អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍
ក្រោមប្រធានបទ “មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានលើទឹកដីខេត្តសៀមរាប”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE #AmericanInterconSchool
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានលើទឹកដីខេត្តសៀមរាប ដូចការគ្រោងទុក។ នៅព្រឹត្តិការណ៍នេះដែរ មានគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងសិស្សានុសិស្សនៅក្នុងខេត្តសៀមរាប ចូលរួមប្រមាណ៣០០ នាក់ ដោយនាំគ្នាដើររើសសំរាមនៅតាមទីតាំងសំខាន់ៗចំនួន៨ ក្នុងក្រុងខេត្តសៀមរាប ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹង ស្ដីពីបរិស្ថានរស់នៅអនាម័យ សុខុមាលភាព សោភ័ណភាព និងចូលរួមយុទ្ធនាការលើកកម្ពស់បរិស្ថានបៃតងដល់សាធារណជន ជាពិសេសផ្ដល់គំរូល្អក្នុងការថែរក្សាអនាម័យបរិស្ថាននៅកម្ពុជា។
យុទ្ធនាការសម្អាតបរិស្ថាននេះ ត្រូវបានចាប់ពីទីតាំងអគារមជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប ដែលស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយក្រុមទី១ និងទី២ ចាប់ពីស្តុបផ្សារលើកាត់តាមបណ្តោយផ្លូវលោកតាណឺយ បត់តាមផ្លូវ៧មករាទៅរង្វង់មូលវត្តដំណាក់។ ក្រុមទី៣ និងទី៤ ពីផ្លូវលំលូទឹកស្អុយក្រោយផ្សារទំនើបអង្គរ បត់ឡើងតាមផ្លូវបាក់ខែង ហើយបត់តាមផ្លូវតាភុល រួចបត់តាមផ្លូវ សម្តេច ទេព វង្ស ទៅកាន់មន្ទីរពេទ្យខេត្ត។ ដោយឡែក ក្រុមទី៥ និងទី៦ ចាប់ពីស្តុបផ្សារញ៉ែតាមផ្លូវជាតិលេខ៦ បត់ចូលផ្លូវស៊ីវុត្ថា តាមស្តុបសុខា រួចបត់ឡើងតាមផ្លូវ សម្តេច ទេព វង្ស ឆ្ពោះទៅស្ពានវត្តបូព៌ បត់ស្តាំទៅកាន់ស្ថានីយប្រេងឥន្ទនៈតូលតាល់។ ខណៈក្រុមទី៧ និងទី៨ ចាប់ពីស្តុបផ្សារលើតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់សាលារៀន អន្តរទ្វីប អាមេរិកកាំង (ទល់មុខផ្សារទំនើបអង្គរ)។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំចំណេះដឹងស្ដីពីបរិស្ថានរស់នៅ អនាម័យ សុខភាព សោភ័ណភាព នៃក្រុងសៀមរាបឱ្យកាន់តែប្រសើរ។ ហើយសកម្មភាពនេះធ្វើឡើងដើម្បីចូលរួមបំផុសគំនិត លើកកម្ពស់ស្មារតីមហាជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សឱ្យគាត់ជួយចូលរួមថែរក្សា សោភណ្ឌភាពបរិស្ថាននៅក្នុងសហគមន៍របស់សាលា ក៏ដូចជានៅក្នុងក្រុងនៃខេត្តសៀមរាបតែម្តង។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតងដល់សង្គម លើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងខេត្តសៀបរាមឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក៕