អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “មានសុខភាពល្អជាមុនទើបអាចមានអ្វីៗតាមក្រោយ”
អត្ថបទដកស្រង់ដោយ : ទ្រី ណូរី
#MJQE #American Intercon School
សុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតព្រោះថា បើមិនមានសុខភាពល្អទេ យើងក៏នឹងមិនអាចសម្រេចសមិទ្ធផលអ្វីបានឡើយ។ ដោយសារតែលក្ខខណ្ឌសុខភាពល្អនាពេលបច្ចុប្បន្នល្អ យើងអាចនឹងរស់នៅដោយគិតថា គ្មានអ្វីធ្ងន់ធ្ងរអាចកើតឡើងលើរូបយើងឡើយ។ តែការពិតនោះ មិនប្រាកដទេថាថ្ងៃស្អែកយើងគ្រប់គ្នាអាចងើបពីដំណេកជាមួយនឹងសុខភាពល្អដូចថ្ងៃនេះ។ បើដឹងថា សុខភាពរបស់យើងនឹងមិនស្ថិតស្ថេរដូចថ្ងៃនេះ អ្នកនឹងមិនយកចិត្តទុកសុខភាពអ្នកទៀត ឬយ៉ាងណា? មុនថ្ងៃស្អែកចូលមកដល់ និងបន្ទាប់ពីអានអត្ថបទនេះរួច យើងសង្ឃឹមថាថ្ងៃនេះជាថ្ងៃចុងក្រោយដែលអ្នកព្រងើយកន្តើយនឹងផែនការថែរក្សាសុខភាពរបស់អ្នក ដោយសារតែសុខភាពរបស់យើងម្នាក់ៗមិនស្ថិតស្ថេរនោះឡើយ។
តាមរយៈការសិក្សាមួយបានឱ្យដឹងថា នៅក្នុងខ្លួនរបស់យើងម្នាក់ៗមានកោសិកាជាង៣០សែនកោដិ។ កោសិកាខ្លះបានស្លាប់ ខ្លះក៏កើតឡើងវិញ ហើយខ្លះទៀតបានផ្លាស់ប្តូររូបរាង។ ប្រសិនបើកោសិការបស់យើងបន្តកកើតឡើង យើងនឹងមានសុខភាពល្អ ហើយមុខងាររាងកាយនឹងដំណើរការល្អធម្មតា។ ប៉ុន្តែ បើកោសិការបស់យើងចាប់ផ្តើមផ្លាស់ប្តូររូបរាង នោះបញ្ហាសុខភាពនឹងកើតមានឡើង។ នេះមិនមែនជាកំហុសរបស់យើងទេ វាក៏មិនមែនមកពីតំណពូជ ឬទម្លាប់អាក្រក់ដែលយើងមិនបានថែទាំរាងកាយឡើយ តែវាជាជំងឺមហារីក។ ប្រសិនបើ យើងបន្តបណ្តែតបណ្តោយខ្លួនឯងជាមួយនឹងទម្លាប់អាក្រក់ដែលបំផ្លាញសុខភាពរបស់យើង នោះអ្វីដែលយើងអាចរំពឹងទុកបាន គឺជាផលវិបាកផ្នែកសុខភាពដូចគ្នា។ ជំងឺដែលគំរាមកំហែងដល់អាយុជីវិតដូចជា ជំងឺគាំងបេះដូង ជំងឺសួត មហារីក ឬខ្សោយក្រលៀន (តម្រងនោម) គឺជាជំងឺដែលអាចកើតមានឡើងដោយសារការជក់បារី ការទទួលទានអាហារមិនល្អ ឬការទទួលទានគ្រឿងស្រវឹងច្រើនជាដើម។ ជួនកាល កោសិកាក្នុងខ្លួនរបស់យើងដំណើរការបានល្អធម្មតា ហើយយើងក៏បានបង្កើតទម្លាប់ល្អៗ ដើម្បីធ្វើឱ្យមានសុខភាពល្អ ប៉ុន្តែយើងនៅតែអាចឈឺដោយប្រការចៃដន្យដូចជា ការឆ្លងមេរោគ ឬទទួលរងនូវផលប៉ះពាល់ពីជំងឺរាលដាលជាសាកលដូចជាជំងឺសារ ឬកូវីដ-១៩ ជាដើម។
ទោះបីសុខភាពរបស់យើងមិនស្ថិតស្ថេមែន ក៏មិនមែនបានន័យថាយើងត្រូវតែអង្គុយគិត ដេកគិត និងខ្វាយខ្វល់ថាតើ កោសិការបស់យើងនឹងផ្លាស់ប្តូររូបរាង ឬទេ ឬព្យាយាមទាយទុកនូវប្រការចៃដន្យនានានោះដែរ។ ការខ្វាយខ្វល់ច្រើនពេកក៏នឹងមិនធ្វើឱ្យស្ថានការណ៍បានល្អប្រសើរឡើយ ហើយថែមទាំងខាតពេលវេលា និងកម្លាំងទៀតផង។ ដូចនេះ យើងគម្បីយកចិត្តទុកដាក់រៀបចំទម្លាប់ក្នុងការរស់នៅឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ត្រូវហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់ ទើបធ្វើឱ្យសុខភាពយើងល្អ ហើយអាចបង្កើតនូវសមិទ្ធផលនានាបានតាមក្រោយ៕
ដកស្រង់ចេញពី : manulife.com.kh