កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បាននិមន្តព្រះសង្ឃចំនួន៩អង្គ រៀបចំប្រារព្ធពិធីបង្សុកូល រាប់បាត្រ និងសូត្រមន្តរំដោះគ្រោះ ដើម្បីដំឡើងរាសី និងទទួលបានសិរីមង្គលក្នុងឱកាសឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ ជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សទាំងអស់ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយរាប់បាត្រឡើងនៅសាលារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ គឺក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមបែបព្រះពុទ្ធសាសនា ដើម្បីប្រោះព្រំបួងសួងដំឡើងរាសីសុំពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនាឱកាសឆ្នាំថ្មី ហើយជម្នះគ្រប់ឧបសគ្គ និងជៀសចាកឆ្ងាយពីឧបទ្រពទាំងពួងកុំបីជួបឡើយ។
កម្មវិធីដ៏អធិកអធមនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សម្នាក់ៗសុទ្ធតែពោរពេញដោយសទ្ធាជ្រះថ្លាដើម្បីបំពេញកុសលគ្រប់ៗគ្នា ដោយក្នុងនោះបានប្រគេននូវទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យចំពោះព្រះសង្ឃ និងនាំគ្នារាប់បាត្រចម្រើនមង្គលមហាប្រសើរ ឧទ្ទិសកុសលផលបុណ្យវេរជូនដល់បុព្វការីជនដែលបានធ្វើមរណកាលទៅបរលោកជាកិច្ចបញ្ចប់កម្មវិធី។ នៅក្នុងកម្មវិធីសូត្រមន្តដំឡើងរាសីទទួលសិរីមង្គលឆ្នាំថ្មីនេះ គណៈគ្រប់គ្រងសាលាបានរៀបចំទេយ្យវត្ថុប្រគេនជូនព្រះសង្ឃរួមមានចង្ហាន់៩ស្រាក់ ស្លាដក៩ ទឹកផ្លែឈើ៩កេស ទឹកសុទ្ធ៩កេស មី៩កេស ផ្លែឈើ៩កន្រ្តក និងបច្ច័យ៦ម៉ឺនរៀនក្នុងមួយអង្គ មានចំនួន៨អង្គ ដោយឡែកព្រះសង្ឃរាជ១០ម៉ឺនរៀល ចំនួន១អង្គផងដែរ។