អត្ថបទព័ត៌មានស្តីពីរបៀបរស់នៅ និងការងារ
ក្រោមប្រធានបទ “ពាក្យដប់មួយឃ្លាអ្នកមិនគួនិយាយនៅកន្លែងធ្វើការងារ”
អត្ថបទដកស្រង់ដោយ : សំ ស្រស់
#MJQE #AmericanInterconSchool
មនុស្សភាគច្រើនតែងតែនិយាយអំពីបរិយាកាសកន្លែងធ្វើការរបស់ពួកគេ ដែលពួកគេបានធ្វើការជារៀងរាល់ថ្ងៃ។ ពេលខ្លះពួកគេបាននិយាយអំពីសុខភាពការងារ ជីវិត ការរស់នៅ អាជីវកម្ម តារាភាពយន្ត គោលនយោបាយរបស់ក្រុមហ៊ុន និងបុគ្គលិកផ្នែកផ្សេងទៀតដែលធ្វើការនៅក្នុងក្រុមហ៊ុនតែមួយ ប៉ុន្តែភាគច្រើនពួកគេនិយាយមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ ដូច្នេះហើយ ខ្ញុំសូមចែករំលែកអំពីពាក្យដប់មួយឃ្លាដែលយើងមិនគួរនិយាយនៅកន្លែងធ្វើការមានដូចខាងក្រោម៖
១. មិនមែនជាការងាររបស់ខ្ញុំទេ : ជាទូទៅ បុគ្គលិកនិយាយបែបនេះនៅពេលគាត់ត្រូវបានគេស្នើឱ្យជួយបំពេញការងារណាមួយឱ្យមិត្តរួមការងារណាម្នាក់។ ប្រហែលវាជាការពិតដែលការងារគេស្នើសុំនេះ អាច នឹងមិនស្ថិតក្នុងការពិពណ៌នាការងារ ( Job Description ) របស់អ្នក ក៏ប៉ុន្តែជាមួយគ្នានេះដែរវាបាន បង្ហាញពីការខ្វះការសហការស្មារតីការងារក្រុម និងធ្ងន់បំផុតគឺការមិនខ្វាយខ្វល់ពីការងារជារួមរបស់ក្រុមហ៊ុន។
២. ខ្ញុំមិនដឹង : បើអ្នកនិយាយបែបនេះ តើអ្នកមានន័យថាអ្នកនឹងបន្ត «ការមិនដឹង» របស់អ្នករហូតឬ? ជាការពិតណាស់ គ្មាននរណាម្នាក់ដែលចេះសព្វគ្រប់នោះទេ ក៏ប៉ុន្តែនៅក្នុងមជ្ឈដ្ឋានការងារ ការនិយាយបែបនេះអាចឱ្យសង្កត់បានថា អ្នកមិនខ្វល់ចង់ដឹង ចង់ឮ មិនចង់ចេះអ្វីថ្មី ឬនិយាយឱ្យតែរួចពីមាត់ដើម្បីគេចពីការងារដែលល្អប្រសើរជាងនេះ អ្នកគួរតែនិយាយថា «ខ្ញុំមិនច្បាស់ទេ តែចាំខ្ញុំ ស្រាវជ្រាវបន្ថែមសិន» ឬ «ខ្ញុំមិនទាន់បានដឹងទេ តែខ្ញុំនឹងព្យាយាមស្វែងយល់ ហើយចាំបានចាំខ្ញុំប្រាប់វិញ»។
៣. ការងារខ្ញុំសំខាន់ជាង : ការងារខ្ញុំសំខាន់ជាងនេះ គឺជាពាក្យសម្តីខុសធ្ងន់ធ្ងរមែនទែននៅកន្លែងការងារដែលបង្ហាញពីអំនួតរបស់ខ្លួនឯង និងការមើលងាយអ្នកដទៃ។ តាមសភាពជាក់ស្តែងនៅក្នុងក្រុមហ៊ុន ស្ថាប័នមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ហាក់ដូចជា កោសិការនៃសរីរាង្គមួយ ដែលសុទ្ធតែមិនអាចខ្វះបានទោះបីជាទាមទារជំនាញ ឬផ្តល់ប្រាក់ខែខុសៗគ្នាក៏ដោយ។ មិនថាអ្នកជាប្រធានគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុននោះទេ អ្នកមិនត្រូវប្រើសម្តីបែបនេះជាដាច់ខាត ទោះបីទៅលើអ្នកអនាម័យក៏ដោយ ព្រោះបើជាគ្មានពួកគាត់ អ្នកប្រហែលជាត្រូវធ្វើការនៅលើគំនរសំរាមហើយ ឬបន្ទប់ទឹកបង្គន់ក៏ប្រហែលមិនស្អាត និងមានក្លិនក្រអូបដែរ។
