អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីជួយកូនឱ្យយល់ដឹងតាមរយៈការធ្វើកិច្ចការផ្ទះ”
អត្ថបទដោយ : សោម សំរឹទ្ធ
#MJQE#AmericanInterconSchool

ទម្លាប់ដែលល្អធ្វើឱ្យក្មេងចេះជួយកិច្ចការផ្ទះ ត្រូវឱ្យកូនស្គាល់ពីសារៈសំខាន់នៃកិច្ចការផ្ទះតាំងពីតូច ដូចជាការងារផ្ទះបាយ គឺអាចជួយឱ្យពួកគេចេះលាងសម្អាតចានពេលញុំាបាយរួចឱ្យកូនយកទៅទុកកន្លែងលាង និងចេះទុកដាក់សំរាមឱ្យមានរបៀប មានអនាម័យនៅក្នុងផ្ទះ ហើយការងារទំាងអស់នោះឪពុក ម្តាយត្រូវចេះជ្រើសរើសការងារទៅតាមអាយុកូនៗ ដោយការងារមិនធ្ងន់ពេក និងមិនស្រាលពេក ចំពោះការលេងរបស់ ឬសម្ភារៈលេងក្នុងផ្ទះរួច គឺត្រូវឱ្យពួកគាត់ចេះប្រមូល ជូតសម្អាតទុករាល់ពេលកូនលេងរួច ជាពិសេសពេលពួកគាត់ធ្វើកិច្ចការផ្ទះរួចរាល់ឪពុកម្តាយសូមកុំភ្លេចនិយាយពាក្យសរសើរ និងលើកទឹកចិត្តពួកគាត់ ដើម្បីឱ្យកូនៗរីករាយក្នុងការធ្វើការងារនេះទៀត ចុងក្រោយគឺនាំពួកគាត់ឱ្យធ្វើសកម្មណាដែរពួកគេចូលចិត្តបន្ទាប់ពីធ្វើកិច្ចការផ្ទះរួចរាល់។
ឪពុកម្តាយខ្លះ អាចកើតអាការមិនត្រូវចិត្ត (ខឹង) ភ្លាមតែម្ដង នៅពេលដែលកូនទាក់ អាក់ ឬគាំង ក្នុងចំណុចដែលខ្លួនគិតថា “ងាយ” ឬជួនកាលកូនធ្វើខុស ដោយសារតែមិនទាន់បានសង្កេតឃើញចំណុចអ្វីម្យ៉ាងនោះ ឪពុកម្ដាយ ក៏ស្រាប់តែបញ្ចេញអាការខឹងដាច់ក្បាលដាច់កន្ទុយ ធ្វើដូចរឿងទាំងនោះ លែងអាចកែកុនអីបានសោះ ធ្វើឱ្យបរិយាកាសក្នុងការធ្វើកិច្ចការផ្ទះរបស់កូន ក្លាយទៅជាស្រងូតស្រងាត់ ដូចគ្នានឹងបេះដូងរបស់កូន ដែលត្រូវស្វិតទ្រោមក្នុងគ្រានោះដែរ…។
បើមិនចង់ឱ្យអំឡុងពេលនៃការជួយកូនធ្វើកិច្ចការផ្ទះ ក្លាយជាអំឡុងពេលដ៏អាក្រក់ សម្រាប់ទាំងខ្លួនលោកអ្នក និងកូនយើងគួរណែនាំពីវិធីធ្វើឱ្យម៉ោងធ្វើកិច្ចការផ្ទះរបស់កូន ក្លាយជាម៉ោងនៃការរៀនយល់ដឹងដ៏ល្អមកជម្រាបជូន ព្រោះអ្នកវិភាគស្រាវជ្រាវបានរកឃើញថា ការដែលឪពុកម្តាយ សម្លឹងមើលអ្វីៗជុំវិញខ្លួនក្នុងន័យវិជ្ជមាន ផ្តល់នូវការគាំទ្រ និងផ្តល់នូវតម្លៃចំពោះការរៀនយល់ដឹង វានឹងក្លាយជាជំនួយដ៏សំខាន់មួយ ដែលធ្វើឱ្យកុមារបានរៀនចេះដឹងយ៉ាងពិតៗ ពីទម្រង់ហ្វឹកហាត់ទាំងអស់នោះ។
ផ្ទុយទៅវិញ ការដែលឪពុកម្តាយសម្លឹងឃើញកិច្ចការផ្ទះរបស់កូន គ្រាន់តែជាអ្វីមួយដែលត្រូវធ្វើឱ្យតែ រួចៗពីដៃ ឬក៏ត្រូវតែធ្វើចេញមកយ៉ាងល្អស្អាតជ្រុលហួសហេតុពេក ល្អលើសសមត្ថភាពរបស់ក្មេង (ឧទាហរណ៍ៈ ដោយការបញ្ជាឱ្យសរសេរតាម ឬឪពុកម្តាយធ្វើជំនួស) ដើម្បីចង់បានពិន្ទុល្អៗពីលោកគ្រូ អ្នកគ្រូនោះ គឺជាការទាញកូនឱ្យធ្លាក់ក្នុងរង្វង់នៃការរៀនសូត្រ ដែលមិនត្រឹមត្រូវទៅវិញទេ។
ការវិភាគស្រាវជ្រាវមួយនេះ បានសិក្សាពីទង្វើរបស់កុមារថ្នាក់ទី4 (បឋមសិក្សា) និងអ្នកអាណាព្យាបាលចំនួន134នាក់ ដោយអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Bengurion ប្រទេសអ៊ីស្រាអែល ដែលលោកវេជ្ជបណ្ឌិត Idit Kartz ម្ចាស់ការងារវិភាគស្រាវជ្រាវនេះ បានរៀបរាប់ប្រាប់ថា៖
ឪពុកម្តាយ អាចបង្កើតទំនោរចិត្តដល់កូនក្នុងការធ្វើកិច្ចការផ្ទះបានដោយការយល់ព្រមឱ្យកូនៗធ្វើកិច្ចការផ្ទះដោយខ្លួនឯង មិនចូលទៅលូកលាន់ជ្រុលហួសហេតុពេក រួមទាំងគួរមើលរំលងការខុសឆ្គងបន្តិចបន្តួចខ្លះផង បើវាជាការធ្វើឱ្យកុមារសប្បាយរីករាយក្នុងការធ្វើកិច្ចការផ្ទះរបស់ពួកគេនោះ។
ក្រៅពីនោះ ការរៀបចំបរិយាកាសខាងក្នុងផ្ទះឱ្យមានការទាក់ទាញដល់ការចង់ធ្វើកិច្ចការផ្ទះរបស់កុមារផងនោះ គឺជារឿងមួយល្អប្រសើរមែនទែន ព្រោះបើបរិយាកាសល្អ មានឧបករណ៍សម្រាប់រៀនគ្រប់គ្រាន់ កុមារនឹងមានអារម្មណ៏ថា មានចិត្តចង់រៀន ចង់ធ្វើជាមិនខាន៕