូវបានទទួលការគាបសង្កត់យ៉ាងខ្លាំងក្លា និងត្រូវគេចាប់ចងធ្វើទារុណកម្ម ព្រមទាំងត្រូវបណ្ដេញចេញពីរោងចក្រ។
ទោះបីត្រូវទទួលការឈឺចាប់ និងរងគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏កម្មការិនីទាំងនោះនៅតែសាមគ្គីគ្នាតស៊ូយ៉ាងស្វិតស្វាញ ដោយក្រោកឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀតបង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាសយល់ព្រមទទួលយកតាមសំណើ។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះ បានលើកទឹកចិត្ដយ៉ាងខ្លាំងក្លាដល់ចលនានារីពលករលើសាកលលោកទាំងមូល ជាពិសេសបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសឧស្សហកម្មដ៏ធំមួយនាសម័យនោះ។ នៅពេលនោះ យុវនារីដ៏ល្បីល្បាញបីរូបគឺ អ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាល្លឺម៉ង់ អ្នកស្រី រ៉ូស្ពា លុចស្ព័របួរ ជនជាតិប៉ូឡូញ និងលោកស្រី គ្រូបស្កាយ៉ា (ភរិយាលោក លេនីន) បានចូលរួមគ្នាយ៉ាងជិតស្និទ្ធបង្កើតបានជាគណៈលេខាអន្ដរជាតិ ដើម្បីដឹកនាំចលនានារី។
នៅឆ្នាំ១៩១០ សន្និបាតអន្ដរជាតិនារីមួយធ្វើឡើងនៅទីក្រុងកូប៉ិនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក ដែលមានប្រទេសចំនួន១៧ ចូលរួមបានសម្រេចយកថ្ងៃទី៨ មីនា រៀងរាល់ឆ្នាំជាថ្ងៃប្រារឰ ទិវាអន្ដរជាតិនារី សម្រាប់រំឭកពីការតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើភាពរវាងបុរស និងនារី ដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា ៖ “មួយថ្ងៃធ្វើការ៨ម៉ោង” “ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា” “ការពារសុខភាពមាតា និងទារក”។
ដោយសារតែកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពអត់ធ្មត់ និងពុះពាររាល់ការលំបាកគ្រប់បែបយ៉ាងកាលពី១០០ឆ្នាំមុននេះ ហើយបច្ចុប្បន្ននេះ ទើបសកម្មភាពលើកស្ទួយស្ថានភាពនារីនៅក្នុងពិភពលោកបានរីកដុះដាលឡើងយ៉ាងខ្លាំងក្លា ជំរុញឱ្យនារីទទួលបានឱកាស និងសិទ្ធិស្មើភាពក្នុងការងារក៏ដូចជាក្នុងសង្គម បើទោះបីជានៅមិនទាន់ពេញលេញនៅឡើយ ដោយសារប្រការណាមួយក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះ បានកាត់បន្ថយអស់ជាច្រើននូវអំពើហិង្សា និងការរើសអើងទៅលើនារី ដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះ។ ជាបន្ដបន្ទាប់ ចលនានារីអន្ដរជាតិបានខិតខំដោះស្រាយបញ្ហានារី ដែលនៅសេសសល់ដោយការស្នើទៅអង្គការសហប្រជាជាតិតាមរយៈសន្និសីទនារីជាច្រើនលើកច្រើនសា។
នៅឆ្នាំ១៩៧៥ សន្និសីទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ក្រោមប្រធានបទ សមភាព វឌ្ឍនភាព និងសន្ដិភាព។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធភាពសម្រាប់អនុម័តអនុសញ្ញានេះ។ នៅខែតុលា ឆ្នាំ១៩៧៥ នេះដដែលអង្គការសហប្រជាជាតិ បានប្រកាសថាពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៥ ជាទស្សវត្សរ៍សម្រាប់នារី។
