អត្ថបទព័ត៌មានស្តីពីការកម្សាន្ត
ក្រោមប្រធានបទ “រឿងសាមញ្ញ១០យ៉ាងដែលយើងគួរធ្វើជាប្រចាំដើម្បីឱ្យជីវិតប្រសើរ និងស្រស់ស្រាយ”
អត្ថបទដោយ : ដាង វិបុល
រឿងដ៏សាមញ្ញដែលមនុស្សយើងភាគច្រើនតែងមើលរំលងនៅក្នុងជីវិត គឺឱ្យតែនៅមានជីវិតមានន័យថា យើងមានឱកាសរស់នៅថ្ងៃនេះឱ្យបានប្រសើរជាងថ្ងៃម្សិលមិញហើយ។ មានរឿងរ៉ាវជាច្រើនកើតឡើងនៅក្នុងជីវិត ហើយពេលខ្លះយើងច្រើនតែរវល់ដល់ភ្លេចខ្លួនជាមួយនឹងការងារប្រចាំថ្ងៃ
រវល់ខ្លាំងរហូតដល់ភ្លេចរស់នៅឱ្យបានត្រឹមត្រូវពេញលេញ។ ខាងក្រោមនេះគឺរឿងសាមញ្ញ ១០យ៉ាងដែលយើងគួរធ្វើដើម្បីធ្វើឱ្យជីវិតប្រសើរស្រស់ស្រាយឡើង៖

១. ចំណាយពេលជាមួយអ្នកដែលយើងស្រឡាញ់បំផុត :
សម្រាប់មនុស្សយើងភាគច្រើន គ្មានអ្វីនៅក្នុងលោកនេះសំខាន់ជាងទំនាក់ទំនងដែលយើងមានជាមួយមនុស្សជាទីស្រឡាញ់បំផុតរបស់យើងទេ ដូច្នេះសូមយកវាជាចំណុចចម្បងដែលត្រូវចំណាយពេលប្រកបដោយគុណភាពជាមួយពួកគាត់ជារៀងរាល់ថ្ងៃ។ កុំបណ្ដោយឱ្យកន្លែងដែលយើងរស់នៅក្លាយជាឧបសគ្គរារាំងយើងបាន លើកទូរស័ព្ទតេ ឬផ្ញើអ៊ីមែលទៅពួកគាត់ ប្រសិនបើយើងមិនអាចជួបគ្នាដោយផ្ទាល់។ ទាក់ទងទៅមិត្តភ័ក្តិ ឬសមាជិកគ្រួសារដែលអ្នកខាននិយាយជាមួយមួយរយៈ ឱ្យពួកគាត់បានដឹងថាអ្នកកំពុងគិតអំពីពួកគាត់។
២. ពោលពាក្យ “សូម” និង “អរគុណ” ឱ្យបានច្រើន :
សព្វថ្ងៃនេះយើងដូចជាកំពុងរស់នៅក្នុងពិភពលោកមួយឈ្មោះថា “មានតែខ្ញុំ (អញ)”។ ស្របពេលដែលឥរិយាបថល្អកំពុងក្លាយជាធនធានកម្រ ប្រសិនបើយើងអាចសម្ដែងការគួរសមនៅក្នុងការទំនាក់ទំនងនោះ យើងអាចធ្វើឱ្យមនុស្សជុំវិញយើងកាន់តែស្រស់បំព្រង។ ការផ្លាស់ប្ដូរឥរិយាបថរបស់យើងតែបន្តិចនឹងនាំមកនូវផលដ៏ប្រសើរ។ ការឱ្យតម្លៃ និងមានអំណរគុណចំពោះគ្នា ជួយយើងឱ្យមានអារម្មណ៍ល្អជាពិសេសជារៀងរាល់ថ្ងៃ។
៣. សើចឱ្យឮៗ :
តាមការស្រាវជ្រាវបញ្ជាក់ថា សំណើចគឺជាឱសថដ៏ស័ក្ដិសិទ្ធិដែលយើងអាចផ្ដល់ឱ្យខ្លួនឯងជារៀងរាល់ថ្ងៃ។ ដូច្នេះបើយើងកំពុងតែចំណាយពេលដ៏រីករាយខ្លះជាមួយមិត្តភក្ដិ (បែបកំប្លែងៗ) របស់យើង ឬមើលវីដេអូដែលជួយយើងឱ្យសើចសប្បាយអស់ពីពោះនោះ សូមកុំស្ដាយនឹងចំណាយពេលវេលាទាំងនោះឱ្យសោះ។
៤. ញ៉ាំអាហារសុខភាពយ៉ាងហោចណាស់មួយពេល :
