អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “វិធីសាស្ត្រ៦ចំណុចសំខាន់ៗ ដើម្បីថែទាំសុខភាពភ្នែកឱ្យមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : អ៊ុន ច័ន្ទនិមល
ការវិនិយោគលើបញ្ហាសុខភាពរបស់អ្នក ក្នុងពេលដែលអ្នកនៅវ័យក្មេង និងអាចដូចទៅនឹងការវិនិយោគទុនផ្នែកហិរញ្ញវត្ថុក្នុងដំណាក់កាលដំបូងនៃឆាកជីវិតផងដែរ។ អ្នកត្រូវចាប់ផ្ដើមដើម្បីសម្រេចឱ្យបានគោលដៅរបស់ខ្លួន ហើយលទ្ធផលនឹងកើតមាននៅពេលអនាគត។ តើមានវិធីសាស្រ្តអ្វីខ្លះដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ដើម្បីទ្រទ្រង់សុខភាពភ្នែករបស់អ្នកឱ្យបានកាន់តែល្អនៅថ្ងៃអនាគត? ថ្ងៃនេះខ្ញុំសូមលើកយកវិធីសាស្រ្ត៦ចំណុចសំខាន់ៗ ដើម្បីថែទាំសុខភាពភ្នែកឱ្យមានសុខភាពល្អដូចខាងក្រោម៖
១. បរិភោគរបបអាហារដែលជួយដល់សុខភាពភ្នែក :
ការការពារភ្នែកចាប់ផ្ដើមគិតចាប់ពីអាហារដែលយើងបរិភោគទៅ។ តាមការសិក្សាស្រាវជ្រៀវបង្ហាញថា សារធាតុចិញ្ចឹមដែលមាននៅក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃដូចជា អាស៊ីតខ្លាញ់អូមេហ្គា៣ Lutein ស័ង្កសី វីតាមីនស៊ី និងវីតាមីនអ៊ី អាចជួយការពារពីបញ្ហាគំហើញនៅវ័យចំណាស់ដូចជា ការធ្លាក់ចុះនៃកន្លែងទទួលរូបភាព (Macular Degeneration) និងជំងឺភ្នែកឡើងបាយ។ ការបរិភោគអាហារទាំងនេះជាទៀងទាត់នាំឱ្យភ្នែកយើងមានសុខភាពល្អ។ ចំពោះអាហារទាំងនេះមាន៖
• បន្លែបៃតងដូចជា ផ្ទី ខាត់ណាផ្កា ខាត់ណាដើម (Collards)
• ត្រីសាម៉ុន ត្រីធូណា និងប្រភេទត្រីដែលសម្បូរខ្លាញ់ជាច្រើនទៀត
• ស៊ុត គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែក និងប្រភពប្រូតេអ៊ីនផ្សេងទៀតដែលមិនមែនជាប្រភេទសាច់
• ផ្លែក្រូច ក្រូចឆ្មា ឬទឹកផ្លែឈើ
• Oysters និងសាច់ជ្រូក
ការទទួលទានរបបអាហារដែលមានតុល្យភាពល្អអាចជួយអ្នករក្សាទម្ងន់ឱ្យស្ថិតក្នុងស្ថានភាពល្អ ដែលធ្វើឱ្យអ្នកជៀសវាងបានពីជំងឺដែលទាក់ទងនឹងការធាត់លើសទម្ងន់មួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុដែលនាំឱ្យងងឹតភ្នែកចំពោះមនុស្សពេញវ័យ។
២. បញ្ឈប់ការពិសាបារី :
ការពិសារបារីធ្វើឱ្យអ្នកងាយនឹងមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព (Macular Degeneration)។ ប្រសិនបើអ្នកបានព្យាយាមឈប់ពិសាបារីពីមុនហើយ ប៉ុន្តែបានចាប់ផ្តើមពិសាបារីម្ដងទៀត សូមព្យាយាមបញ្ឈប់ការពិសាបារីឱ្យបាន។ ការព្យាយាមឈប់ពិសាបារីបានច្រើនដងពេលណា នោះអ្នកនឹងទទួលបានការផ្ដាច់បារីដោយជោគជ័យ។