នៅឆ្នាំ១៩៨០ សន្និសីទពិភពលោកលើកទី២ របស់នារី បានធ្វើឡើងនៅទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្ដផែនការសកម្មភាព ដែលកំណត់ក្នុងសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែបន្ទាត់សម្រាប់ការអនុវត្ដ ដើម្បីបំពេញចន្លោះខ្វះខាតក្នុងពាក់កណ្ដាលទសវត្សរ៍របស់នារី។ ប្រធានបទបន្ថែមទៀតត្រូវលើកយកមកពិភាក្សាគឺ ការអប់រំ ការងារ និងសុខភាព។
នៅឆ្នាំ១៩៨៥ ចុងបញ្ចប់នៃទសវត្សរ៍នារី គេបានរៀបចំសន្និសីទលើកទី៣ ម្ដងទៀតនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សរ៍នារី ព្រមទាំងអនុម័តលើយុទ្ធវិធីធ្វើឱ្យជឿនលឿនទៅមុខសម្រាប់ការលូតលាស់របស់នារីក្នុងឆ្នាំ២០០០។
ប្រវត្ដិទិវាអន្ដរជាតិនារី៨មីនា ខួបលើកទី១០៦ ឆ្នាំ២០១៧ទំព័រ2 នៃ2 នៅឆ្នាំ១៩៩៥ ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែកញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ សមភាព វឌ្ឍនភាព និងសន្ដិភាព ដដែលតែបានលើកបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់១២យ៉ាងរបស់នារីថែមទៀតគឺ នារីនិងភាពក្រីក្រ នារីនិងការអប់រំ នារីនិងសុខភាពអំពើហិង្សាប្រឆាំងនឹងនារី នារីនិងជម្លោះប្រដាប់អាវុធ នារីនិងការចូលរួមផ្នែកសេដ្ឋកិច្ច នារីនិងការធ្វើសេចក្ដីសម្រេចយន្ដការសម្រាប់ភាពឈានទៅមុខរបស់ស្ដ្រី សិទ្ធិមនុស្សនិងនារី នារីនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នារីនិងបរិស្ថានហើយនិងបញ្ហាក្មេងស្រី។
នៅឆ្នាំ២០០០ ថ្ងៃទី០៣ ខែមិថុនា អង្គសហប្រជាជាតិបានរៀបចំមហាសន្និបាតវិសាមញ្ញលើកទី២៣ ស្ដីពីនារី នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដើម្បីពិនិត្យមើលនូវការរីកចម្រើននៃការអនុវត្ដសេចក្ដីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង លើបញ្ហាចម្បង ដែលស្ដ្រីប្រឈមមុខទាំង១២ របស់ប្រទេសជាសមាជិកទាំងអស់ដូចនៅឆ្នាំ១៩៩៥ ក្រសួងកិច្ចការនារី និងអតីតយុទ្ធជនតំណាងរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូស្ដ្រីទៅចូលរួម ហើយបាននាំយករបាយការណ៍មួយយ៉ាងក្បោះក្បាយទៅដាក់ជូនមហាសន្និបាតវិសាមញ្ញ។
នៅឆ្នាំ២០០៥ នាចុងខែកុម្ភៈ និងដើមខែមីនា ក្រសួងកិច្ចការនារី ក៏បានដឹកនាំគណៈប្រតិភូទៅចូលរួមនៅក្នុងសម័យប្រជុំលើកទី៤៩ នៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី អ.ស.ប. នៅទីក្រុងញូយ៉ក ដោយបានរៀបចំរបាយការណ៍មួយទៀតឆ្លើយតបទៅនឹងសំណួររបស់អង្គការសហប្រជាជាតិ ស្ដីពីការអនុវត្ដផែនការសកម្មភាពទីក្រុងប៉េកាំង នៅឆ្នាំ១៩៩៥ និងលទ្ធផលមហាសន្និបាតវិសាមញ្ញលើកទី២៣ ស្ដីពីនារី នៅទីក្រុងញូយ៉ក ក្នុងឆ្នាំ២០០០ ដែលមាន៤ផ្នែកធំៗដូចជា ៖
