អត្ថបទព័ត៌មានស្តីពីការរស់នៅ
ក្រោមប្រធានបទ “វិធីសាស្ត្រក្នុងការប្រៀបធៀបឱ្យបានត្រឹមត្រូវ”
អត្ថបទដោយ : លីម រតនៈ

១. ប្រៀបធៀបខ្លួនឯងនឹងខ្លួនឯង : ជំនួសឱ្យការដែលយកខ្លួនឯងទៅធៀបនឹងអ្នកដទៃ អ្នកគួរយកពេលមកចាប់អារម្មណ៍នឹងខ្លួនអ្នកវិញទើបជាការប្រសើរជាង។ គួរយកពេលម្សិលមិញរបស់ខ្លួនអ្នក មកធៀបនឹងថ្ងៃនេះរបស់អ្នក តើអ្នកបានធ្វើសកម្មភាពដែលល្អមានប្រយោជន៍ រីកចម្រើនជាងម្សិល មិញហើយឬនៅ? ឬយកពេលវេលាបច្ចុប្បន្នអ្នកទៅធៀបនឹងពេលអតីតកាលរបស់ខ្លួន សួរថាខ្លួនឯងបានធ្វើបច្ចុប្បន្នភាពឱ្យប្រសើរ ផ្លាស់ប្ដូរល្អជាងអតីតឬនៅ? បើនៅ តើចាំដល់ពេលណា? សូមចាប់ផ្ដើមពីវិនាទីនេះទៅ ដូចជាខំរៀនសូត្រ ប្រឹងប្រែងធ្វើការ ឧស្សាហ៍ជាងពីមុន ព្រោះពេលវេលាផ្លាស់ប្ដូរ អ្នកគួរតែផ្លាស់ប្ដូរសមត្ថភាពភាពជាអ្នកដូចគ្នា។
២. ប្រៀបធៀបភាពប្រហាក់ប្រហែលគ្នានៃខ្លួនឯងនឹងអ្នកដទៃ : ការប្រៀបធៀបគួរយកភាពប្រហាក់ប្រហែលគ្នាមកផ្ទឹម មិនមែនយកចំណុចផ្ដើម ធៀបនឹងចំណុចបញ្ចប់ទេ។ ប្រសិនអ្នកឃើញគេល្អ ពូកែ មានសមត្ថភាព អ្នកគួរគិតអំពីសកម្មភាពដែលគេអនុវត្តរាល់ថ្ងៃ មិនមែនឱ្យត្រាប់តាមស្ទីលគេទាំងស្រុងឡើយ តែត្រូវពិចារណាយកបទពិសោធគេមកគិត បើខ្លួនអ្នកធ្វើបែបនេះដែរតើវាសមនឹងលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនទេ? អាចនាំខ្លួនអភិវឌ្ឍជាងមុនទេ? មួយវិញទៀត ពេលឃើញគេមានចំណុចអវិជ្ជមាន អ្នកគួរសង្កេតមើលមកខ្លួនឯងថាអ្នកមានចំណុចអាក្រក់ដូចគេទេ? បើមានសូមកែខៃបន្ទាន់ បើពុំទាន់មាន គួរជៀសវាងកុំឱ្យខ្លួនឯងមានចំណុចមិនល្អដូចគេដែរ។ ត្រឹមពីរគន្លឹះងាយៗនេះ គឺអ្នកអាចបញ្ឈប់នូវការឈឺចាប់ដែលកើតចេញពីការប្រៀបធៀបខុសទៅហើយ។
សូមចាំថាគ្រប់គ្នាកើតមកជាមួយលក្ខណៈពិសេសរៀងៗខ្លួន ដែលអ្នកដទៃពិបាកនឹងធ្វើឱ្យមានដូចអ្នក ចាប់អារម្មណ៍នឹងភាពខ្លាំងដែលអ្នកមាន ហើយរីករាយអភិវឌ្ឍជាមួយសុភមង្គលដែលអ្នកកំពុងស្ថិតនៅ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.heartbookcambodia.com