កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទទួលគោក បានដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងសិស្សថ្នាក់ទី១ បានប្រារព្ធទិវាកីឡាកុមារ លើកទី៦ ក្នុងបរិវេណទីលានក្លឹបកីឡា រ៉យសេវេន (RooY 7 Sport Club) ។
ក្នុងទិដ្ឋភាពដ៏សប្បាយអឺងកងរបស់កុមារតូចៗ លោកគ្រូ អ្នកគ្រូបានដឹកនាំសិស្សកម្ដៅសាច់ដុំ មុននឹងចាប់ផ្តើមកម្មវិធីលេងល្បែងកីឡារបស់សិស្សតូចៗយ៉ាងសម្បូរបែបនិងពេញនិយមផ្សេងៗ ដូចជាការរាំត្រាប់តាមបទភ្លេង ល្បែងអម្រែកទឹក ល្បែងបំបែកប៉េងប៉ោង ល្បែងឆ្លងឧបសគ្គ ល្បែងផ្លោះរបា ល្បែងដើរត្រឡោក និងល្បែងពូតកន្សែងសន្សំទឹកជាដើម។
ទិវាកីឡាកុមាររៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សតូចៗទាំងអស់បានធ្វើលំហាត់ប្រាណលើចលនាបន្លាស់ទី ព្រមទាំងធ្វើការហ្វឹកហាត់តម្រង់ទិសកុមារតូចៗលើវិញ្ញាសាអត្តពលិក ដែលរួមមានការរត់ ការលោត និងល្បែងកីឡាមួយចំនួនទៀត។ លើសពីនេះ ទិវាកីឡាកុមារ ក៏បានជួយបង្កើនសមត្ថភាពប្រាជ្ញាស្មារតី ព្រមទាំងភាពក្លាហានក្នុងការធ្វើទំនាក់ទំនងជាមួយនឹងមជ្ឈដ្ឋានខាងក្រៅកាន់តែប្រសើរឡើង ហើយអ្វីដែលរឹងរឹតតែពិសេសនោះ គឺធ្វើឱ្យកុមារមានស្មារតីប្រយ័ត្នប្រយែងខ្ពស់ រហ័សរហួន និងមានភាពឈ្លាសវៃប៉ិនប្រសប់ផងដែរ។