អត្ថបទព័ត៌មានស្តីពីសហគមន៍ និងតំបន់ទេសចរណ៍
ក្រោមប្រធានបទ “សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក”
អត្ថបទដកស្រង់ដោយ : អ៊ិន ដារ៉ា
បើយើងនិយាយពីខេត្តសៀមរាប យើងនឹងនឹកស្រម៉ៃមុនគេ គឺប្រាសាទបុរាណនានាជាច្រើន ប៉ុន្តែក្រៅពីមានប្រាសាទបុរាណជាច្រើននៅក្នុងទឹកដីនៃខេត្តមួយនេះ ក៏មានទីកន្លែងកម្សាន្តជាច្រើនតាមបែបធម្មជាតិ ដែលគួរជាទីរីករាយ និងទាក់ទាញអារម្មណ៍ផងដែរ គ្រាន់តែមិនសូវមានអ្នកស្គាល់តែប៉ុណ្ណោះ។

ដោយទីកន្លែងនេះ គឺជាភូមិធម្មជាតិមួយនៅលើទឹក ដែលអាចឱ្យអ្នកទេសចរជិះទូក ឬកាណូតទេសចរណ៍លើផ្ទៃទឹកទស្សនាទេសភាពលើផ្ទៃទន្លេសាប ដែលមានព្រៃលិចទឹក សាលារៀន វត្តអារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក។ បន្ថែមលើសពីនេះអ្វីដែលរឹតតែទាក់ទាញ គឺអ្នកអុំទូកនៅតំបន់នោះគឺជាស្ត្រី។ អ្នកអុំទូកជាស្ត្រីនេះ កំពុងទាក់ទាញអ្នកទេសចរ នៅក្នុងសហគមន៍កំពង់ភ្លុក។ ជាពិសេសជាងនេះទៅទៀត អ្នកអុំទូកជាស្ត្រី ក៏ជាមគ្គទ្ទេសក៏ទេសចរ ដែលរួមចំណែកសំខាន់ក្នុងសហគមន៍ទេសចរណ៍មួយនេះ។ នេះបើតាមការផ្សាយរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានបញ្ជាក់ដូច្នេះថា៖ «ក្រៅពីមានជំនាញអុំទូក ស្ត្រីទាំងអស់ ក៏ជាមគ្គទ្ទេសក៏ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវ អំពីទំនៀមទម្លាប់ប្រពៃណីក្នុងសហគមន៍ ស្ថានភាពធម្មជាតិ សក្តានុពលក្នុងសហគមន៍ដោយក្តីស្និតស្នាល និងរួសរាយរាក់ទាក់។ ចំណុចនេះ បានទាក់ទាញចិត្តអ្នកទេសចរឱ្យពេញចិត្ត និងរីករាយជាខ្លាំង»។
មួយវិញទៀត ប្រសិនបើយើងចំណាយពេលវេលារហូតដល់ពេលព្រះអាទិត្យអស្តង្គត យើងនឹងបានទស្សនានូវសម្រស់ធម្មជាតិនៃពន្លឺព្រះអាទិត្យដែលបញ្ចេញរស្មីពណ៌មាសជះលើពាសផ្ទៃទឹកទន្លេសាប ក្នុងសហគមន៍អេកូទេសចរកំពង់ភ្លុក ហាក់ជួយរំសាយទុក្ខកង្វល់ ភាពហត់នឿយរបស់ទេសចរឱ្យលិចបាត់តាមព្រះអាទិត្យដូច្នោះដែរ។ ពន្លឺភ្លឺជះពាសពេញផ្ទៃទឹកបឹងដ៏ល្វឹងល្វើយបានទាក់ទាញអារម្មណ៍អ្នកទេសចរឱ្យទស្សនា ហើយនាំគ្នាផ្ដិតរូបភាពជាកម្រងអនុស្សាវរីយ៍ដោយខានពុំបាន។ សំឡេងទឹកទន្លេជាតន្រ្តី និងសំឡេងសត្វយំឆ្លើយឆ្លងគ្នាឥតដាច់បានបង្កើតនូវបរិយាកាសរីករាយបន្ថែមទៀតដល់អ្នកទេសចរដែរ។
ដកស្រង់ចេញពី https://www.knongsrok.com/archives/17103