យុវតី លូ យូអ៊ី នឹងតំណាងឱ្យកម្ពុជា ដែលជាប់ឈ្មោះទៅប្រទេសជប៉ុនរយៈពេល៧ថ្ងៃ ដើម្បីចូលរួមក្នុងកម្មវិធី ASCOJA ដែលរៀបចំឡើងដោយក្លឹបយុវជនតូហ្ស៊ីប៉ាអាស៊ី (Toshiba Youth Club Asia)។ ក្នុងចំណោមសិស្សានុសិស្សកម្ពុជាស្នើឈ្មោះសុំចូលរួមក្នុងកម្មវិធីនេះ គឺមានតែយុវសិស្សពីរនាក់ប៉ុណ្ណោះ ដែលទទួលបានឱកាសដ៏កម្រនេះ នោះគឺយុវតី លូ យូអ៊ី មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង និងយុវសិស្សម្នាក់ទៀតមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ។សូមជម្រាបជូនថា កម្មវិធី ASCOJA នេះ គឺធ្វើឡើងក្នុងគោលបំណងឱ្យយុវជននៃបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន បានជួបជុំធ្វើការរួមគ្នា និងផ្ដោះប្តូរបទពិសោធនៃការសិក្សា ព្រមទាំងចែករំលែកវប្បធម៌គ្នាទៅវិញទៅមក។ ក្រៅពីនោះ ក៏មានចេតនាពញ្ញាក់ស្មារតីពួកគេឱ្យឈ្វេងយល់ពីស្ថានភាពជីវិតក្នុងការបង្កើតទំនាក់ទំនងការងារអាជីវកម្មក្នុងតំបន់អាស៊ាន និងលើកកម្ពស់មិត្តភាពក្នុងកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។
អ្វីកាន់តែពិសេសនោះគឺដើម្បីជំរុញការសិក្សា និងតម្រង់ទិសការអប់រំយុវជនអាស៊ានឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះជាការអះអាងរបស់យុវសិស្ស លូ យូអ៊ី។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីយុវតីរូបនេះបានជាប់ឈ្មោះទៅចូលរួមក្នុងកម្មវិធី ASCOJA នៅក្រុងតូក្យូនៃប្រទេសជប៉ុន នៅថ្ងៃទី២០ រហូតដល់ថ្ងៃទី២៧ ខែមីនាខាងមុខនេះ។ថ្លែងដោយមោទនភាព កញ្ញា លូ យូអ៊ី មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងពីមូលហេតុដែលជំរុញឱ្យនាងដាក់ពាក្យទៅចូលរួមក្នុងកម្មវិធីនេះ។ ក្នុងនោះ ក្រៅពីកត្តាលោកគ្រូអ្នកគ្រូនិងមិត្តភក្តិដែលបានលើកទឹកចិត្តនាង ក៏នៅមានម្តាយឪពុកផ្តល់កម្លាំងទឹកចិត្តផងដែរ។
ហើយម្យ៉ាងក៏ដោយសារតែគេចង់ចូលរួមឈ្វេងយល់ពីវប្បធម៌យុវជនអាស៊ាន ប្រព័ន្ធអប់រំ និងចង់ទទួលយកបទពិសោធជីវិតពីយុវជនតំបន់អាស៊ានផ្សេងទៀតផងដែរ។ ក្រៅពីនេះ យូអ៊ី ក៏មានបំណងចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរដល់យុវជនអាស៊ានឱ្យបានស្គាល់ដូចគ្នា។ យុវសិស្សវ័យ១៧ឆ្នាំមកពីសាលារៀន អន្តរទ្វីប អាមេរិកាំង រូបនេះបន្តថា ការណ៍នេះមិនត្រឹមតែជាមោទនភាពចំពោះគេតែម្នាក់ឯងប៉ុណ្ណោះទេ តែវាថែមទាំងជាមោទនភាពរបស់ស្ថាប័នអប់រំកម្ពុជាទាំងមូលផងដែរ។ ហេតុការណ៍នេះ វាមិនមែនជាសំណាងសម្រាប់យូអ៊ីទេ តែវាបានមកពីការខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងតាមរយៈការអានហើយអានទៀត ព្រមទាំងការព្យាយាមធ្វើវាដោយឥតពន្លែងចោល។គួរបញ្ជាក់ថា ក្នុងការស្នើសុំចុះឈ្មោះចូលរួមក្នុងកម្មវិធី ASCOJA គឺមានលក្ខខណ្ឌច្រើន ដែលពួកគេត្រូវមានជាចាំបាច់។
ក្នុងលក្ខខណ្ឌនោះ ពួកគេត្រូវតែជាសិស្សថ្នាក់វិទ្យាល័យមានជំនាញលើផ្នែកភាសាបរទេស និងមានចំណេះដឹងគ្រប់គ្រាន់ រួមទាំងសុខភាពល្អផងដែរ។ ម្យ៉ាង ពួកគេក៏ត្រូវមានដែរ ភាពក្លាហាន ជំនឿចិត្ត ម្ចាស់ការ និងឯករាជ្យលើខ្លួនឯង ហើយអ្នកចូលរួមបានត្រូវមានអាយុចាប់ពី១៥ឆ្នាំដល់១៨ឆ្នាំ។ យុវជនគួរតែស្វះស្វែងផ្លាស់ប្ដូរបទពិសោធ និងផ្សព្វផ្សាយវប្បធម៌គ្នាតាមរយៈការចូលរួមកម្មវិធីនានាក្នុងនិងក្រៅប្រទេស ដើម្បីដកបទពិសោធជីវិត ព្រោះវាជាដើមទន់យ៉ាងច្រើនក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។ យើងនៅក្មេងត្រូវខំរៀន និងដាក់ពាក្យឱ្យបានច្រើនកម្មវិធី។ រឿងជាប់ធ្លាក់ជារឿងធម្មតា ដូច្នេះកុំបោះបង់ចោលឡើយ៕
រូបភាព និងអត្ថបទយកពី The Intercon Rooster