គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានទទួលបណ្ណសរសើរពីក្រសួងអប់រំ យុវជន និងកីឡាចំនួនពីរក្នុងឱកាសដែលសិស្សចំនួន១៦នាក់ ទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ នៅសម័យប្រឡងឆ្នាំសិក្សា២០១៦-២០១៧នេះ ដោយ៤នាក់មកពីសាខាទួលគោក និង១២នាក់មកពីសាខាម៉ៅសេទុង។ គួរជម្រាបជូនថា ការទទួលបណ្ណសរសើរពីក្រសួងអប់រំនាពេលនេះ គឺធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០១៧ ដែលស្ថិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ ខែតុលានេះ ក្រោមប្រធានបទ “គ្រូបង្រៀនជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ទាក់ទងនឹងការទទួលបានបណ្ណសរសើរនេះ លោកស្រី សាឯម កម្រង ប្រធានចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលក្រសួងអប់រំផ្តល់បណ្ណសរសើរដល់សាលារៀន អន្តរទ្វីប អាមេរិកាំង ទាក់ទងនឹងសិស្សប្រឡងជាប់និទ្ទេស A ឆ្នាំនេះ ដើម្បីលើកទឹកចិត្តដល់ គណៈគ្រប់គ្រង និងបុគ្គលិកអប់រំនៃសាលារៀនកូនកាត់មួយនេះ ដែលបានខិតខំបំពេញការងារដឹកនាំ គ្រប់គ្រងអង្គភាព បង្ហាត់បង្រៀនសិស្សានុសិស្សប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ ប្រធានចាងហ្វាងរូបនេះបន្តថា បណ្ណសរសើរដែលទទួលបានពីក្រសួងអប់រំនេះ គឺជាមោទនភាពមួយបញ្ជាក់ពីការរីកចម្រើននៃគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានសិស្សប្រឡងជាប់និទ្ទេស A កើនពីមួយឆ្នាំទៅមួយឆ្នាំជាឧទាហរណ៍ស្រាប់។ឆ្លៀតឱកាសនេះ លោកស្រី សាឯម កម្រង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ក្រសួងអប់រំមកលើសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានផ្តល់ជូនបណ្ណសរសើរ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសពង្រឹងគុណភាពវិស័យអប់រំដល់កូនខ្មែរគ្រប់រូបប្រកបដោយចំណេះដឹងពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនឡើង៕អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