៣. ពាក់វ៉ែនតាការពារពន្លឺថ្ងៃ :
ប្រភេទវ៉ែនតាការពារពន្លឺថ្ងៃដែលមានគុណភាពល្អនឹងជួយការពារភ្នែករបស់អ្នកពីកាំរស្មីអុលត្រាវីយូឡេរបស់ព្រះអាទិត្យ (UV Ray)។ ការប៉ះពាល់កាំរស្មី UV ច្រើនធ្វើឱ្យភ្នែករបស់អ្នកឆាប់កើតជំងឺភ្នែកឡើងបាយ និងការធ្លាក់ចុះនៃកន្លែងទទួលរូបភាព (Macular Degeneration)។ ជ្រើសរើសវ៉ែនតាដែលការពារកាំរស្មី UVA និង UVB បាន៩៩% ទៅ១០០%។ គួរប្រើវ៉ែនតាដែលមានស៊ុមជុំវិញអាចជួយការពារភ្នែករបស់អ្នកពីគ្រប់កន្លែង។ កញ្ចក់ Polarize អាចជួយកាត់ស្រមោល និងពន្លឺភ្លើងឡាននៅពេលយប់។ ប្រសិនបើអ្នកពាក់ Contact Lens មួយចំនួនដែលអាចជួយការពារកាំរស្មី UV ក៏វានៅតែមិនល្អដូចការពាក់វ៉ែនតាការពារ UV នោះដែរ។
៤. ប្រើឧបករណ៍សុវត្ថិភាពការពារភ្នែក :
ប្រសិនបើអ្នកបានធ្វើការជាមួយសម្ភារៈគ្រោះថ្នាក់ ឬការងារនៅទីខ្ពស់ ឬនៅតាមផ្ទះ សូមពាក់វ៉ែនតាការពារភ្នែកគ្រប់ពេល។ កីឡាមួយចំនួនដូចជា Hockey, Racquetball, and Lacrosse ផងដែរ អាចនាំឱ្យរងរបួសភ្នែក។ ពាក់ឧបករណ៍ការពារភ្នែកដូចជា មួកសុវត្ថិភាព របាំងការពារមុខ ឬវ៉ែនតាដែលមានកញ្ចក់ជាប្រភេទកាបោនរឹងមាំដើម្បីការពារភ្នែករបស់អ្នក។
៥. ព្យាយាមងាកចេញពីកញ្ចក់កុំព្យូទ័រ ឬសម្លឹងឆ្ងាយ :
• ដាក់កុំព្យូទ័ររបស់អ្នកឱ្យទាបជាងកម្រិតនៃភ្នែករបស់អ្នកបន្តិចដើម្បីឱ្យភ្នែកមើលចុះក្រោមទៅកញ្ចក់កុំព្យូទ័រ។
• សូមព្យាយាមជៀសវាងការចាំងពន្លឺពីបង្អួចកញ្ចក់ និងពីពន្លឺកុំព្យូទ័ររបស់អ្នក។ ចាំបាច់ត្រូវប្រើអេក្រង់ការពារពន្លឺកុំព្យូទ័រ។
• ជ្រើសរើសកៅអីដែលមានផាសុខភាពមួយដើម្បីអង្គុយដាក់បាតជើងរបស់អ្នកឱ្យរាបនៅលើកំរាលឥដ្ឋ។
• ប្រសិនបើភ្នែករបស់អ្នកស្ងួត សូមព្យាយាមព្រិច ឬបិទឱ្យបានច្រើនដង។
៦. ទៅពិនិត្យភ្នែកឱ្យបានទៀងទាត់ :
យើងទាំងអស់គ្នា សូម្បីតែកុមារគួរទទួលបានការពិនិត្យភ្នែកឱ្យបានទៀងទាត់។ ការពិនិត្យភ្នែកជាទៀងទាត់អាចជួយការពារការគំហើញ និងការមើលឃើញដ៏ច្បាស់ល្អបំផុតមួយ។ ការពិនិត្យភ្នែកក៏អាចរកឃើញជំងឺភ្នែកមួយចំនួនដូចជា ជំងឺទឹកដក់ក្នុងភ្នែក ដែលមិនមានបញ្ចេញរោគសញ្ញា។ វាជាការសំខាន់បំផុតក្នុងការរកឃើញជំងឺនេះឱ្យបានទាន់ពេលវេលា ដែលអាចងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://housheng.com.kh/how-to-take-care-eye/
