កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយតំណាងមន្ទីរពេទ្យ បារាំង-វៀតណាម (FV) ប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាស្តីពីជំងឺថ្លើមប្រភេទ A B C និងជំងឺទឹកនោមផ្អែម ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកប្រមាណជាង២០០នាក់ នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដែលអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ លោកវេជ្ជបណ្ឌិត វើក រ៉ាស៊ីម ជំនាញវេជ្ជសាស្រ្តទូទៅ និងឯកទេសរោគថ្លើម និងទឹកនោមផ្អែមប្រចាំមន្ទីរទេព្យ បារាំង-វៀតណាម (FV)។
ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលា ចាងហ្វាង រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា ដោយមើលឃើញពីកំណើននៃផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ជាពិសេសជំងឺថ្លើមប្រភេទ A B C និងជំងឺទឹកនោមផ្អែម ដែលកំពុងយាយីសុខភាពប្រជាពលរដ្ឋសព្វថ្ងៃ និងមានការព្រួយបារម្ភពីសុខភាពរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅ ទើបគណៈកម្មការសាលារៀនរៀបចំឱ្យមានសិក្ខាសាលានេះឡើងដើម្បីបញ្ជ្រាបចំណេះដឹងទាក់ទងនឹងការថែទាំងសុខភាព យលដឹងពីរោគសញ្ញា វិធីបង្ការការពារជំងឺថ្លើមប្រភេទ A B C និងជំងឺទឹកនោមផ្អែម ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅបានពិគ្រោះយោបល់លម្អិតទាក់ទងនឹងសុខភាពជាមួយនឹងវេជ្ជបណ្ឌិតជំនាញៗ និង ស្វែងរកសេវាព្យាបាលជាមួយមន្ទីរពេទ្យជំនាញឯកទេសព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត វើក រ៉ាស៊ីម ជំនាញវេជ្ជសាស្រ្តទូទៅ និងឯកទេសជំងឺរលាកថ្លើម និងជំងឺទឹកនោមផ្អែមប្រចាំមន្ទីរទេព្យ បារាំង-វៀតណាម (FV) បានធ្វើបទបង្ហាញអំពីរោគសញ្ញា ផលវិបាក និងវិធីបង្ការការពារជំងឺរលាកថ្លើមប្រភេទ A B C និងជំងឺទឹកនោមផ្អែម ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានសិក្សាស្វែងយល់។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ជំងឺរលាកថ្លើមប្រភេទ A មិនមែនជាជំងឺតំណពូជទេ តែជាកំពុលជំងឺឆ្លងផុតលេខ ដែលយើងគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាឆ្លងមិនរើសមុខ និងឆ្លងឆាប់រហ័សតាមរយៈចំណីអាហារ សម្ភារៈប្រើប្រាស់ ទឹកកង្វក់…។ ក៏ប៉ុន្តែវាមិនមែនជំងឺពិបាកព្យាបាលដូចជាជំងឺរលាកថ្លើមប្រភេទ B និង C នោះឡើយ។ លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺរលាកថ្លើមប្រភេទ B និង C ជាប្រភេទជំងឺឆ្លង ដែលបង្កឡើងដោយវីរុសយ៉ាងស្ងាត់ស្ងៀម ហើយវាអាចបង្ករោគឱ្យក្លាយទៅជាជំងឺធ្ងន់ធ្ងរ និងរ៉ាំរៃ អូសបន្លាយរហូតក្លាយជាជំងឺក្រិនឬមហារីកថ្លើមបាន បើមិនទទួលបានការព្យាបាលទាន់ពេលវេលានោះ។ ជំងឺរលាកថ្លើមប្រភេទ B និង C ឆ្លងតាមរយៈការបញ្ចូលឈាម ការចាក់ ឬប្រើម្ជុល សម្ភារៈពេទ្យមិនស្អាត ហើយចំពោះរលាកថ្លើមប្រភេទ B នេះដែរ អាចឆ្លងពីម្តាយទៅកូននៅពេលសម្រាលបុត្រផង ពីសមាជិកគ្រួសារណាម្នាក់ទៅកូន ឬតាមរយៈការរួមភេទ។ ចំណែកជំងឺទឹកនោមផ្អែមវិញ ក៏មានហានិភ័យខ្ពស់មិនចាញ់ជំងឺរលាកថ្លើមប្រភេទ B និង C ដែរ។ ពីព្រោះជាជំងឺដែលពិបាកព្យាបាល ហើយបង្កបញ្ហាដល់តម្រង់នោម ធ្វើឱ្យខ្សោយក្រលៀន ងងឹតភ្នែក ធ្វើឱ្យបេះដូងប្រព័ន្ទប្រសាទ និងសម្ពាធឈាមចុះខ្សោយ ឬអាចដាច់សរសៃឈាមក្នុងខួរក្បាលក្នុងដំណាក់កាលធ្ងន់ធ្ងរណាមួយនោះ។ ដោយសារជំងឺនេះត្រូវការពេលវេលា និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការព្យាបាលផងនោះ លោកវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីប្រយុទ្ធប្រឆាំង បង្ការកុំឱ្យកើតជំងឺនេះរ៉ាំរ៉ៃ គឺត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យល្អប្រសើរ ក្នុងនោះមានដូចជា ការហូបចុកត្រូវមានតុល្យភាពអាហារ និងព្យាយាមហាត់ប្រាណឱ្យបានយ៉ាងតិចរយៈពេល៣០នាទី ក្នុង១ថ្ងៃ។ ទាំងអស់នេះសុទ្ធសឹងជាមធ្យោបាយសាមញ្ញៗជួយបញ្ចៀសជំងឺរ៉ាំរ៉ៃមួយនេះ។ បើយើងមានការប្រុងប្រយ័ត្ននិងចេះការពារជាមុន កម្រនឹងកើតជំងឺនេះណាស់ ហើយយើងគួរគប្បីចាក់វ៉ាក់សាំងការពារ ដើម្បីបង្ការការពារជាចាំបាច់។ ចំពោះអ្នកដែលកើតជំងឺនេះគួរតែឧស្សាហ៍ព្យាយាមទៅពិគ្រោះជាមួយនឹងពេទ្យជំនាញ និងចៀសវាងរងសម្ពាធផ្លូវចិត្ត កុំឱ្យមានកំហឹង កើតទុក្ខ ធ្លាក់ទឹកចិត្ត ឬតានតឹងក្នុងអារម្មណ៍ ពិសេសសម្រាកឱ្យបានគ្រប់គ្រាន់។ នៅចុងបញ្ចប់លោកវេជ្ជបណ្ឌិតបានណែនាំពីមន្ទីរពេទ្យ បារាំង-វៀតណាម (FV) ដែលជាមន្ទីរពេទ្យស្តង់ដាអន្តរជាតិលំដាប់ខ្ពស់ជាងគេនៅក្នុងប្រទេស វៀតណាម ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានស្គាល់តាមរយៈការបង្ហាញស្លាយ។
ចុងបញ្ចប់នៃសិក្ខាសាលា ក៏មានការធ្វើសម្រង់មតិវាយតម្លៃអំពីការធ្វើបទបង្ហាញរបស់វាគ្មិន ប្រធានបទនៃសិក្ខាសាលា ឯកសារសម្រាប់សិក្ខាកាម និងការធ្វើការបកសា្រយរបស់វាគ្មិនដែលអញ្ជើញមកពីមន្ទីរពេទ្យ បារាំង-វៀតណាម (FV) ពីសំណាក់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទូទៅនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការសួរសំណួរទៅកាន់វាគ្មិនយ៉ាងច្រើនផុសផុលផងដែរ។