អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “របាំត្រុដិ ”
អត្ថបទដោយ : សូ សារុំ
#MJQE #AmericanInterconSchool
របាំត្រុដិ គឺជារបាំប្រជាប្រិយខ្មែរមួយប្រភេទដែលគេតែងតែប្រគុំនូវរដូវចូលឆ្នាំថ្មី របាំនេះគឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុស ស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឱ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។
តាមសៀវភៅ «របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សសេរចងក្រងថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ។ ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំនីមួយៗមែន ប៉ុន្តែតាមទម្លាប់់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាដែលស្រុកទេសរាំងស្ងួតជាច្រើនថ្ងៃខែម្តងៗដែរ។
របាំត្រុដិនេះ ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិសេសសល់នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងពីដែនដីនេះពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងដែលអ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបនេះឯង។ កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជានៅរៀងរាល់ពេលបុណ្យចូលឆ្នាំដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល។ ហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុងខេត្តសៀមរាបដែលជិតរាជធានីចាស់ប៉ុណ្ណោះ។ ចំពោះប្រដាប់ប្រដាដែលត្រូវលេងនៅក្នុងពិធីនេះ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូចក្រុមធំយោងទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង។ ចំណែកប្រដាប់ប្រដាទាំងនោះទៀតសោត ក៏និយមទៅតាមនោះដែរ។
ប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សម្រាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាលដូចជា ច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ជាត់ប្រាក់ ដែលគេបាចទាន និងច្រៀងឱ្យពរដល់អ្នកដាក់ទាន។ ជាធម្មតាក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និងបង្ហាញពីគោលបំណងជួយដេញស្ទាក់ប្រើសឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។
ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី២ ទៅ៦នាក់ ជាអ្នកគោះបុក ជាចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។
ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ។ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេ គឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ។
របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖https://news.sabay.com.kh/article/1325177#utm_campaign=tele