កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំពិធីបិទបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅសាលប្រជុំ សូវ ហុងគុយ។ ដែលមានការសម្តែងច្រៀង រាំរបស់សិស្សជាច្រើនក្រុម និងបញ្ចាំងវីដេអូពីសកម្មភាពផ្សេងៗនាពេលកន្លងមក ដែលធ្វើឱ្យពិធីនេះ ពោរពេញដោយក្តីរំភើប សប្បាយ រីករាយ ក្តុលក្តួល របស់សិស្សានុសិស្សទាំងអស់ ខណៈចាប់ពីពេលនេះទៅពួកគេនឹងត្រូវបែកគ្នាមួយរយៈខ្លី ហើយអ្នកខ្លះទៀតនឹងបែកគ្នារហូតមិនដឹងថ្ងៃណាបានជូបគ្នាវិញ។
លោក ដាង វិបុល នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានមានប្រសាសន៍ថា លទ្ធផលក្នុងឆ្នាំនេះ សាលាទទួលបានជោគជ័យយ៉ាងធំធេង ដោយក្នុងនោះសាលាបានផលិតធនធានមនុស្សជាសិស្សពូកែបានច្រើន លើការប្រកួតចំណេះដឹង ទាំងថ្នាក់ជាតិ និងអន្តរជាតិ គឺបានមកពីការខ្នះខ្នែងយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកអាណាព្យាបាលសិស្ស ដែលបានចូលរួមអប់រំសិស្សដែលជាសក្ដានុពលស្នូលដ៏សំខាន់សម្រាប់កសាងអនាគតរបស់សង្គមជាតិ។