អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្រ្តអប់រំបែបធម៌ត្រជាក់នៅពេលដែលកូនខូច និយាយមិនស្ដាប់”
អត្ថបទដកស្រង់ដោយ : ហុង សុភ័ស
#MJQE#AmericanInterconSchool
ក្មេងមិនខូចក៏មិនគួរឱ្យក្នាញ់ដែរ តែបើខូចពេកម៉ាក់ប៉ាច្បាស់ជាល្វីងមុខមិនខាន ប្រាប់ឆ្វេងទៅស្តាំ រពឹសនោះរពឹសចាប់មិនជាប់។ ម៉ាក់ប៉ាណាខ្លះកំពុងមានកូនៗក្បាលខូចបែបនេះ ដើម្បីដោះស្រាយបញ្ហានេះបាន សូមសាកល្បងប្រើប្រាស់វិធីសាស្រ្តដូចខាងក្រោម៖
១. ម៉េចកូនៗមិនស្តាប់សម្តី?
ធម្មតាទេ ពេលកូនៗចាប់ផ្តើមចង់ធ្វើតាមទំនើងចិត្ត ពួកគេច្បាស់ជាធ្វើមិនឮ ធ្វើមិនដឹង និយាយរួមមិនចង់ធ្វើតាមតែម្តង។ បើស្ថិតក្នុងវ័យចន្លោះពី២-៣ឆ្នាំ ជាពេលចង់ស្វែងយល់ពីពិភពជុំវិញខ្លួន ចង់ដឹងពីប្រតិកម្មអ្នកដទៃចំពោះទង្វើកូនៗ។
២. ប៉ាម៉ាក់គួរធ្វើបែបណា?
• ណែនាំងាយៗស្រួលយល់ : និយាយ ឬប្រាប់ឱ្យកូនៗ ត្រូវនិយាយឱ្យស្រួលស្តាប់ងាយយល់ ព្រោះបើកូនៗមិនយល់ច្បាស់ជាមិនព្រមធ្វើដាច់ខាត គួរនិយាយមួយៗងាយយល់។ ឧទាហរណ៍ “កូនជួយដាក់មួកប៉ាៗលើតុវិញផង” ល្អជាងនិយាយ “កូនៗជួយរៀបចំមួកកន្លែងដើមផង” ព្រោះបើមិនយល់ កូនៗច្បាស់ជាធុញមិនចង់ធ្វើ។ ដើម្បីដឹងថាកូនៗយល់ពីអ្វីយើងនិយាយ គួរឱ្យពួកគេនិយាយតាមសម្តីយើងឡើងវិញ។
• យល់ពីអារម្មណ៍ : បើកូនៗមិនព្រមស្តាប់សោះ ច្បាស់ជាមានអ្វីម្យ៉ាងអាចដោយសារហត់ ធុញថប់ រំខាន ឬត្រេកអរពេក។ ពេលម៉ាក់ប៉ាឃើញកូនៗមានអារម្មណ៍បែបនេះ គួរកាត់បន្ថយការងារដាក់ឱ្យធ្វើសិន។
• ផ្តល់សញ្ញា : ចង់ឱ្យកូនៗត្រលប់ទៅផ្ទះវិញ ក្រោយជិះទោង ឬលេងអ្វីរួច ត្រូវប្រាកដថាយើងបានប្រាប់មុនពេលត្រូវត្រឡប់ទៅផ្ទះ។ បើកូនៗនៅតែមិនអើពើ យើងអាចយកគេចេញពីទោងថ្នមៗ បីគេទៅផ្ទះវិញបែបនេះកូនៗប្រាកដជាដឹង ទោះមិនអើពើសម្តីម៉ាក់ប៉ា ក៏គង់តែទៅផ្ទះវិញដដែល។
• សរសើរ : ក្មេងៗសុទ្ធតែចូលចិត្តពាក្យសរសើរ ពេលធ្វើអ្វីមួយបានល្អ ដូច្នេះហើយបើកូនៗស្តាប់បង្គាប់គួរពោលពាក្យលើកសរសើរគ្នាផង។ ការសរសើរអាចលើកទឹកចិត្តកូនៗឱ្យធ្វើតាមយើងនៅពេលក្រោយ។
• បង្រៀនដោយលើកហេតុផល : បង្រៀនកូនៗឱ្យយល់ពីលទ្ធផលល្អ ពេលស្តាប់បង្គាប់ដោយប្រើពាក្យដូចជា “លេងរួចកូនៗទុកតុក្កតាក្នុងប្រអប់ លើកក្រោយងាយស្រួលរក”។
• កុំឧស្សាហ៍ប្រើពាក្យ “ទេ” : ឪពុកម្តាយខ្លះ ចូលចិត្តប្រើពាក្យ “ទេ” ឬ “កុំ” រាល់ពេលកូនៗចចេស។ ប៉ុន្តែក្មេងៗឆ្លាតឮពាក្យនេះកាន់តែច្រើន កាន់តែចចេសខ្លាំង។ ដូច្នេះហើយ បើយើងមិនចង់ឱ្យ កូនធ្វើអ្វីមួយ គួរព្យាយាមប្រើពាក្យផ្សេងក្រៅពី “ទេ” ឬ “កុំ”។ សំដីល្អៗគួរប្រើពេលចង់ឱ្យកូនៗស្តាប់។ ឧទាហរណ៍ “កុំលេងបាល់ក្នុងផ្ទះ!” គួរនិយាយថា “ម៉េចកូនៗមិនទៅលេងក្រៅផ្ទះវិញទៅ?”
៣. ពេលគួររកជំនួយ :
មិនស្តាប់បង្គាប់ជាផ្នែកនៃការលូតលាស់ក្មេង ឪពុកម្តាយគួររកជំនួយក្នុងកាលៈទេសៈកូនៗ៖
• ចចេសខ្លាំងជាងស្តាប់បង្គាប់
• ឆ្លើយតបសម្តីទាំងមួម៉ៅខ្លាំង
• មិនអើពើសំដីឪពុកម្តាយ
• បញ្ចេញសំឡេងចម្លែកៗដោយមិនដឹងខ្លួន
• មិនស្តាប់ ឬមិនលេងសូម្បីជាមួយមិត្តភក្តិ។
ចំណុចសំខាន់ :
បើកូនៗមិនស្តាប់យើង មិនមែនមានន័យមិនគោរពទេ គ្រាន់តែកូនៗចង់ដឹងមានអ្វីកើតឡើង បើគេមិនស្តាប់បង្គាប់។ នេះបញ្ជាក់ថា កូនៗកំពុងរៀនស្វែងរកឯករាជ្យសម្រាប់ខ្លួនឯង។ ម៉ាក់ប៉ា បើថ្ងៃមួយឃើញកូនៗធ្វើជាមិនឮ ឬមិនស្តាប់បង្គាប់ កុំស្តីបន្ទោសកូនៗខ្លាំងពេក និងយកល្អគួរធ្វើដូចខាងក្រោម៖
• ណែនាំងាយៗស្រួលយល់
• យល់ពីអារម្មណ៍កូន
• ផ្តល់សញ្ញា
• សរសើរ
• បង្រៀនដោយលើកហេតុផល
• កុំឧស្សាហ៍ប្រើពាក្យ “ទេ”៕