៤. ខ្ញុំរវល់ណាស់ : នៅពេលដែលអ្នកនិយាយបែបនេះមិនថាក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវចងចាំថាមិត្តរួមការងាររបស់អ្នកទាំងអស់គ្នារួមទាំងម្នាក់ដែលអ្នកកំពុងតែនិយាយជាមួយផងដែរនោះ ក៏សុទ្ធតែរវល់ដែរ។ តើអ្នកកំពុងតែបង្ហាញថាខ្លួនឧស្សាហ៍ ឬធ្វើការច្រើនជាងពួកគេមែនទេ? តើការធ្វើបែបនេះចំណេញអ្វីដែរទៅ? ជាការពិតណាស់រឿងការងារម្តងម្កាល គឺមានការងារបន្ថែម ប៉ុន្តែជំនួសឱ្យពាក្យ សម្តីគ្រោធគ្រាតអ្នកគួរតែនិយាយពាក្យពិតស្មោះត្រង់ ដោយទន់ភ្លន់ដូចជា «សុំទោសផងខ្ញុំត្រូវធ្វើការងារនេះបន្ទាន់ ពេលខ្ញុំរួចការងារបស់ខ្ញុំ ចាំខ្ញុំជួយធ្វើឱ្យ»។
៥. ការងារនេះខ្ញុំមិនចេះទេ : មិនមាននរណាម្នាក់ដែលកើតមកចេះស្រាប់នោះទេ ប៉ុន្តែការនិយាយបែបនេះ បែរជាមានអត្ថន័យថា «ខ្ញុំមិនចង់ចេះទេ» ទៅវិញ ដែលបង្ហាញពីកង្វះស្មារតីចង់រៀនសូត្រ និងបណ្តុះបណ្តាលខ្លួនឯងរបស់អ្នក។ និយាយជារួមមក គឺនិយាយបែបនេះគ្មានចំណេញអ្វីសោះតែម្តង គឺបានត្រឹមតែឱ្យគេកត់សម្គាល់ និងលែងទុកចិត្ត។
៦. មេចបានជាធ្វើខុសរហូតអញ្ចឹង? តាមឧត្ដមគតិកន្លែងធ្វើការជួយឱ្យមានសមភាពការសហការ និង ការងារជាក្រុម ជំនួសឱ្យការធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថាមានកំហុស (ទោះបីជាពួកគេមាន) សូមប្រើវិធីដែលមានការវិនិច្ឆ័យត្រឹមត្រូវ និងល្អប្រសើរជាងនេះ ភាពទន់ភ្លន់ភាគច្រើនមានប្រសិទ្ធភាពជាងក្នុងការកែប្រែកំហុសដោយយើងអាចនិយាយជំនួសវិញដោយ ពាក្យ «ធ្វើបានល្អហើយ តែសូមប្រយ័ត្នផង» ឬ «អរគុណសម្រាប់ការខិតខំប្រឹងប្រែង ប៉ុន្តែសូមពិនិត្យបន្តិចចៀសវៀងមានកំហុស»។
៧. ធ្វើការងារមិនដែលចេះត្រូវ : អ្នកត្រូវតែបែងចែកឱ្យច្បាស់ រវាងការរិះគន់ដើម្បីស្ថាបនា និងការរិះគន់ ដើម្បីឱ្យគេមិនសប្បាយចិត្ត។ ពេលខ្លះកំហុសអាចនឹងមានការប៉ះពាល់ខ្លាំង ប៉ុន្តែការយកកំហុសមួយ ឬ ពីរមកវាយតម្លៃលើសមត្ថភាពរបស់បុគ្គលិក ឬមិត្តរួមការងារមិនមែនជារឿងល្អនោះឡើយ។ ជំនួសមកវិញអ្នកអាចប្រើប្រាស់អនុសាសន៍ប្រកបដោយហេតុផល ដែលមានអត្ថន័យនៅកណ្តាលដែលសម្ដៅឱ្យគេបានយល់កំហុស និងកែតម្រូវ។
