កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំសិក្ខាសាលាសី្តពី “វិធីសាស្ត្របង្រៀនភាសាខ្មែរ ដល់ចាងហ្វាង និងលោកគ្រូ អ្នកគ្រូថ្នាក់ទី១ ដល់ទី៦” នៅសាលប្រជុំ ផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ក្រោមការបង្ហាញដោយលោក យ៉ង់ កំស៊ាន អនុប្រធានការិយាល័យកម្មវិធីសិក្សាភាសាខ្មែរ នៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា។ សិក្ខាសាលានេះធ្វើឡើងក្នុងបំណងបណ្ដុះបណ្ដាលស្ដីពី វិធីសាស្ត្របង្រៀនភាសាខ្មែរ ជារឿងចាំបាច់បំផុត ដែលគ្រូបង្រៀនគួរតែទទួលយក ដើម្បីបំពេញបន្ថែមនូវចន្លោះខ្វះខាតរបស់ខ្លួន។លោក កំស៊ានបានលើកឡើងថា សព្វថ្ងៃនេះ ថ្វីត្បិតគ្រូបង្រៀននៅតាមបណ្ដាសាលារដ្ឋ និងសាលាឯកជន ខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀនយ៉ាងណាក៏ដោយ តែហាក់នៅមានបញ្ហាលំបាកមួយចំនួនផងដែរ។ បញ្ហាលំបាកនោះ ក៏ព្រោះថាសិស្សថ្នាក់តូចៗមួយចំនួននៅខ្សោយផ្នែកអំណានជាដើម។ មានន័យថា ពួកគេស្ទើរតែគ្មានម្ចាស់ការលើការអានខ្លួនឯង រហូតសិស្សមួយចំនួនពុំចាំព្យញ្ជនៈ និងស្រៈបានច្បាស់ទេ។ អនុប្រធានការិយាល័យកម្មវិធីសិក្សារូបនោះសង្កត់ធ្ងន់ថា ដើម្បីជាមូលដ្ឋានគ្រឹះបង្រៀនសិស្សថ្នាក់ទី១ ឱ្យមានប្រសិទ្ធភាពនោះ ជាដំបូងគ្រូត្រូវអនុវត្តវិធីសាស្រ្ត១៣ ចំណុចជាចម្បងទៀតផង។លោក យ៉ង់ កំស៊ាន បញ្ជាក់បន្ថែមថា ក្នុងចំណោមវិធីសាស្រ្តទាំង១៣ នោះរួមមានគ្រូត្រូវប្រើក្ដារខៀន ដែលមានក្រឡាទម្រង់៣/៤ ហើយសិស្សត្រូវប្រើកា្ដរឆ្នួនដែលមានក្រឡាទម្រង់៣/៤។ ក្រៅពីនេះទៀត សិស្សត្រូវប្រើសៀវភៅសរសេរ ដែលមានក្រឡាទម្រង់៣/៤ ហើយគ្រូត្រូវណែនាំពីរបៀបប្រើក្តារឆ្នួនដល់សិស្ស ព្រមទាំងណែនាំសិស្សពីរបៀបប្រើសៀវភៅសរសេរ ហើយពិនិត្យសៀវភៅសិស្សជាប្រចាំ និងដាក់ពិន្ទុ។ លើសពីនេះ ត្រូវបិទសំណេរមួយចំនួននៅក្នុងបន្ទប់សិក្សា ថែមទាំងបិទជាអក្សរ ដែលធ្វើឱ្យសិស្សងាយអាន ឬអក្សរដូចជាសៀវភៅពុម្ព ឬក៏ការណែនាំពីវិន័យរបស់សាលាជាដើម។ បន្ទាប់ពីបណ្ដុះបណ្ដាលស្ដីពី វិធីសាស្ត្របង្រៀនភាសាខ្មែរ បានបញ្ចប់ដោយជោគជ័យនោះ លោកគ្រូ អ្នកគ្រូពាក់ព័ន្ធនឹងការបង្រៀន កាន់តែច្បាស់នូវគន្លឹះ និងវិធីសាស្ត្រក្នុងការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព ព្រមទាំងប្រើវិធីសាស្ត្រទាំងនោះ ដើម្បីបូកបញ្ចូលនឹងចំណេះដឹងដែលខ្លួនមានឱ្យរឹងរឹតតែប្រសើរទ្វេឡើង៕ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