អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “សកម្មភាព៦យ៉ាង ដែលគួរពិចារណាពេលមានដំណើរកម្សាន្តក្នុងរដូវភ្លៀង”
អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ
សម្រាប់រដូវភ្លៀវធ្លាក់នេះ ក្នុងចំណោមតំបន់ទេសចរណ៍ដូចជាកន្លែងទឹកធ្លាក់ តំបន់ភ្នំ និងតំបន់សមុទ្រ មានហានិភ័យណាស់ បើសិនជាយើងមិនបានដឹងពីរឿងរ៉ាវគ្រោះថ្នាក់ចៃដន្យមួយចំនួនដែលអាចកើតមានឡើង ភ្លាមៗនៅតំបន់ទាំងនេះ។ ដូចនេះ មុននឹងសម្រេចចិត្តទៅកម្សាន្តនៅតំបន់ទឹក លោកអ្នកគួរដឹងនូវសកម្មភាពមួយចំនួនមុនពេលទៅលេងនៅទីនោះ។
១. ការលេងទឹកជ្រោះ :
រឿងចម្បងទីមួយ មុននឹងសម្រេចចិត្តមកលេងតំបន់ទឹកធ្លាក់ ត្រូវដឹងពីស្ថានភាពអាកាសធាតុ ព្រោះតំបន់ទឹកធ្លាក់មានហានិភ័យនៃគ្រោះថ្នាក់ខ្លាំង។ បើតាមបទពិសោធ អ្នកប្រកបរបរក្បែរតំបន់ទឹកធ្លាក់ កត់សម្គាល់ឃើញថា រាល់ពេលដែលមេឃចាប់ផ្តើមស្រទំ ទឹកមិនដឹងមកពីណា គឺមកជាគំហុកតែម្តង ពិសេសច្រើនកើតមានឡើងក្នុងអំឡុងរដូវភ្លៀងធ្លាក់តែម្តង។ ស្ថានភាពភ្លាមៗនេះ ជារឿងដែលមិនអាចស្មានដឹងមុនឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព គប្បីកុំលេងឆ្ងាយពីច្រាំងពេក។ ម្យ៉ាងវិញទៀត ដើម្បីសុវត្ថិភាពខ្ពស់ ពេលលេងទឹក ត្រូវលេងនៅម្តុំណាដែលផុតពីល្បាក់ចំណោតដែលទឹកហូរចុះ ព្រោះត្រង់ចំណុចនោះ ហូរខ្លាំង អាចឱ្យយើងបាត់ជំហរ ហូរទៅជាមួយទឹក។ កំណត់ចំណាំមួយ យើងអាចមើលដឹងពីកន្លែងដែលស្ថានភាពទឹកមិនគួរលេង កន្លែងណាដែលមានទឹកបែកពពុះសៗ ត្រង់នោះហើយជាកន្លែងដែលមានកម្លាំងទឹកខ្លាំង ហេតុនេះគួរលេងនៅកន្លែងណាដែលចរន្តទឹកមិនសូវខ្លាំង។ អ្វីដែលគួរប្រុងប្រយ័ត្នមួយទៀតនោះ គឺពេលដើរលើថ្ម ប្រយ័ត្នរអិល ព្រោះកន្លែងដែលមិនសូវមានទឹកហូរខ្លាំង ច្រើនមានស្លែកាន់។

ការលេងទឹកមិនមានជាបញ្ហាចោទទេ បើសិនអាកាសធាតុអំណោយផល និងរលកតូចៗ តែប្រសិនជាស្ថានភាពអាកាសធាតុមិនល្អ រលកបោកបក់ធំៗ ពុំគួរលេងឡើយ។ រដូវវស្សាជាពេលដែលឧស្សាហ៍មានភ្លៀង ខ្យល់ និងរលកខ្លាំង ដូច្នេះបើសិនជាចង់លេងទឹកកម្សាន្ត គប្បីមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអាវពោងសុវត្ថិភាព (បើអាច) ហើយកុំចូលទៅកន្លែងជ្រៅ ពិសេសនៅពេលដែលមានរលកបោកបក់ខ្លាំង ព្រោះថានៅពេលកម្លាំងទឹកបោកខ្លាំង នឹងធ្វើឱ្យយើងបាត់ជំហរបានដោយងាយ។ គួរកត់ចំណាំថា កម្លាំងរលកមិនបានច្រាន យើងទៅច្រាំងភ្លាមៗនោះទេ វាអាចទាញយើងឱ្យចូលទៅកន្លែងកាន់តែជ្រៅ ពិបាកសង្គ្រោះ។ លើសពីនេះ ដាច់ខាតកុំលេងទឹកក្រៅពោង សញ្ញាដែលអាជ្ញាធរដាក់ពង្រាយក្នុងទឹកក្បែរឆ្នេរឱ្យសោះ។
