បន្ទាប់ពីសិស្សានុសិស្សមកពីបណ្ដាសាលារៀនរដ្ឋ និងឯកជននៅទូទាំងរាជធានីខេត្ត សរុប២៧ក្រុម បានបញ្ចេញសមត្ថភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅវគ្គជម្រុះក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៧ កាលពីថ្មីៗនេះ គណៈកម្មការបានរកឃើញតែ៥ ក្រុមប៉ុណ្ណោះដែលមានសមត្ថភាពឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅសាលចតុមុខ។ ក្នុងនោះ ក៏មានកុមារមួយក្រុមមានគ្នា៤នាក់ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ។
សូមជម្រាបថា ការប្រកួតប្រជែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៧ នេះ បានការរៀបចំឡើងដោយក្រសួងព័ត៌មាន ដែលតម្រូវឱ្យបេក្ខជននៃក្រុមនីមួយៗនិពន្ធទំនុកភ្លេង បទចម្រៀង និងជាការសម្ដែងដោយខ្លួនឯង ដោយផ្ដោតទៅលើការអប់រំជាសំខាន់។
ប្រធានចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក លោកស្រី សាឯម កម្រង បានឱ្យ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ដឹងថា ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ សិស្សានុសិស្សខ្លួននឹងអាចទទួលបានជ័យជម្នះដូចឆ្នាំមុនដែរ ព្រោះថាពួកគេបានប្រឹងប្រែងហ្វឹកហាត់ ព្រមទាំងមានគ្រូផ្នែកសិល្បៈបានចង្អុលបង្ហាញ និងណែនាំផងដែរ។ លោកស្រីបន្ថែមថា កម្មវិធីនេះពិតជាមានប្រយោជន៍ចំពោះសិស្សានុសិស្សក្មេងៗ ពីព្រោះវាជាឱកាសឱ្យពួកគេបានបញ្ចេញសមត្ថភាព ចំណេះដឹង ទេពកោសល្យ និងបទពិសោធផ្ទាល់ខ្លួន ដើម្បីបង្ហាញទៅកាន់ទស្សនិកជន។
គួររម្លឹកជូនថា បេក្ខជនមួយក្រុមដែលជាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្លាប់ដណ្ដើមបានជ័យជម្នះលេខ១ ម្ដងរួចមកហើយ កាលពីដើមខែឧសភា ឆ្នាំ២០១៦ នៅក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៦ កន្លងទៅ៕