កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សា និងជាគណៈកម្មការពិនិត្យតាមដាន និងវាយតម្លៃ ព្រមទាំងជាប្រធានគណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារប្រមាណជាង០៨នាក់ ចុះអធិការកិច្ចផ្នែកមធ្យមសិក្សា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីត្រួតពិនិត្យលើរចនាសម្ពន្ធសាលារៀន ការគ្រប់គ្រង បរិស្ថាន រដ្ឋបាល និងបច្ចេកទេសបង្រៀនជាដើម។ អនុប្រធានសាលា ប្រធានចាងហ្វាង ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានការទទួលស្វាគមន៍គណៈប្រតិភូអធិការកិច្ច នៃមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ គណៈប្រតិភូអធិការកិច្ច បានបន្តស្ងើចសរសើរចំពោះស្នាដៃ និងការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់គណៈនាយក នាយក លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍន៍សាលារៀន និងមានភាពល្បីសុះសាយនៅទូទាំងប្រទេស ។ គណៈប្រតិភូអធិការកិច្ច បានលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលាថា លទ្ធផលដ៏ល្អប្រសើរខាងលើនេះ សូមគណៈនាយកសាលាបន្តការខិតខំ និងប្រឹងប្រែងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពអប់រំ ក្នុងការចូលរួមកសាងប្រទេសជាតិកម្ពុជាឱ្យរីកចម្រើនទៅថ្ងៃអនាគត។ ដើម្បីឆ្លើយតបទៅនឹងការកោតសរសើរនោះ លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងនាឱកាសនោះថា សាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានកិត្តិយស និងរីករាយបំផុតនូវប្រសាសន៍ល្អៗរបស់លោកប្រធានការិយាល័យបឋមសិក្សា។ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំ សាលារៀនកាន់តែរីកចម្រើន ល្បីល្បាញ និងមានការគាំទ្រពីមហាជនយ៉ាងផុសផុលនេះ គឺមានការបង្ហាញផ្លូវពីមន្ទីរអប់រំ យុវជន និងកីឡា រាល់ចំណុចខ្វះខាត និងអ្វីដែលត្រូវបំពេញបន្ថែម ដើម្បីគុណភាពអប់រំនៅកម្ពុជា។ អនុប្រធានសាលារៀនបន្ថែមថា ការផ្ដល់អនុសាសន៍ពីលោកប្រធានការិយាល័យ គឺសុទ្ធសឹងជាកត្តាសំខាន់បំផុត ដែលគណៈគ្រងសាលាបានយកទៅអនុវត្ត ហើយជាលទ្ធផលសាលា គឺទទួលបានជោគជ័យពិតប្រាកដមែន។ លើសពីនេះលោកស្រីក៏បានសង្កត់ធ្ងន់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានសហការល្អជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡា៕
ចែករំលែកអត្ថបទនេះ