អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “សម្លៀកបំពាក់មង្គលការតាមប្រពៃណីខ្មែរ”
អត្ថបទដកស្រង់ដោយ : គិត សុភ័ក្ត្រ
អាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីដ៏សំខាន់សម្រាប់បុរសស្រ្តីគ្រប់រូបដែលគោរពទៅតាមប្រពៃណី។ ការជ្រើសរើសដៃគូដែលខ្លួនពេញចិត្ត នឹងធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍កាន់តែមានសុភមង្គល ប៉ុន្តែការតុបតែងខ្លួន និងការជ្រើសរើសឈុតសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺជាកត្តាដ៏
ចាំបាច់ដែលគូភរិយាស្វាមីគួរតែពិចារ ណាឱ្យបានល្អិតល្អន់ដើម្បីទទួលបាននូវភាពថ្លៃថ្នូរ និងគោរពតាមប្រពៃណីខ្មែរតាំងពីបុរាណកាលមក។

ទោះបីសម័យកាលចេះតែផ្លាស់ប្តូរ អ្វីៗក៏មានការវិវត្តទៅតាមពេលវេលា ប៉ុនែ្តមនុស្សជាច្រើននៅទទួលស្គាល់ថា ការរៀបអាពាហ៍ពិពាហ៍ដែលល្អត្រឹមត្រូវមានការកោតសរសើរពីមហាជន គឺជាអាពាហ៍ពិពាហ៍គោរពទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ គូស្វាមី ភរិយា ត្រូវតែពិនិត្យមើលឱ្យបានយហ្មត់ចត់ ចំពោះសម្លៀកបំពាក់ដែលត្រូវប្រើប្រាស់នៅឱកាសសំខាន់ៗមួយចំនួនដូចជា ពិធីសូត្រមន្ត បំពាក់ចិញ្ចៀន សំពះផ្ទឹម កាត់សក់ និងពេលទទួលភ្ញៀវជាដើម។
• ពិធីសូត្រមន្ត : ជាពិធីមួយធ្វើតាមគន្លងព្រះពុទ្ធសាសនា កូនក្រមុំ កូនកំលោះ ត្រូវស្លៀកបំពាក់តាមប្រពៃណីខ្មែរ ដោយកូនក្រមុំគ្រងដោយអាវប៉ាក់ពណ៌ស សំពត់ហូលចងក្បិន និងពានាដោយក្រណាត់ហូលនៅលើស្មាខាងឆ្វេង ចំណែកឯកូនកំលោះវិញ ចងក្បិន និងពាក់អាវកត្រង់ដៃវែងធម្មតា។
• ពិធីសំពះទទួលផ្កាស្លា : សម្លៀកបំពាក់ទទួលផ្កាស្លា ដែលកូនក្រមុំត្រូវស្លៀកដើម្បីចេញទទួលយកផ្កាស្លា ខណៈដែលកូនកំលោះហែជំនូនមកដល់មុនរោងការនាពេលព្រឹកព្រលឹម។ ការអនុញ្ញតិឱ្យកូនស្រីចេញមកទទួលផ្កាស្លាពីកូនប្រុសនៅកណ្តាលវាលនេះ វាមិនមែនទម្លាប់ដែលខ្មែរធ្លាប់បានធ្វើពីយូរលង់នោះទេ ផ្ទុយទៅវិញវាជាគំនិតអ្នកថតរូបប៉ុណ្ណោះ ដើម្បីងាយស្រួល។ តាមប្រពៃណីខ្មែរ ដោយគេយល់ថាកូនស្រីមានតម្លៃ ព្រោះនាងជាកូនក្រមុំត្រូវសម្ងំក្នុងបន្ទប់ លុះត្រាតែជំនូនបានចូលដល់ក្នុងផ្ទះ ហើយមានការរៀបរាប់ផ្លែឈើទាំង៣៦មុខ ដែលឪពុកខាងស្រីពេញចិត្ត ទើបអនុញ្ញតិឱ្យកូនក្រមុំបង្ហាញខ្លួន។ ដូច្នេះសម្លៀកបំពាក់ទទួលផ្កាស្លានោះ គឺពុំមានក្នុងតម្រាប្រពៃណីខ្មែរទេ។
• ពិធីបំពាក់ចិញ្ចៀន : ការបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកពេលរៀបការនេះ គឺសម្តែងពីភាពស្មោះស្ម័គ្រនិងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។ នៅពេលពាក់ចិញ្ចៀនកូនក្រមុំត្រូវស្លៀកសំឡុយវែង ហើយគ្រងដោយអាវចាប់ម៉ូតបន្តិចបន្តួចដោយមិនប្រើស្បៃ។ ចំណែកកូនកំលោះត្រូវស្លៀកក្បិន។ ពណ៌សំលៀកបំពាក់ដែលគេនិយមប្រើប្រាស់នៅពេលពាក់ចិញ្ចៀន គឺពណ៌ស៊ីលាភ ដែលសំដៅទៅលើការទទួលលាភទទួលជ័យ ពិធីទាំងឡាយដែលត្រូវបានធ្វើឡើងក្នុងពិធីមង្គលការសុទ្ធតែជាអ្វីៗដែលសំខាន់។
• ពិធីសំពះផ្ទឹម : ក្នុងពិធីសែនព្រេនចងដៃ កូនកំលោះ កូនក្រមុំចាំបាច់ត្រូវស្លៀកពាក់ពណ៌មាសតែមួយគត់ ដែលតំណាងឱ្យភាពមានអំណាច និងបុណ្យស័ក្កិ ហើយនៅក្នុងជីវិតមានតែមួយគត់ ដែលពួកគេស្ថិតក្នុង សម្លៀកបំពាក់ជាស្តេច ដោយកូនប្រុសស្លៀកសំឡុយគ្រងអាវផាយពីលើអាវកត្រង់។ រីឯកូនស្រី ត្រូវស្លៀកសំឡុយត្រឹមខ្នងជើង និងពាក់ស្បៃពីលើ រួមទាំងម្កុដដែលមានរាងស្រដៀងគ្នាទៅនឹងនាគ៕