កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានជួបសំណេះសំណាល និងផ្ដាំផ្ញើដល់សិស្សានុសិស្សដែលជាកីឡាករ កីឡាការិនីតំណាងមណ្ឌលរាជធានីភ្នំពេញ។ ពិធីសំណេះសំណាលនេះធ្វើឡើងមុនការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៦-២០១៧ មកដល់ ដែលការប្រកួតនេះធ្វើឡើងនៅឯទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៦កញ្ញា រហូតដល់ថ្ងៃទី៥តុលា ខាងមុខនេះ។ លោក ជាង ប៊ុនលី ប្រធានចាងហ្វាងមធ្យមសិក្សាទុតិយភូមិនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រាប់កីឡាករ កីឡាការិនីរបស់ខ្លួនឱ្យចេះសហការគ្នា សាមគ្គីជាមួយនឹងកីឡាករ កីឡាការិនីជាសិស្សមកពីសាលាដទៃទៀត ដែលតំណាងឱ្យមណ្ឌលរាជធានីភ្នំពេញដូចគ្នា។ លើសពីនេះត្រូវចេះថែរក្សាសុខភាព និងប្រកាន់យកនូវឥរិយាបថថ្លៃថ្នូរ ស្ដាប់ការណែនាំរបស់គ្រូដឹកនាំ ស្ដាប់អាជ្ញាកណ្ដាល គោរពវិន័យ បទបញ្ញត្តិទូទៅ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណានាំយកមេដាយជូនមណ្ឌលរាជធានីភ្នំពេញឱ្យបាន។ កីឡាករ កីឡាការិនីដែលជាសិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលតំណាងមណ្ឌលរាជធានីភ្នំពេញមានចំនួន១៦នាក់ ដែលនឹងចូលរួមប្រកួតពីរវិញ្ញាសាកីឡាគឺ វាយកូនឃ្លីលើតុ និងបាល់បោះនារី នៅក្នុងចំណោមវិញ្ញាសាកីឡាច្រើនប្រភេទទៀតដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា៕
ចែករំលែកអត្ថបទនេះ