៨. ខ្ញុំមិនខ្វល់ មិនអើពើ : ប្រសិនបើក្រុមហ៊ុនមួយដែលមានបុគ្គលិកគ្មានឧត្តមគតិ និងមិនចេះគិត ឬធ្វើបែបនេះ ជារឿងមួយដែលគ្រោះថ្នាក់បំផុតសម្រាប់ក្រុមហ៊ុន ឬស្ថាប័នទាំងមូល ព្រោះក្រុមហ៊ុនមួយអាចដំណើរការបាន និងរីកចម្រើនគឺត្រូវការការជួយជ្រំជ្រែង និងចូលរួមសហការណ៍ពីបុគ្គលិកគ្រប់ផ្នែកទាំងអស់ ទាំងការចូលរួមចែករំលែក ផ្សព្វផ្សាយ និងសន្សំសំចៃទៅលើការប្រើប្រាស់់សម្ភារៈផ្សេងៗ ហើយត្រូវចេះជួយមើលបញ្ហាដែលកើតមានឡើយ និងជួយដោះស្រាយ និងសម្របសម្រួលតាមដែលអាចធ្វើទៅបាន។
៩. មិនមែនជាទ្រព្យសម្បត្តិរបស់ខ្ញុំ : ជាទូទៅបុគ្គលិកភាគច្រើនពួកគាត់គិតថា ទ្រព្យសម្បិត្តរបស់ក្រុមហ៊ុនគឺមិនមែនជាទ្រព្យសម្បិត្តរបស់ពួកគាត់ឡើយ នេះជាការគិតអវិជ្ជមាន ឬគិតខុស និងយល់ខុសដែលមិនអាចទទួលយកបាន។ បុគ្គលិកគ្រប់រូបត្រូវចាត់ទុកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទាំងការថែរក្សាក៏ដូចជាការប្រើប្រាស់ និងការទទួលខុសត្រូវផងដែរ ក្រុមហ៊ុនអាចរីកចម្រើនបានអាស្រ័យទៅលើការចូលរួមថែរក្សា និងការពារពីបុគ្គលិកគ្រាប់ផ្នែក។
១០. និយាយដើមគ្នា : ការធ្វើការមិនចុះសម្រុងគ្នា មិននិយាយរកគ្នា តមាត់តករ ឬគ្មានទំនាក់ទំនងល្អគឺដោយសាតែការនិយាយដើមគ្នាពីនេះពីនោះដោយចៃដន្យ ឬប្រយោលអំពីការងា ឬរឿងផ្ទាល់ខ្លួនពីបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀត ពីផ្នែកមួយទៅផ្នែកមួយទៀត ឬនិយាយដើមប្រធានផ្នែក នាយក ឬចាងហ្វាង។ ប្រសិនបើមានរឿងនិយាយអំពីការងារ ឬរឿងផ្ទាល់ខ្លួនត្រូវនិយាយជាផ្ទាល់ ឬបើមិនចង់និយាយដោយផ្ទាល់ ត្រូវរកអ្នកទីបីមកជួយសម្របសម្រួល និងដោះស្រាយបញ្ហាចៀសវាងការនិយាយដើមគ្នា និងមើលមុខគ្នាមិនត្រង់នៅកន្លែងធ្វើការ។
១១. ទទួលបានប្រាក់ខែតិច : ប្រាក់ខែជារឿងមួយដែលសំខាន់សម្រាប់បុគ្គលិកគ្រប់រូប ហើយការទទួលបានប្រាក់ខែ ក៏មិនដូចគ្នាដែរ គឺអាស្រ័យទៅលើការខិតខំប្រឹងប្រែង ព្យាយាម ធ្វើការ គោរពពេលវេលា និងបទពិសោធចំណេះដឹងការងារ។ ក្រុមហ៊ុនមិនអនុញ្ញាតឱ្យដឹងអំពីប្រាក់គ្នាទៅវិញទៅមក ហើយប្រាក់ខែតិច ឬច្រើនត្រូវពឹងផ្អែលលើសមត្ថភាពការងារដែលបានអនុវត្តន៍ជាក់ស្តែង និងស្នាដៃការងារដែលសម្រេចបាន។ ហេតុដូចនេះ សូមកុំនិយាយ ឬប្រៀបធៀបគ្នាទៅវិញទៅមកនៅកន្លែងធ្វើការងារអំពីប្រាក់ខែដែលទទួលបាន។