អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “វិធីសាស្រ្ត៤យ៉ាងសម្រាប់បង្រៀនកុមារអំពីការគ្រប់គ្រងពេលវេលា”
អត្ថបទដោយ : ញឹម ពិសិដ្ឋ
#MJQE#AmericanInterconSchool
តើអ្នកដឹងទេថា អ្នកអាចបង្រៀនកូនរបស់អ្នកឱ្យចេះគ្រប់គ្រងពេលវេលាក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយប្រើវិធីសាស្រ្តសាមញ្ញងាយៗ។ វិធីសាស្រ្តទាំងនោះ នឹងជួយឱ្យពួកគេចេះគ្រប់គ្រងពេលវេលាឱ្យបានប្រសើរជាងមុន។ វិធីសាស្រ្តសាមញ្ញទាំងនោះមានដូចខាងក្រោម៖
១. ត្រូវមានភាពទន់ភ្លន់នៅពេលអ្នកនិយាយជាមួយកូនរបស់អ្នក :
អ្នកត្រូវតែទន់ភ្លន់នៅពេលនិយាយជាមួយកូនៗរបស់លោកអ្នក។ ការរៀនអំពីការគ្រប់គ្រងពេលវេលា គឺជាការផ្លាស់ប្តូរដ៏លំបាកមួយដែលកុមារជួបប្រទះនៅក្នុងជីវិតដែលមិនសូវខ្វល់ខ្វាយរបស់ពួកគេ។ ពួកគេនឹងត្រូវចំណាយពេលច្រើនដើម្បីសម្របខ្លួនរបស់ពួកគេ។ សូមព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីមើលឃើញអ្វីៗតាមទស្សនៈរបស់កូនអ្នក និងធ្វើឱ្យខ្លួនអ្នកជាផ្នែកមួយនៃដំណើរការសិក្សាដែលពួកគេកំពុងតែអនុវត្តនោះ។ បែបនេះ វាផ្តល់ឱ្យកុមារនូវការគាំទ្រដែលពួកគេត្រូវការ ហើយអ្នកមិនគួរចាត់ទុកខ្លួនឯងជាអ្នកគ្រប់គ្រងនោះទេ ក្នុងការបង្រៀនពួកគេអោយចេះពីរបៀបគ្រប់គ្រងពេលវេលា។ អ្នកគួរគប្បីឱ្យពួកគេគ្រប់គ្រងពេលវេលារបស់ពួកគេដោយខ្លួនឯង។
២. រក្សាទំនាក់ទំនងជាប្រចាំ :
នៅពេលរៀនជំនាញថ្មី ឬសម្របខ្លួនទៅនឹងអ្វីថ្មីមួយ កុមារនឹងប្រឈមមុខនឹងឧបសគ្គមួយចំនួនដែលទាមទារជំនួយ និងការណែនាំពីអ្នក។ សូមលើកទឹកចិត្តកូនរបស់អ្នកឱ្យចេះសុំជំនួយដែលអនុញ្ញាតឱ្យពួកគេចេះពិភាក្សាជាមួយអ្នកអំពីបញ្ហាដែលពួកគេកំពុងជួបប្រទះ។ វាមានការលំបាកបន្តិចដើម្បីរក្សាការប្រាស្រ័យទាក់ទងនេះឱ្យបានជាប់លាប់ ពីព្រោះពួកគេត្រូវបែងចែកពេលវេលានៅសាលាផង និងត្រូវចំណាយពេលទៅលើកិច្ចការសាលាផង។ ត្រូវចងចាំថាកូនរបស់អ្នកមិនមែនជាបញ្ហាទេ ប៉ុន្តែកាលៈទេសៈថ្មីទើបជាបញ្ហាដល់ពួកគេ។ អ្នកត្រូវដោះស្រាយបញ្ហាតាមកាលៈទេសៈ និងសហការគ្នាក្នុងការស្វែងរកដំណោះស្រាយដែលអាចជួយកូនរបស់អ្នក។
៣. កំណត់ការប្រើប្រាស់គ្រឿងអេឡិចត្រូនិក :
ការលេងហ្គេមនៅលើឧបករណ៍ហ្គេម ឬអេក្រង់ទូរសព្ទដៃ គឺជាអ្វីដែលយើងឃើញក្មេងៗធ្វើញឹកញាប់បំផុតនាពេលបច្ចុប្បន្ននេះ។ ប្រសិនបើអ្នកចង់បង្រៀនកូនរបស់អ្នកអំពីការគ្រប់គ្រងពេលវេលា សូមកំណត់ម៉ោងប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់ពួកគេ។ អ្នកត្រូវកំណត់វិន័យជាក់លាក់មួយនៅផ្ទះទាក់ទងនឹងពេលវេលាកូនៗរបស់អ្នកលេងក្នុងរយៈពេលណាមួយជាក់លាក់ ឬលុះត្រាតែពួកគេបានធ្វើកិច្ចការផ្ទះចប់សព្វគ្រប់ហើយ។ មិនថាក្នុងករណីអ្វីក៏ដោយ អ្នកត្រូវដាក់កម្រិតលើការប្រើប្រាស់របស់ពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន យ៉ាងហោចណាស់ពីរបីម៉ោងមុនពេលចូលគេង។ ហើយអ្នកខ្លួនឯងក៏ត្រូវគោរពវិន័យនេះផងដែរ។
៤. បង្កើត និងប្រគល់ទំនួលខុសត្រូវដល់កុមារ :
គួរណែនាំកូនរបស់អ្នកបន្តិចម្ដងៗ ឱ្យចាប់ផ្តើមរៀបចំទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិន បើនៅពេលព្រឹក ពួកគេមិនបានរៀបចំសៀវភៅសិក្សានោះទេ ចូរអ្នកណែនាំកូនរបស់អ្នកឱ្យរៀនរៀបចំកាបូបសិក្សារបស់ពួកគេនៅពេលចប់អាហារពេលល្ងាច ឬមុនពេលចូលគេង។ ប្រសិនបើមានអ្វីត្រូវរៀបចំសម្រាប់ថ្ងៃបន្ទាប់ សូមណែនាំកូនរបស់អ្នកឱ្យជូនដំណឹងនោះភ្លាមៗនៅពេលដែលពួកគេត្រឡប់មកពីសាលារៀន។ បង្រៀនពួកគេឱ្យរក្សាបញ្ជីការងារ និងកាលវិភាគគ្រប់ប្រភេទដើម្បីបង្ហាញដល់អ្នក។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
https://parenting.firstcry.com/articles/how-to-teach-time-management-skills-tokids/