កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកសិក្ខាសាលាស្តីពី “សុខភាពទាំងប្រាំ និងសហគ្រិនវ័យក្មេង” ដើម្បីចែករំលែកចំណេះដឹងដល់សិស្សខ្លួនដោយសហការជាមួយ Quality Plus Aesthetic International Co., Ltd ដល់សិស្សានុសិស្សថ្នាក់ទី៩ រហូតដល់ថ្នាក់ទី១២ សាលប្រជុំ ផល គួច សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ដើម្បីចែករំលែកចំណេះដឹងពីការថែទាំសុខភាព ដើម្បីឈោងចាប់សុភមង្គលឱ្យខ្លួនឯង និងជោគជ័យនៃអាជីវកម្មនៅក្នុងអាជីពអ្នកធ្វើជំនួញ។
ជាលទ្ធផលអង្គសិក្ខាសាលានេះបញ្ចប់ទៅ សិស្សានុសិស្សនឹងទទួលបានចំណេះដឹងល្អៗជាច្រើនដូចជាមានគំនិតទូលំទូលាយ មានទំនុកចិត្តខ្ពស់ បង្កើនភាពក្លាហាន ហើយដឹងពីបញ្ហាថែរក្សាសុខភាព ព្រមទាំងចេះកំណត់គោលដៅទៅថ្ងៃខាងមុខបានយ៉ាងប្រសើរ និងត្រៀមខ្លួនរួចជាស្រេចក្នុងការឆក់យកឱកាសជោគជ័យ។ ក្រៅពីនេះ គឺមានវិធីសាស្ត្រល្អៗ ដើម្បីរកសុភមង្គលឱ្យខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិទៀតផង។ ពិសេសជាងនេះទៀតនោះ គឺបានបង្កើនចំណេះដឹងដែលសិស្សមានស្រាប់ ដើម្បីឱ្យពួកគេចេះប្រើវិធីសាស្ត្រ និងចេះកំណត់គោលដៅខ្លួនទៅថ្ងៃអនាគតបានយ៉ាងត្រឹមត្រូវ។
មិនតែប៉ុណ្ណោះក៏ជាចំណេះដឹងមួយដែលផ្សារភ្ជាប់ទៅនឹងមេរៀននៃកម្មវិធីសិក្សា និងជីវិតប្រចាំថ្ងៃផងដែរ។ថ្លែងនៅក្នុងអង្គសិក្ខាសាលានោះ លោក សាវ៉ន បុយុត្ត អគ្គនាយកក្រុមហ៊ុន Quality Plus Aesthetic International Co., Ltd បានថ្លែងទៅកាន់សិស្សានុសិស្សថា សុខភាព គឺជាវត្ថុដ៏មានតម្លៃគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ព្រោះបុគ្គលម្នាក់ៗជោគជ័យអាជីវកម្ម ឬមានសុភមង្គលទៅបានអាស្រ័យទៅលើសុខភាពជាកត្តាចម្បង។
វាគ្មិនវ័យក្មេងរូបនេះបង្ហើបបន្ថែមថា សុខភាពទាំងប្រាំនោះរួមមាន ទី១ សុខភាពផ្លូវកាយ គឺមានសារៈសំខាន់ ដូច្នេះត្រូវថែរក្សាវាឱ្យល្អ ត្រូវញ៉ាំអាហារឱ្យបានទៀងទាត់ និងត្រឹមត្រូវ ពិសេសនោះត្រូវឧស្សាហ៍ហាត់ប្រាណ។ រីឯទី២នោះ គឺសុខភាពផ្លូវចំណងទាក់ទង បើមានសុខភាពផ្លូវកាយហើយ ត្រូវចេះស្វែងរកសុខភាពផ្លូវចំណងទាក់ទង។ មានន័យថា យកញាតិធ្វើរបង កុំយករបងធ្វើញាតិ។ បើយើងមានទំនាក់ទំនងល្អជាមួយអ្នកជិតខាងនៅពេលយើងមិននៅផ្ទះ នោះអ្នកជិតខាងនឹងជួយមើលផ្ទះ និងការពារទ្រព្យសម្បត្តិឱ្យយើងថែមទៀត។ ប៉ុន្តែបើយករបងធ្វើញាតិ ទោះមានរបងជាប់ ឬដាក់កាមេរ៉ាសុវត្ថិភាពយ៉ាងណា នៅតែគេលបលួចទ្រព្យសម្បត្តិទាំងនោះអស់ជាមិនខាន។
ចំណុចទី៣នោះ គឺសុខភាពផ្លូវហិរញ្ញវត្ថុ បុគ្គលជោគជ័យ មិនមែនទិញអ្វីតាមតែចិត្តចង់បាននោះឡើយ ប៉ុន្តែគេត្រូវចម្រាញ់ថា អ្វីដែលសំខាន់ ហើយចាំបាច់ដែលខ្វះពុំបាន។ ចំពោះសុខភាពទី៤ នោះគឺសុខភាពផ្លូវចិត្ត ត្រូវរីករាយអ្វីដែលខ្លួនមាន នោះនឹងបង្រៀនចិត្តយើងឱ្យស្ងប់ល្អ។ ចំណែកឯសុខភាពចុងក្រោយនោះ គឺសុខភាពផ្លូវបញ្ញា ក្នុងនាមជាសិស្សានុសិស្សត្រូវខំរៀនសូត្រ ហ្វឹកហ្វឺនសមត្ថភាពខួរក្បាល និងបង្កើនការក្រេបជញ្ជក់ចំណេះដឹងផ្សេងៗឱ្យបានច្រើន ដើម្បីសន្សំចំណេះដឹងខ្លួនឯងឱ្យមានសន្ធឹកសន្ធាប់ ហើយពិតប្រាកដ នោះជីវិតនឹងមានសុភមង្គល និងពោរពេញដោយភាពជោគជ័យនៅក្នុងសង្គម។ សិក្ខាសាលាសី្តពី សុខភាពទំាង៥ និងភាពសហគ្រិនវ័យក្មេង ដោយលោក សាវ៉ន បុយុត្ត អគ្គនាយកក្រុមហ៊ុន Quality Plus Aesthetic International Co., Ltd