កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈប្រតិភូអធិការកិច្ច នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ាង ឡាឌី ប្រធានការិយាល័យមធ្យមសិក្សា បានចុះអធិការកិច្ច នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី អគារលេខ១C និង១៣D ផ្លូវ៥៣ កែង១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា ដោយផ្ដោតសំខាន់ទៅលើ៣ចំណុចមានដូចជា កិច្ចការគ្រប់គ្រងរដ្ឋបាល ការងារបរិស្ថាន និងបច្ចេកទេសបង្រៀន ។ បន្ទាប់ពីគណៈប្រតិភូអធិការកិច្ច ចុះពិនិត្យ និងតាមដានកិច្ចការមួយព្រឹកពេញនោះ លោក ហ៊ាង ឡាឌី ក៏បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានអភិវឌ្ឍន៍ និងរីកចម្រើនបានលឿន។ លោកបន្ថែមថា ឆ្នាំសិក្សា២០១៩-២០២០ នេះ កិច្ចការគ្រប់គ្រងរដ្ឋបាល ការងារបរិស្ថាន និងបច្ចេកទេសរៀន និងបង្រៀន គឺសមស្របទៅនឹងតម្រូវការរបស់ក្រសួងអប់រំ ក៏ដូចមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប៉ុន្តែនៅមានចំណុចអវិជ្ជមានតិចតួចក្នុងការបំពេញបន្ថែមបន្តទៀតដើម្បីឱ្យ សាលារៀន អន្តរទ្វីប អាមេរិកាំង កាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងការចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា នេះ អ្នកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងអំណរអរគុណដល់គណៈប្រតិភូអធិការកិច្ចយ៉ាងក្រៃលែង ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិនិត្យ តាមដាន វាយតម្លៃលទ្ធផល និងកែលម្អ ដើម្បីឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង កាន់តែអភិវឌ្ឍន៍ និងរីកចម្រើន។