ផ្នែកទី១ ៖ ការពិនិត្យឡើងវិញលើសមិទ្ធផល និងការប្រឈមមុខក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ដ្រីលើការងារវិភាគទិន្នន័យ ការងារច្បាប់ ការប្រើប្រាស់ថវិកា ដើម្បីដោះស្រាយបញ្ហាយេនឌ័រ ការងារសាកលភាវូបនីយកម្មការងាររកដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល និងការងារក្នុងភាពជាដៃគូជាមួយអ្នកផ្ដល់ជំនួយ។
ផ្នែកទី២ ៖ ការរីកចម្រើនក្នុងការអភិវឌ្ឍវិស័យសំខាន់ៗក្នុងផែនការសកម្មភាពទីក្រុងប៉េកាំង ការផ្ដួចផ្ដើម និងសកម្មភាពផ្សេងៗទៀត ដែលកំណត់នៅក្នុងមហាសន្និបាតវិសាមញ្ញលើកទី២៣ ស្ដីពីនារី នៅទីក្រុងញូយ៉ក ក្នុងឆ្នាំ២០០០ លើការងារអប់រំក្មេងស្រី និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ស្ដ្រី អំពើហិង្សាលើស្ដ្រី ការងារសុខភាព ការងាររបស់ស្ដ្រីនៅជនបទបញ្ហាសេដ្ឋកិច្ច និងការងាររបស់ស្ដ្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេច។
ផ្នែកទី៣ ៖ ការអភិវឌ្ឍស្ថាប័ន បរិយាយអំពីយន្ដការជាតិលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ដ្រី ការរៀបចំគោលនយោបាយជាតិ ការត្រួតពិនិត្យនិងវាយតម្លៃ ការធ្វើផែនការនិងវិភាគថវិកា ការអង្កេតស្ថិតិជាតិនិងប្រភេទឧបសគ្គក្នុងពេលដំណើរការ និងយុទ្ធសាស្ដ្រ ដើម្បីប្រឈមមុខនឹងឧបសគ្គ។
ផ្នែកទី៤ ៖ បញ្ហាចំពោះមុខចម្បងៗ និងសកម្មភាពនានា ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ទាំងនេះ គឺជាយុទ្ធសាស្ដ្រ និងរបៀបដោះស្រាយរបស់នារី ដែលតែងតែអនុវត្ដតាមបែបសន្ដិវិធី គឺតាមការបញ្ចេញមតិតែប៉ុណ្ណោះ។ ឯលទ្ធផលដែលនារីទទួលបាន គឺការផ្ដល់នូវសិទ្ធិស្មើភាពឱ្យបានគ្រប់គ្រាន់ និងតម្លៃមនុស្សដោយពុំមានទាមទារអ្វីឱ្យលើសពីនេះឡើយ។ បើយើងប្រៀបធៀបប្រវត្ដិទិវាអន្ដរជាតិនារី ៨មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្ដិទិវាអន្ដរជាតិនារី ៨ មីនា មានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត ហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ ក៏សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្ដរជាតិ ដូចជាសេចក្ដីប្រកាសជាសាកលរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជា ត្រង់ជំពូក៣ ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយ ក៏វិសមភាពរវាងបុរសនិងស្ដ្រី ការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ដ្រី ហិង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់រូប ទាំងបុរស ទាំងស្ដ្រី ដើម្បីជួយស្ដ្រីឱ្យទទួលបាននូវ សិទ្ធិ និងការប្រើសិទ្ធិ ប្រកបដោយភាពយុត្ដិធម៌ និងដើម្បីទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់នូវរាល់បញ្ហា ដែលស្ដ្រីកំពុងប្រឈមមុខ៕
គណៈកម្មការស្រាវជ្រាវឯកសារនៃសាលារៀន អន្ដរទ្វីប អាមេរិកាំង
ថ្ងៃពុធ ១១រោច ខែមាឃ ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ គ.ស. ២០១៧
ដកស្រង់ចេញពីឯកសារស្ដីពី “ប្រវត្ដិទិវាអន្ដរជាតិនារី ៨ មីនា” ឆ្នាំ២០០៩ របស់ក្រសួងកិច្ចការនារី។