កាលពីថ្ងៃទី២៣ ដល់២៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២១ ជូនដល់សិស្សានុសិស្សបញ្ចប់ការ សិក្សាថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២១–២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ចាងហ្វាង រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
ចាងហ្វាង រស់ យ៉ាណា បានថ្លែងទៅកាន់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស នាឱកាសនោះថា ចាងហ្វាងពិតជាមានសេចក្តីត្រេកអរជាពន់ពេកដែលប្អូនៗសិស្សានុសិស្សមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សក្តិសមនឹងទទួលបាននូវវិញ្ញាបនបត្រនាឱកាសនេះ។ ចាងហ្វាងក៏បានលើកឡើងថាបន្តទៀតថា ពីមួយឆ្នាំសិក្សាទៅមួយឆ្នាំសិក្សា សាលារៀនតែងអភិវឌ្ឍ និងរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ជោគជ័យខ្ពស់ទាំងនេះ គឺកើតឡើងចេញពីការខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសស្រាក់សស្រាំពីចាងហ្វាង គណៈកម្មការ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។ ពិសេសនោះ គឺមានការចូលរួម និងគាំទ្រពីបណ្ដាអ្នកអាណាព្យាបាលសិស្ស សិស្ស និងគ្រប់មជ្ឈដ្ឋានទាំងអស់។ លើសពីនេះ ចាងហ្វាងបានបន្តថា កុមារគ្រប់រូបសុទ្ធសឹងជាគ្រាប់ពូជដ៏ល្អសម្រាប់ប្រទេសជាតិទាំងមូល តែបើកុមារទាំងនោះនៅក្នុងសង្គមមួយអាប់អួ សង្គមប្រើអំពើហិង្សា កេងប្រវ័ញ្ច ឬសង្គមមួយសម្រាប់តែស្ដីបន្ទោស នោះអនាគតពួកគេនឹងទៅបែបហ្នឹងជាក់ជាមិនខាន ព្រោះថាកុមារឆាប់ងាយនឹងទទួលយកណាស់។
ដូច្នេះ គួរជ្រើសសង្គមមួយដ៏ល្អសម្រាប់កុមារដើម្បីបណ្ដុះបណ្ដាលពួកគេឱ្យក្លាយជាកូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អ ទាំងពេលបច្ចុប្បន្ន និង អនាគត។
សូមជម្រាបថា ក្នុងពិធីចែកវិញ្ញាបនបត្រដ៏អធិកអធមនេះ ក៏មានសម្ដែងរបាំប្រពៃណី បង្ហាញក្បាច់រាំ និងសម្ដែងរឿងជាច្រើនទៀតរបស់សិស្សថ្នាក់មតេ្តយ្យសិក្សាផងដែរ។