គេថាអាហារដែលយើងញ៉ាំមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកម្រិតនៃសុភមង្គលរបស់យើង។ ដូច្នេះយើងគួរញ៉ាំអាហារសុខភាពយ៉ាងហោចណាស់ឱ្យបានមួយពេលជារៀងរាល់ថ្ងៃ មានដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់ និងត្រី។
៥. ឆ្លៀតពេលធ្វើលំហាត់ប្រាណ :
ពេលខ្លះយើងក៏ភ្លេច ឬមិនចង់ធ្វើលំហាត់ប្រាណឡើយ ប៉ុន្តែត្រូវចាំថា លំហាត់ប្រាណរាល់ថ្ងៃ (យ៉ាងតិច១៥នាទី) អាចជួយយើងឱ្យមានសុខភាពរាងកាយល្អ មិនងាយឈឺថ្កាត់ ជួយសន្សំទាំងថវិកា និងរស់នៅបានពេញលេញយូរអង្វែង។
៦. ប្រើពាក្យ “ស្រឡាញ់” ឱ្យបានញឹកញាប់ :
បើយើងសាកគិតដល់មនុស្សដែលយើងស្រឡាញ់បំផុតដែលបានចាកចេញពីយើងទៅ។ តើយើងចង់និយាយអ្វីទៅកាន់គាត់ប្រសិនបើមានឱកាស? យើងប្រហែលជាចង់ប្រាប់គាត់ថា យើងស្រឡាញ់គាត់ប៉ុណ្ណា ត្រឹមត្រូវទេ? ដូច្នេះសូមកុំចាំដល់យឺតពេល ចូរបង្ហាញក្ដីស្រឡាញ់ និងយកចិត្ដទុកដាក់ចំពោះគ្នាជារៀងរាល់ថ្ងៃ។
៧. ស្ដាប់តន្ត្រី :
វិទ្យាសាស្ត្របានបង្ហាញថា ការចំណាយពេលខ្លះស្តាប់តន្រ្តីរាល់ថ្ងៃជួយឱ្យជីវិតយើងកាន់តែប្រសើរ។ ជាពិសេសបទបែបពីដើមៗអាចជួយយើងឱ្យមានអារម្មណ៍ល្អ ស្រស់ស្រាយ បន្ថយភាពតានតឹង និងគេងលក់ស្រួលទៀតផង។
៨. ធ្វើអំពើល្អជាប្រចាំ :
ធ្វើល្អ បានល្អ! បើយើងចង់ឱ្យជីវិតរបស់យើងប្រសើរឡើង យើងគួរជួយឱ្យជីវិតអ្នកដទៃប្រសើរឡើងសិន។ ដូចជា ដាក់ទានឱ្យអ្នកក្រខ្សត់ សរសើរអ្នកនៅកន្លែងធ្វើការ ជួយមិត្តភក្ដិដោយមិនចង់បានអ្វីតបស្នង។ ផលនឹងត្រឡប់មករកយើងវិញច្រើនជាងនេះទៅទៀត។
៩. ឆ្លៀតពេលខ្លះនៅជាមួយខ្លួនឯង :
ការធ្វើឱ្យជីវិតប្រសើរឡើងមានន័យថា បណ្ដុះនូវគំនិតវិជ្ជមានជាប្រចាំ។ ដូច្នេះ យើងត្រូវមានពេលបញ្ចេញ និងបញ្ចូលថ្មជីវិត។ សាកចំណាយពេល៥នាទីពេលក្រោកពីដំណេក និងមុនចូលគេងដើម្បីបន្ធូរអារម្មណ៍ ដោយទម្រេតខ្លួន ដកដង្ហើមវែងៗ យឺតៗ។ ធ្វើបែបនេះរាល់ថ្ងៃ អ្នកនឹងភ្ញាក់ផ្អើលចំពោះលទ្ធផលមិនខាន។
១០. រៀនអ្វីដែលថ្មី :
អ្នកដែលរីករាយនឹងជីវិត សុទ្ធតែមានចំណុចដូចគ្នានេះ គឺពួកគេមិនដែលឈប់រៀនឡើយ។ សូមរៀនអ្វីថ្មីៗជារៀងរាល់ថ្ងៃ មិនថាតាមរយៈសៀវភៅ វេបសាយ ឬទូរទស្សន៍ក្ដី សូមរៀនឱ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបានដរាបណាអ្នកនៅមានជីវិត។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