៣. ការដើរកម្សាន្តព្រៃ :
ការដើររុកព្រៃ បោះតែនតិ៍ លក្ខណៈដំណើរផ្សងព្រេង ជារឿងពេញនិយមខ្លាំងណាស់ សម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ប៉ុន្តែក្នុងអំឡុងខែដែលមានភ្លៀងធ្លាក់ ដំណើរកម្សាន្តទៅកាន់តំបន់ព្រៃ អាចកើតមានគ្រោះថ្នាក់ចៃដន្យមិននឹកស្មានដល់ពីកត្តាធម្មជាតិដូចជាការបាក់មែកឈើ ចំណោតផ្លូវរអិល ឬជំងឺគ្រុនចាញ់ជាដើម។ ជាទូទៅ អ្នកមានបទពិសោធមិនមានជាបញ្ហាចោទសម្រាប់ការកម្សាន្តប្រភេទនេះប៉ុន្មានទេ ប៉ុន្តែទោះជាយ៉ាងណាការធ្វើដំណើរកម្សាន្តក្នុងព្រៃ នារដូវភ្លៀងធ្លាក់នេះមានបញ្ហាប្រឈមច្រើន។
៤. ការជិះទូកក្តោង :
រឿងរ៉ាវដ៏សំខាន់ដែលត្រូវយកមកពិចារណានៅពេលជិះទូក គឺទិសដៅ និងកម្លាំងនៃខ្យល់។ ជាទូទៅខ្យល់ដែលល្អបំផុតសម្រាប់ការជិះទូកគឺក្តោង គឺខ្យល់ដែលបក់ក្នុងទិសដៅថេរ និងមានកម្លាំងគ្រប់គ្រាន់ដើម្បីរុញទូកដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកជិះ។
៥. ដំណើរកម្សាន្តនៅតំបន់កោះ :
ការទៅលេងនៅតំបន់កោះ ដោយមិនបានមើលពីការព្យាករណ៍អាកាសធាតុ ដោយប្រថុយស្មានៗ ជារឿងដែលគ្រោះថ្នាក់បំផុត ព្រោះថាការធ្វើដំណើរទៅកាន់តំបន់កោះក្នុងអំឡុងខែនេះ អាចមានបញ្ហាដែលមិនអាចទាយទុកកើតឡើង ពិសេសអំឡុងពេលមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង ធ្វើឱ្យរលកធំៗ។ ហេតុនេះ ទាមទារឱ្យមុននឹងធ្វើដំណើរទៅកាន់តំបន់កោះ ដាច់ខាតកុំមើលរំលងសេចក្តីជូនដំណឹង ព្រោះសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ដែលជួយយើងបានដឹងពីស្ថានភាពគ្រោះថ្នាក់បានមុនពេល និងជួយឱ្យសម្រេចចិត្តបានត្រឹមត្រូវ ពីពេលវេលាដែលអាចទៅលេងតំបន់កោះបាន ឬក៏អត់។
៦. មុជទឹកមើលជីវៈចម្រុះបាតសមុទ្រ និងជិះទូកនេសាទសត្វសមុទ្រ :
ការកម្សាន្តបែបនេះ មានការពេញនិយមណាស់ ប៉ុន្តែបើសិនជាស្ថិតក្នុងអំឡុងរដូវវស្សា គួរស្វែងយល់ពីស្ថានភាពអាកាសធាតុជាមុនសិន ព្រោះតំបន់សមុទ្រនៅរដូវកាលនេះ ងាយភ្លៀងធ្លាក់ណាស់៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